បើតាមរបាយការណ៍ពី អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF នោះបានព្យាករណ៍ថា សេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ អាចនឹងធ្លាក់ចុះ ៣% នៅក្នុងឆ្នាំ ២០២០នេះ លើកលែងតែប្រទេសចិនមានទំនុកចិត្ត ក្នុងការរក្សាកំណើន ១% សម្រាប់ឆ្នាំនេះ។
យ៉ាងណាក៏ដោយ ការព្យាករនេះ គឺបង្ហាញថា សេដ្ឋកិច្ចចិនល្អប្រសើរជាងសេដ្ឋកិច្ចរបស់ បណ្តាប្រទេសជឿនលឿន ដូចជាសេដ្ឋកិច្ចអាមេរិកអាចនឹងធ្លាក់ចុះ ៨% ហើយសេដ្ឋកិច្ចតំបន់ប៉ែកអឺរ៉ុបនឹងធ្លាក់ចុះ ១០% ក្នុងឆ្នាំ ២០២០នេះដែរ។
កំណើនលូតលាស់របស់សេដ្ឋកិច្ចចិន ក៏ជាកត្តាជំរុញសេដ្ឋកិច្ចនៅតាម បណ្តាទីផ្សារដែលកំពុងរីកចម្រើន និងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងប្រទេសចិន។
លើសពីនេះ ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ចិន អាចនឹងធូរស្រាលជាងការព្យាករ បើសិនជា សកម្មភាពសេដ្ឋកិច្ច ដែលបើកដំណើរការឡើងវិញ អាចត្រលប់មករកភាពប្រក្រតីបានឆាប់រហ័ស ជាឧទាហរណ៍ជាក់ស្តែង វិស័យសេវាកម្មនៅក្នុងប្រទេសចិន បានងើបឡើងមកវិញយ៉ាងល្អប្រសើរ កាលពីខែឧសភា កន្លងទៅលើសពីការរំពឹងទុក។
វិស័យឧស្សាហកម្មរបស់ចិន បានបង្ហាញពីសញ្ញាវិជ្ជមានក្នុងខែឧសភា ទោះបីជាការលក់រាយ និងការវិនិយោគ នៅទន់ខ្សោយបន្តិចក៏ដោយ។
ទោះយ៉ាងណាក៏ដោយ IMF បានគូសបញ្ជាក់រួចហើយថា ការព្យាករណ៍នេះ នៅមានភាពស្រពិចស្រពិលច្រើនណាស់ អាចនឹងធ្លាក់ចុះ ឬកើនឡើង អាស្រ័យទៅនឹងស្ថានភាពជាក់ស្តែងនៃការរីករាលដាលរលកទី ២ នៃមេរោគកូវីដ-១៩ បើសិនជា សេដ្ឋកិច្ចសកលមានកំណើន លុះត្រាតែមានវ៉ាក់សាំង និងគោលនយោបាយថ្មីបន្ថែមទៀត ដើម្បីជួយគាំទ្រដល់ សកម្មភាពសេដ្ឋកិច្ច ឲ្យបន្តបើកដំណើរការឡើងវិញបានឆាប់រហ័ស។
គួរជម្រាបដែរថា IMF បានទម្លាក់ព្យាករណ៍សេដ្ឋកិច្ចសកលថា នឹងធ្លាក់ចុះប្រមាណ ៤,៩% នៅក្នុងឆ្នាំ ២០២០នេះ ហើយសម្រាប់ឆ្នាំ ២០២១ សេដ្ឋកិច្ចសកល រំពឹងថា នឹងកំណើនមកវិញប្រមាណ ៥,៤%៕