ការចាក់វ៉ាក់សាំងបានចាប់ផ្ដើមឡើងនៅទូទាំងសកលលោក ហើយក៏មានប្រទេសមួយចំនួនរួមមានប្រទេសបារ៉ែន ក៏បានណែនាំឲ្យប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ពីការបានចាក់វ៉ាក់សាំង កូវីដ-១៩ នេះដែរ ហើយនៅសហភាពអឺរ៉ុបឯណោះវិញ ក៏បានយល់ព្រមធ្វើការអភិវឌ្ឍលិខិតឆ្លងដែនដែលបញ្ជាក់ពីការបានចាក់វ៉ាក់សាំងនេះដូចគ្នាដែរ។
អាជ្ញាធរចិន បាននិយាយថា វិញ្ញាបនបត្រដែលត្រូវបានដាក់ឲ្យប្រើប្រាស់ដោយប្រទេសចិន នឹងមានបញ្ជាក់លម្អិតអំពីព័ត៌មានរបស់អ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ និងលទ្ធផលធ្វើតេស្ដផងដែរ។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយកាលពីចុងសប្ដាហ៍មុននេះដែរថា គោលបំណងនៃការបង្កើតឲ្យមានវិញ្ញាបនបត្របញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩នេះ គឺដើម្បីផ្ទៀងផ្ទាត់ព័ត៌មានទៅវិញទៅមក និងដើម្បីរួមចំណែកផ្ដល់សុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ដល់ប្រជាជន។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើប្រទេសណាខ្លះ ដែលចិននឹងចរចាដើម្បីទទួលស្គាល់នូវវិញ្ញាបនបត្របញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩នេះ ។
ប្រទេសចិន ក៏ទើបតែបានប្រកាសបន្ធូរបន្ថយការរឹតត្បិតនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកធ្វើដំណើរចូលទៅកាន់ប្រទេសចិន ផងដែរ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងកូវីដ-១៩រួចរាល់។
ទោះបីយ៉ាងណា អ្នកនាំពាក្យគណៈកម្មាធិការសុខភាពជាតិរបស់ចិនបាននិយាយកាលពីខែកុម្ភៈកន្លងទៅនេះថា ការតម្រូវឲ្យធ្វើចត្តាឡីស័កគួរតែត្រូវបន្ដធ្វើ សម្រាប់អ្នកដែលធ្វើដំណើរចូលប្រទេសចិន ខណៈដែលអ្នកបានចាក់វ៉ាក់សាំងរួចហើយនោះ ក៏អាចនឹងនៅតែឆ្លងមេរោគដែរ៕