ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ បានសង្កត់ធ្ងន់ថា ស្តុកប្រេងពិភពលោកបច្ចុប្បន្នអាចទ្រទ្រង់ការប្រើប្រាស់បានតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ប្រសិនបើស្ថានភាពដ៏អាក្រក់នេះនៅតែបន្តអូសបន្លាយ។
លោក ហ្វាធី ប៊ីរ៉ូល (Fatih Birol) ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ ដែលជាស្ថាប័នអន្តរជាតិទទួលបន្ទុកតាមដានទីផ្សារថាមពលពិភពលោករួមមាន ប្រេងឥន្ធនៈ ហ្គាស អគ្គិសនី និងថាមពលកកើតឡើងវិញបានព្រមានថា ស្តុកប្រេងពិភពលោកបច្ចុប្បន្នអាចទ្រទ្រង់ការប្រើប្រាស់បានតែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះប្រសិនបើការបិទច្រកសមុទ្រ Hormuz បន្តអូសបន្លាយ។ បើតាមការអះអាងរបស់ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ ប្រេងបម្រុងគ្រាអាសន្នបានចាក់បញ្ចូលប្រេងរាប់លានបារ៉ែលចូលទៅក្នុងទីផ្សារប្រេងពិភពលោករួចទៅហើយ ប៉ុន្តែប្រេងបម្រុងទាំងនេះមានកំណត់ ហើយមិនអាចទ្រទ្រង់បានយូរអង្វែងនោះឡើយ។
ទន្ទឹមនេះតម្រូវការប្រេងឥន្ធនៈពិភពលោក ក៏កំពុងកើនឡើងផងដែរ ដោយសាររដូវកាលទេសចរណ៍នារដូវក្តៅ និងសកម្មភាពកសិកម្មកើនឡើង ដែលសុទ្ធតែត្រូវការប្រេងម៉ាស៊ូត សាំង ប្រេងយន្តហោះ និងជីកសិកម្មកាន់តែច្រើន។
យោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ ប្រេងបម្រុងរបស់ពិភពលោកបានធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានរហូតដល់ទៅ២៤៦លានបារ៉ែលកាលពីអំឡុងខែមីនា និងខែមេសា ដោយសារសង្គ្រាមអ៊ីរ៉ង់ បានធ្វើឱ្យរាំងស្ទះដល់ការផលិតប្រេង និងផ្លូវដឹកជញ្ជូនប្រេងនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ពេលនេះ ទីភ្នាក់ងារថាមពលអន្តរជាតិរំពឹងថា ការផ្គត់ផ្គង់ប្រេងរបស់ពិភពលោកនឹងធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំ២០២៦ នេះដោយសារតែសង្គ្រាមអ៊ីរ៉ង់ ដែលកំពុងបន្តអូសបន្លាយ៕
ដោយ: តែម សុខុម