យោងតាមសារព័ត៌មាន South China Morning Post បានឲ្យដឹងថា សារនៃការធានាបរិយាកាសអាជីវកម្មថ្មីនេះ គឺត្រូវបានប្រកាសដោយលោក Qin Gang រដ្ឋមន្រ្តីក្រសួងការបរទេសថ្មីរបស់ចិន ជាមួយនឹងការអំពាវនាវឱ្យក្រុងវ៉ាស៊ីនតោនបញ្ឈប់ការព្យាយាមនៅក្នុងការ "គ្រប់គ្រង" ប្រទេសចិន ក៏ដូចជាបញ្ឈប់ការព្យាយាមទប់ស្កាត់ប្រទេសចិន និងធ្វើការជាមួយប្រទេសចិន ដើម្បីធានាថា ប្រទេសទាំងពីរនឹងបន្តដំណើររួមគ្នានៅក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក ។
លោក Qin Gang បានប្រាប់មេដឹកនាំធុរកិច្ចអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចនៅចិនកាលពីថ្ងៃសៅរ៍ថា ប្រទេសចិននៅតែប្តេជ្ញាចិត្តជំរុញ និងបន្តទំនាក់ទំនងជាមួយនឹងអាមេរិកនៅក្នុងស្ថានភាពមួយដែលអាចនិយាយបានថា ជាទំនាក់ទំនងមានស្ថានភាពល្អ ស្ថិរភាព និងស្ថាបនា ។
លោក បានធានាថា ប្រទេសចិននឹងបន្តកសាងបរិយាកាសអាជីវកម្មឱ្យកាន់តែប្រសើរឡើងសម្រាប់ក្រុមហ៊ុនបរទេសមកពីគ្រប់ប្រទេស រួមទាំងសហរដ្ឋអាមេរិក និងស្វាគមន៍ការពង្រីកការវិនិយោគនៅក្នុងប្រទេសចិន។
គូររំលឹកថាជំនួបនេះបានធ្វើឡើងនៅពេលដែលប្រទេសចិនកំពុងខិតខំធ្វើការដើម្បីទាក់ទាញការវិនិយោគពីបរទេសក្នុងពេលដែលកំណើនសេដ្ឋកិច្ចធ្លាក់ចុះ បំណុលរដ្ឋាភិបាលក្នុងស្រុកកើនឡើង ចំនួនប្រជាជនធ្លាក់ចុះ ភាពអត់ការងារធ្វើរបស់យុវជនមានទំនោរកើន និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក និងការប្រកូតប្រជែងភូមិសាស្ត្រនយោបាយជាដើម។
ចំពោះទំនាក់ទំនងទ្វេរភាគីរវាងចិន និង សហរដ្ឋអាមេរិក លោក Qin Gang បានអះអាងថា ចិននៅតែរក្សាទំនាក់ទំនងទ្វេភាគីចិននិងអាមេរិកដដែល ដោយមិនផ្លាស់ប្តូរ ពោលគឺនៅតែ ប្រកាន់ជំហរស្វះស្វែងរកការគោរពគ្នាទៅវិញទៅមក ដោយសន្តិសហវិជ្ជមាន និង កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ រវាងប្រជាជាតិទាំងពីរ ។
ជុំវិញស្ថានភាពនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនអាមេរិកមួយចំនួន ដែលស្ថិតនៅក្នុងទីក្រុងប៉េកាំង ដើម្បីចូលរួមវេទិកាអភិវឌ្ឍន៍ប្រទេសចិន ដែលជាសន្និសីទរៀបចំដោយរដ្ឋាភិបាលចិនប្រចាំឆ្នាំ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរគោលនយោបាយជាមួយសហគមន៍ធុរកិច្ចបរទេស ក៏បង្ហាញនូវការគាំទ្រប្រទេសចិន នៅក្នុងនាមជាទីផ្សារ និងជា មូលដ្ឋានផលិតកម្មពិភពលោក ចំពេលមានសង្រ្គាមបច្ចេកវិទ្យាដ៏ខ្លាំងក្លារវាងមហាអំណាចទាំងពីរ គឺអាមេរិក និងចិនយ៉ាងណាក្ដី៕