បញ្ជូនយន្តហោះចម្បាំងរាប់សិបគ្រឿងឲ្យហោះចូលតំបន់ការពារដែនអាកាសរបស់តៃវ៉ាន់នេះធ្វើឡើង នៅស្របពេលសហរដ្ឋអាមេរិក កំពុងបង្កើនសកម្មភាពយោធា ជាមួយនឹងការចល័តនាវាចម្បាំងរបស់ខ្លួន នៅក្នុងតំបន់ផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
នេះមិនមែនជាលើកដំបូងនោះទេ កោះតៃវ៉ាន់ក្នុងពេលជាងមួយឆ្នាំមកនេះ តែងរាយការណ៍ពីសកម្មភាពរបស់យន្តហោះចម្បាំងចិន រំលោភមកលើដែនអាកាសរបស់ខ្លួន ដែលភាគច្រើនកើតឡើងជាញឹកញាប់នៅភាគនិរតីនៃដែនអាកាស។
កោះតៃវ៉ាន់តែងហៅសកម្មភាពយោធាដដែលៗរបស់ចិន ជាការរៀបចំឡើងដើម្បីចង់បំបាក់កម្លាំងរបស់តៃវ៉ាន់ បង្កភាពតានតឹងម្តងហើយម្តងទៀត ហើយក៏ដើម្បីសាកល្បងការឆ្លើយតបរបស់តៃវ៉ាន់ផងដែរ។
បើយោងតាមបើតាមអាជ្ញាធរកោះតៃវ៉ាន់ សកម្មភាពរបស់យោធាចិនលើកនេះ រួមបញ្ចូលវត្តមានយន្តហោះចម្បាំងប្រដេញចំនួន ៣៤គ្រឿង យន្តហោះចម្បាំងអេឡិចត្រូនិក ៤គ្រឿង និង យន្តហោះទម្លាក់គ្រាប់បែក១គ្រឿងផងដែរ។ បើតាមផែនទីដែលក្រសួងការពារជាតិតៃវ៉ាន់បង្ហាញលើគណនី Twitter របស់ខ្លួន យន្តហោះទាំងនោះបានហោះហើរនៅភាគឦសាននៃកោះ Pratas ដែលនៅមិនឆ្ងាយប៉ុន្មានឡើយពីដីគោក។ក្រសួងការពារជាតិកោះតៃវ៉ាន់បន្តថា ពួកគេបានឆ្លើយតបដោយបញ្ចូនយន្តហោះចម្បាំងឲ្យហោះទៅ ព្រមានយន្តហោះចិនដើម្បីចេញពីដែនអាកាសរបស់ខ្លួនផងដែរ ខណៈប្រព័ន្ធមីស៊ីលត្រូវបានដាក់ពង្រាយ តាមដានសកម្មភាពរបស់យន្តហោះចម្បាំងចិនជាប់ជានិច្ច។
មិនទាន់មានការឆ្លើយតបភ្លាមៗណាមួយឡើយពីសំណាកក្រុងប៉េកាំងនៅឡើយទេ ប៉ុន្តែជារឿយៗសកម្មភាពដដែលៗរបស់ទ័ពអាកាសចិនត្រូវបានរដ្ឋអំណាចប៉េកាំងអះអាងថា ជាការការពារអធិបតេយ្យភាពរបស់ខ្លួនប៉ុណ្ណោះ។
គួរកត់សម្គាល់ថា ការហោះហើរជាថ្មីរបស់ទ័ពអាកាសចិនមកលើកោះតៃវ៉ាន់ ធ្វើឡើងស្របពេលកងទ័ពជើងទឹកអាម៉េរិកនិងជប៉ុន កំពុងធ្វើសមយុទ្ធយោធារួមគ្នានៅសមុទ្រហ្វីលីពីន មិនឆ្ងាយប៉ុន្មានពីដែនទឹកភាគខាងកើតកោះតៃវ៉ាន់។ បើតាមកងនាវាចរណ៍អាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក សមយុទ្ធលើកនេះរួមបញ្ចូលវត្តមាននាវាផ្ទុកយន្តហោះទំនើបចំនួនពីរគ្រឿងរបស់ក្រុងវ៉ាស៊ីនតោនផងដែរ៕