ជាមួយនឹងដំណាក់កាលចុងក្រោយ នៃគម្រោងវិនិយោគសាធារណៈនេះ ប្រទេសចិន បានលៃទុកប្រមាណ១១៣ពាន់លានដុល្លារអាម៉េរិក នៃថវិកាសរុប១៤០ពាន់លានដុល្លារអាម៉េរិក ដែលបានពីការបោះផ្សាយសញ្ញាប័ណ្ណនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣នេះ ខណៈមហាយក្សចិនផ្តោតលើវិធានការសារពើពន្ធ ដើម្បីពង្រឹងសេដ្ឋកិច្ច ដែលកំពុងបាត់បង់សន្ទុះរបស់ខ្លួន។
គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ (NDRC) របស់ប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅថា ខ្លួនបានកំណត់គម្រោងចំនួន៩.៦០០គម្រោងជាមួយនឹងទំហំនិយោគ៩ពាន់លានដុល្លារអាម៉េរិក។
សេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទី២របស់ពិភពលោកកំពុងប្រឹងប្រែងស្ទុះងើបឡើងវិញក្រោយពីវិបត្តិកូវីដ-១៩ ខណៈពេលដែលក្រុមអ្នកបង្កើតគោលនយោបាយចិន ព្យាយាមដោះស្រាយបញ្ហាជាច្រើនរួមមានការធ្លាក់ចុះតម្រូវការរបស់អ្នកប្រើប្រាស់ ការធ្លាក់ចុះការនាំចេញ ការធ្លាក់ចុះការវិនិយោគបរទេស និងការធ្លាក់ចូលកាន់តែជ្រៅទៅៗនៃវិបត្តិអចលនទ្រព្យ។
ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បាននិយាយថា ការបោះផ្សាយសញ្ញាប័ណ្ណបន្ថែមចំនួន១៤០ពាន់លានដុល្លារអាម៉េរិកនេះ នឹងធ្វើឱ្យអត្រាឱនភាពថវិកាឆ្នាំ២០២៣ របស់ប្រទេសចិន កើនឡើងពី៣%ដល់៣,៨%។
គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ (NDRC) បានគូសបញ្ជាក់ថា ការសាងសង់គម្រោងទាំងនេះនឹងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងទឹកជំនន់របស់ប្រទេសចិន ក៏ដូចជាយន្តការឆ្លើយតបគ្រាអាសន្ន និងសមត្ថភាពជួយសង្គ្រោះក្នុងគ្រោះមហន្តរាយ ព្រមទាំងការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនចិន ឱ្យបានកាន់តែប្រសើរផងដែរ ដូច្នេះវាពិតជាសំខាន់ខ្លាំងណាស់។
គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ (NDRC) បានបន្ថែមទៀតថា ខ្លួននឹងធ្វើការសម្របសម្រួលជាមួយស្ថាប័នរដ្ឋផ្សេងៗទៀត ដើម្បីធ្វើឱ្យប្រាកដថា មូលនិធិត្រូវបានលៃទុកយ៉ាងរហ័សសម្រាប់ការវិនិយោគ ហើយស្តង់ដារគុណភាពខ្ពស់ត្រូវបានរក្សានៅក្នុងការសាងសង់គម្រោង៕
ដោយ: តែម សុខុម