យ៉ាងណាមិញ ស្របពេលជាមួយគ្នានេះ ប្រទេសចិនក៏ព្រួយបារម្ភអំពីសុវត្ថិភាពពលរដ្ឋរបស់ខ្លួនដែលរស់នៅប្រទេសអ៊ុយក្រែនផងដែរ។ ជាក់ស្ដែង ដោយស្ថានភាពកាន់តែយ៉ាប់យឺនទៅៗ ចិនបានចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសអ៊ុយក្រែនហើយ។ ប្រទេសចិនបានជម្លៀសពលរដ្ឋជុំទីមួយពីអ៊ុយក្រែនកាលពីថ្ងៃចន្ទដើមសប្ដាហ៍ រួមទាំងនិស្សិតចិនជាង ៤០០ នាក់មកពីទីក្រុង Odessa និង ២០០ នាក់ពីរដ្ឋធានីកៀវ។ នេះបើយោងតាមកាសែតចិន Global Times ។
យ៉ាងណាមិញ មានជនជាតិចិនជាង ៦ពាន់នាក់បានចុះឈ្មោះ ដើម្បីត្រៀមជម្លៀស ហើយពលរដ្ឋចិនជិត ១ពាន់នាក់បន្ថែមទៀត ត្រូវបានគេរំពឹងថា ត្រូវបានជម្លៀសចេញពីអ៊ុយក្រែនកាលថ្ងៃអង្គារទៅកាន់ប្រទេសជិតខាងអ៊ុយក្រែន។
សូមជម្រាបថា ទីក្រុងប៉េកាំងដែលបាននិងកំពុងបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ីមិនបានថ្កោលទោសសកម្មភាពរបស់ទីក្រុងម៉ូស្គូទេ ដោយប៉េកាំងបានត្រឹមតែជំរុញឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ និង អំពាវនាវឱ្យមានការចរចាដោយសន្ដិវិធី៕
អត្ថបទ ស៊ើង និមល់