នៅក្នុងជំនួបរវាង លោក វី វៀន រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី និងលោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន បានបញ្ជាក់ឲ្យដឹងថា ប្រទេសទាំងពីរ ធានាបាននូវទំនាក់ទំនងកម្រិតខ្ពស់ អំឡុងពេលកូវីដ-១៩នេះ ដោយភាគីទាំងសងខាង សុទ្ធតែប្តេជ្ញាគាំទ្រគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច រាប់បញ្ចូលទាំង កិច្ចសហប្រតិបត្តិការព្យាបាល និងបង្កើតវ៉ាក់សាំងកូវីដ-១៩ និងការបើកដំណើរការឡើងវិញនៃ ជើងហោះហើរអន្តរជាតិជាដើម។
ប្រទេសចិន ក៏បង្ហាញឆន្ទៈ ក្នុងការបំពេញការងារជាមួយ សិង្ហបុរី ក្នុងការអភិវឌ្ឍវ៉ាក់សាំងកូវីដ-១៩ និងជំរុញការបង្កើតផ្លូវល្បឿនលឿន សម្រាប់ការដោះដូរទំនិញ និងផ្លូវបៃតង សម្រាប់វិស័យដឹកជញ្ជូន។
លើសពីនេះ តំណាងមកពីប្រទេសទាំង ២ ក៏ស្វាគមន៍ និងពេញចិត្ត ចំពោះដំណើរការលូតលាស់ដ៏ល្អនៃ គម្រោងសហប្រតិបត្តិការរវាង រដ្ឋាភិបាលប្រទេសទាំង ២ ក៏ដូចជា ពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងប្រជាជនជាដើម។
បន្ថែមលើនេះ ក៏មានការជជែកពិភាក្សាអំពី ការអភិវឌ្ឍរបស់ប្រទេសក្នុងតំបន់ និងលើសកលលោក ទាក់ទងនឹងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសលើការចែកចាយវ៉ាក់សាំង ការធានានូវខ្សែចង្វាក់ផ្គត់ផ្គង់ផលិតកម្ម និងការគាំទ្រដល់ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
សូមជម្រាបដែរថា លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ទើបតែបានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះទេ ហើយបន្ទាប់ពី ដំណើរទស្សនកិច្ចក្នុងប្រទេសសិង្ហបុរីរួចហើយ លោកនឹងបន្តដំណើរទៅកាន់ប្រទេសឡាវ និងប្រទេសថៃ៕