បើតាមស្ថានទូតចិនប្រចាំកម្ពុជា បានអះអាងនៅបណ្ដាញហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃទី ១៨ មីនា នេះថា ក្រុមស្រាវជ្រាវវិទ្យាសាស្ត្រដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្ត្រយោធា នៃវិទ្យាស្ថានវិទ្យាសាស្ត្រយោធា ប្រទេសចិន បានស្រាវជ្រាវរកឃើញវ៉ាក់សាំងនៃជំងឺ COVID-19យ៉ាងជោគជ័យ។
ស្ថានទូតចិនប្រចាំកម្ពុជា បានអះអាងទៀតថា «វ៉ាក់សាំងប្រភេទនេះ ទទួលបានការអនុញ្ញាតក្នុងដំណើរការពិសោធន៍ព្យាបាលជំងឺ។ តាមស្តង់កំណត់នៃអន្តរជាតិ និងតាមបទបញ្ញត្តិក្នុងប្រទេសចិន វ៉ាក់សាំងនេះ ត្រូវបានចាត់ជាកិច្ចការរៀបចំបឋម ដែលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព គុណភាពដែលអាចគ្រប់គ្រងបាន និង ការផលិតក្នុងទ្រង់ទ្រាយធំ។
បើតាមស្ថានទូតចិននៅកម្ពុជា ប្រទេសចិន ក៏មានបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាសវេជ្ជសាស្ត្រ និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ ព្រមទាំងផ្តល់ជាកម្លាំងជំរុញគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជម្ងឺវីរុសដល់កម្ពុជាផងដែរ។ ក្នុងនោះ ចំពោះសារធាតុDetection Reagent ដែលចិនផ្តល់អោយនោះវិញ គឺដើម្បីដោះស្រាយបញ្ហាជម្ងឺវីរុសCOVID-19នេះ ដោយសម្រាប់មនុស្ស២០០០នាក់ ហើយតាមផែនការវាបានដឹកជញ្ជូនពីចិន មកដល់រាជធានីភ្នំពេញតាមជើងហោះហើរកម្ពុជានៅយប់ថ្ងៃទី ១៧ មីនា។
សូមបញ្ជាក់ថា គិតមកទល់ព្រឹកថ្ងៃទី ១៨ បើតាមមន្ត្រីនាំពាក្យក្រសួងសុខាភិបាល លោក ជំទាវ ឱ វណ្ណឌីន បានឲ្យដឹងថា ចំនួនករណីមេរោគ Covid-19 ដែលបានរកឃើញនៅកម្ពុជា បានកើនឡើងដល់ ៣៥ ករណីហើយ ពោលគឺ មានពីរករណីថ្មីទៀត ត្រូវបានប្រកាសរកឃើញនៅព្រឹកនេះ៕