ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅខាងក្រៅកិច្ចប្រជុំសភាប្រជាជនចិន ប្រចាំឆ្នាំ នៅទីក្រុងប៉េកាំង លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បាននិយាយថា អ្នកណាដែលយកភ្លើងមកលេងភ្លើងលើកោះតៃវ៉ាន់ នឹងត្រូវតែរលាក។ ប្រមុខការទូតរូបនេះអះអាងថា គោលការណ៍ចិនតែមួយ គឺជាបន្ទាត់ឯកភាពតែមួយគត់ ដែលចិនតែងនិយាយក្នុងបរិបទសហគមន៍អន្តរជាតិ ហើយការដែលអ្នកណានិយាយអំពី“ឯករាជ្យភាពតៃវ៉ាន់” គឺជាការនិយាយអំពីបញ្ហាប្រឈមចំពោះអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។
លោកបានបញ្ជាក់ជាថ្មីថា ចិននឹងមិនអនុញ្ញាតឲ្យតៃវ៉ាន់ ត្រូវបំបែកចេញពីទីក្រុងប៉េកាំង បានជាដាច់ខាត ដោយព្រមានត្រង់ៗថា អ្នកដែលយកភ្លើងមកលេងលើបញ្ហាតៃវ៉ាន់ គឺត្រូវតែរលាក។នៅក្នុងសន្និសីទកាសែតដដែលនោះ លោក វ៉ាង យី ក៏បាននិយាយដល់ទំនាក់ទំនងរវាងចិននិងសហរដ្ឋអាម៉េរិក និងបញ្ហានានា នៅលើសកលលោកផងដែរ។
ចំពោះទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន លោក វ៉ាង បានបញ្ជាក់ថា ការផ្លាស់ប្តូររវាងប្រទេសទាំងពីរអាចបន្តកើតមានជាថ្មីបាន លុះត្រាតែភាគីទាំងពីរគោរព និងទទួលស្គាល់ភាពខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរ។ លោក វ៉ាង អះអាងថា មកដល់់ពេលនេះ អាម៉េរិកនៅតែបន្តមើលចិននៅក្នុងផ្លូវខុស ហើយការគាបសង្កត់មកលើប្រទេសចិន កំពុងត្រូវបានបន្តជាថ្មី ខណៈដែលបញ្ជីនៃទណ្ឌកម្មជាឯកតោភាគី គឺនៅតែពង្រីកឥតឈប់ឈរ។
លោក វ៉ាង បាននិយាយថា លោក ចូ បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាម៉េរិកនឹងមិនស្វែងរកសង្រ្គាមត្រជាក់ថ្មី ឬស្វែងរកការផ្លាស់ប្តូរប្រព័ន្ធចិន ឬគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់នោះទេ ប៉ុន្តែស្ថានភាពពិតកំពុងតែបង្ហាញផ្ទុយគ្នា។
អ្នកវិភាគបានអះអាងថា ភាពតានតឹងរវាងប្រទេសមហាអំណាចទាំងពីរបានធូរស្រាលបន្តិច ចាប់តាំងពីលោក ចូ បៃដិន និងលោក ស៊ី ជិនភីង បានជូបគ្នានៅក្រៅកិច្ចប្រជុំកំពូលដ៏សំខាន់របស់ពួកគេនៅ San Francisco កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ ប៉ុន្តែស្រមោលនៃគោលនយោបាយក្តៅគគុករបស់អាម៉េរិកលើចិនរបស់លោក ដូណាល់ ត្រាំ ដែលកំពុងតែស្វះស្វែងរកឱកាសវិលត្រឡប់មកកាន់អំណាចវិញតាមការបោះឆ្នោតនៅខែវិច្ឆិកា ខាងមុខនៅតែមាន។
បញ្ហាដែលក្តៅគគុករបស់មហាអំណាចទាំងពីរ គឺសង្រ្គាមពាណិជ្ជកម្ម បញ្ហាតៃវ៉ាន់ ការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យា និងប៉េងប៉ោងចារកម្មចិន ដែលសហរដ្ឋអាម៉េរិក បានបាញ់ទម្លាក់។ ក្រៅពីនេះទីក្រុងប៉េកាំង ក៏ប្រឈមមុខជាមួយនឹងសហរដ្ឋអាម៉េរិកលើបញ្ហាខាងភូមិសាស្ត្រនយោបាយ ដូចជាបញ្ហានៅសមុទ្រចិនខាងត្បូង បញ្ហានៅឧបទ្វីបកូរ៉េ សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន និងសង្រ្គាមនៅហ្គាហ្សាជាដើម៕
ដោយៈ សរ សុជាតិ