លោក លាន វៃលាំង ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ទីភ្នាក់ងាររៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន បានគូសបញ្ជាក់ថា ប្រទេសចិន នៅតែបន្តបង្ហាញពីទំនុកចិត្ត ក្នុងការជំរុញទីផ្សារប្រើប្រាស់ទំនិញរបស់ខ្លួនឲ្យវ៉ាដាច់ទីផ្សារអាមេរិក នាពេលឆាប់ៗខាងមុខ។
កាលពីពេលមុន អាជ្ញាធរចិនពុំដែលធ្វើការប្រៀបធៀបយ៉ាងដូច្នេះនោះឡើយ ដោយសារតែក្តីព្រួយបារម្ភខ្លាចមានជម្លោះសងសឹក រវាងប្រទេសទាំងពីរ តែយ៉ាងណា នៅពេលនេះ ចិន បានកំណត់ទស្សនវិស័យនេះ ជាផ្នែកមួយនៃយុទ្ធសាស្រ្តពង្រឹងទីផ្សារក្នុងស្រុក ដែលនឹងដាក់ឲ្យអនុវត្តនៅក្នុង ផែនការអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០២១-២០២៥ និងទស្សនវិស័យសម្រាប់ឆ្នាំ ២០៣៥។
លោក លាន វៃលាំង បញ្ជាក់ថា វាជាលើកទី ១ហើយ សម្រាប់ប្រទេសចិន ដែលវិស័យលក់ដុំ និងរាយនេះ សម្រេចបានលើស ៦ទ្រីលានដុល្លារអាមេរិកដែលមានកំណើនដល់ទៅ ៤២% ធៀបនឹងឆ្នាំ ២០១៥ ហើយប្រទេសចិន ត្រូវតែបន្តទាញអត្ថប្រយោជន៍ពី ទីផ្សារខ្នាតយក្សរបស់ខ្លួន និងសាងសង់ប្រព័ន្ធទីផ្សារដែលមានគុណភាពខ្ពស់ ក្នុងរយៈពេល ៥ឆ្នាំ។
អាជ្ញាធរចិន នៅតែបង្ហាញក្តីសង្ឃឹមទៅលើ សមត្ថភាពទីផ្សារក្នុងស្រុក ថាអាចនឹងបន្តទាក់ទាញវិនិយោគិនពីបរទេស ហើយសង្ឃឹមនឹងអាចរកឃើញ កត្តាជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀតពី ទីផ្សារក្នុងស្រុក និងបច្ចេកវិទ្យាដែលរីកលូតលាស់ឡើងក្នុងប្រទេសចិន។
គួររម្លឹកដែរថា កាលពីពេលថ្មីៗនេះ ប្រទេសចិន បានបង្ហាញនូវមហិច្ឆតា ប្រែក្លាយខ្លួនទៅជា មហាអំណាចសេដ្ឋកិច្ចលេខ១ នៅលើសកលលោក ត្រឹមឆ្នាំ ២០៣៥ខាងមុខ ហើយនឹងវ៉ាដាច់ សហរដ្ឋអាមេរិក ជាមួយនឹងកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ខ្លួន ដែលប្រកាសឡើងដោយ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងទស្សនវិស័យ និងគោលដៅ ឆ្នាំ ២០៣៥ សម្រាប់ប្រទេសចិន៕