ប្រទេសចិន

ចិនសង្វាតលក់ខុនដូរបញ្ចុះតម្លៃ សម្រាប់អ្នកមានចំណូលខ្ពស់ធ្វើការក្នុងវិស័យរដ្ឋ ចំពេលទីផ្សារកំពុងធ្លាក់ចុះ


ដោយសារទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនកំពុងជួបនូវវិបត្តិអូសបន្លាយពេលយូរនោះ ពេលនេះរដ្ឋាភិបាលនៅតាមទីក្រុងតូចនិងមធ្យមមួយចំនួនកំពុងព្យាយាមធ្វើឱ្យតម្រូវការលំនៅឋានងើបរលាស់ខ្លួនពីការជាប់គាំងឡើងវិញ ដោយពួកគេបានធ្វើការបញ្ចុះតម្លៃថ្មីមួយសម្រាប់ការទិញជាក្រុមសម្រាប់អ្នកដែលបម្រើការនៅតាមក្រុមហ៊ុន ឬស្ថាប័នរបស់រដ្ឋ ដែលមានប្រាក់ចំណូលខ្ពស់។ នេះបើតាមការចេញផ្សាយរបស់កាសែតជប៉ុន Nikkei Asia នៅថ្ងៃពុធនេះ។
ចិនសង្វាតលក់ខុនដូរបញ្ចុះតម្លៃ សម្រាប់អ្នកមានចំណូលខ្ពស់ធ្វើការក្នុងវិស័យរដ្ឋ

កាសែតអនឡាញរបស់ចិន The Paper បានរាយការណ៍ថា ទីក្រុងជាង ២០ នៅទូទាំងខេត្តនិងតំបន់ស្វយ័តរបស់ចិនចំនួន ១២ បានចាប់ផ្តើមការលើកទឹកចិត្តក្នុងការទិញអចលនទ្រព្យជាក្រុមចាប់តាំងពីខែមិថុនា ហើយទីក្រុងចំនួន ១០ ដែលភាគច្រើនជាមជ្ឈមណ្ឌលក្នុងតំបន់ពីតូចទៅមធ្យមបានធ្វើសេចក្តីប្រកាសដូចគ្នាកាលពីខែកញ្ញា ឬក៏ក្រោយពីនោះមកទៀតផងដែរ។

នៅតាមផ្នែកខ្លះនៅទីក្រុងសាវហ្ស៊ីង (Shaoxing) នៅក្នុងខេត្តហ្សេជាំង (Zhejiang) ឥឡូវនេះអ្នកទិញចលនវត្ថុ អាចទទួលបានការបញ្ចុះតម្លៃរហូតដល់ ៨% សម្រាប់ការទិញផ្ទះចាប់ពី ១០ ខ្នងផ្ទះឡើងទៅ ឬច្រើនជាងនេះ ឬក៏អាចទទួលបានការបញ្ចុះតម្លៃច្រើនជាងនេះទៅទៀតគឺរហូតដល់ ១៨% សម្រាប់ការទិញជាក្រុមផងដែរ។

រដ្ឋាភិបាលក្នុងតំបន់សង្ឃឹមថាការបញ្ចុះតម្លៃថ្មីនេះ នឹងលើកទឹកចិត្តដល់ការទិញលំនៅឋាននៅក្នុងចំណោមសមាជិករបស់បក្សកុម្មុយនិស្តចិន ក៏ដូចជាអ្នកដែលធ្វើការឱ្យភ្នាក់ងាររដ្ឋាភិបាល និងក្រុមហ៊ុនរបស់រដ្ឋ ដែលមានប្រាក់ខែច្រើនជាងអ្នកបម្រើការងារនៅតាមវិស័យឯកជន។

យោងតាមការិយាល័យស្ថិតិជាតិរបស់ប្រទេសចិនបានបង្ហាញថា បុគ្គលិកបម្រើការនៅក្រុមហ៊ុនរដ្ឋនៅក្នុងទីក្រុងជាមធ្យមទទួលបានប្រាក់ឈ្នួលប្រហែល ១៦ ២០០ ដុល្លារក្នុងមួយឆ្នាំ គិតក្នុងឆ្នាំ២០២១ ពោលគឺច្រើនជាង ៨៤% នៃប្រាក់ឈ្នួលជាមធ្យមរបស់បុគ្គលិកធ្វើការនៅតាមវិស័យឯកជន ដែលទទួលបានត្រឹមតែ ៨ ៧៧០ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។ គម្លាតនេះបានបន្តកើនឡើងតាំងពីឆ្នាំ២០១៤មកម្ល៉េះ ដែលកាលនោះគឺច្រើនជាងត្រឹមតែ ៥៧% ប៉ុណ្ណោះ។

ទីផ្សារលំនៅឋានរបស់ប្រទេសចិនបានជួបបញ្ហានៃការកើនឡើងនៃការផ្គត់ផ្គង់ច្រើនពេក ខណៈដែលការលក់លំនៅឋានបានធ្លាក់ចុះ ហើយខុនដូថ្មីដែលមិនទាន់លក់ដាច់ គឺកើនឡើងកាន់តែខ្ពស់កាលពីចុងខែសីហាបើធៀបនឹងរយៈដូចគ្នាក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។

ពេលនេះគេមានក្តីសង្ឃឹមថា សម្ពាធនៃការធ្លាក់ចុះតម្លៃលំនៅឋាននឹងមានភាពធូរស្រាលឡើងវិញនៅពេលណាចំនួនផ្គត់ផ្គង់លំនៅដ្ឋានបានធ្លាក់ចុះវិញ ដែលធ្វើឱ្យតម្រូវការលំនៅឋានងើបឡើងវិញរួមទាំងនៅក្នុងចំណោមកម្មករក្នុងវិស័យឯកជនផងដែរ។ ហើយវាក៏នឹងផ្ដល់អត្ថប្រយោជន៍ដល់រដ្ឋាភិបាលក្នុងតំបន់ដែលរកចំណូលបានច្រើនពីការលក់សិទ្ធិប្រើប្រាស់ដីធ្លីសម្រាប់ដីរដ្ឋដល់ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យថែមទៀត។

ប៉ុន្តែ វាមិនច្បាស់ថាតើការបញ្ចុះតម្លៃតែម្យ៉ាងគត់នេះនឹងធ្វើឱ្យមានការផ្លាស់ប្ដូរខ្លាំង ឬក៏យ៉ាងណានោះឡើយ។ ស្រុក តុងលូ (Tonglu) នៅក្នុងទីក្រុង ហាងហ្ស៊ូ (Hangzhou) បានប្រកាសជាលើកដំបូងពីការលើកទឹកចិត្តសម្រាប់ការទិញផ្ទះជាក្រុមនៅចុងខែមិថុនា ប៉ុន្តែនៅរយៈពេលមួយខែក្រោយមកគេមិនបានឃើញស្រុកនេះទទួលបានកិច្ចសន្យាទិញលក់ណាមួយត្រូវបានធ្វើឡើងនោះទេ។ នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិន៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


សម្តេចតេជោ ហ៊ុន សែន៖សេដ្ឋកិច្ចប្រទេសក្នុងតំបន់អាស៊ានពឹងផ្អែកខ្លាំងលើសហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលដឹកនាំដោយស្ត្រី

អាស៊ានគឺជាតំបន់ ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និងមានការអភិវឌ្ឍឆាប់រហ័ស ពិសេសដោយសារមានការចូលរួមដ៏សកម្មរបស់ស្ត្រី។ ជាមួយគ្នានេះ សេដ្ឋកិ…

ភូមិកីឡដ្ឋាន វើលប្រ៊ីដ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យការប្រកួតកីឡាស៊ីហ្គេមនឹងបញ្ចប់ការរៀបចំនៅដើមឆ្នាំក្រោយ

ភូមិកីឡដ្ឋានវើលដ៍ប៊្រីដ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលបម្រើឲ្យការៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ