ប៉ុន្តែភាពទន់ភ្លន់របស់ លោក ឈីន កាំង បានតែជាង១ខែប៉ុន្តែ ស្រាប់តែនៅថ្ងៃពុធសប្តាហ៍នេះ អំឡុងពេលថ្លែងសារក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិនដទៃទៀត បានព្រមានខ្លាំងៗទៅកាន់សហរដ្ឋអាមេរិកថា កុំចាត់ទុកប្រទេសចិនជាអតីតសហភាពសូវៀត ដែលចង់គម្រាមកំហែង ឬចង់ផ្តួលរលំបានតាមចិត្តនោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
ឯកអគ្គរដ្ឋទូតចិនរូបនេះសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិកពិតជាយល់ខុសស្រឡះហើយ ដែលត្រូវមកប្រឈមមុខជាមួយនឹងចិន តាមរយៈការប្រើប្រាស់កម្លាំងយោធា ហើយប្រៀបប្រដូចការប្រឈមមុខដាក់គ្នារវាងចិន ទៅនឹងជំនាន់សង្រ្គាមត្រជាក់ដែលអាមេរិកត្រូវប្រឈមមុខនឹងសហភាពសូវៀត។
លោក កាំង ឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំនៅសហរដ្ឋអាមេរិក បន្ថែមថាសហរដ្ឋអាមេរិកអាចធ្វើឲ្យសូវៀតដួលរលំបាន តែមិនអាចឲ្យធ្វើឲ្យចិនដួលរលំបានឡើយ ហើយចិនក៏មិនមែនជាសហភាពសូវៀតនោះដែរ។ ចិនបានរៀនសូត្រពីប្រវត្តិសាស្ត្រ និង រៀនសូត្រពីបរាជ័យរបស់សូវៀតអស់ហើយ ទើបចិនអាចរីកចម្រើនដូចសព្វថ្ងៃ។
យ៉ាងណាមិញ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោនរូបនេះ នៅតែបន្តលើកឡើងពីចេតនាចង់ផ្សះផ្សារជាមួយអាមេរិកដដែល ដោយលោកបន្តគូសបញ្ជាក់ថា ក្រុងប៉េកាំងមានឆន្ទៈក្នុងការសន្ទនា និង ពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកឡើងវិញលើគ្រប់វិស័យ មិនថាក្នុងវិស័យសេដ្ឋកិច្ច នយោបាយ និង យោធានោះឡើយ។
គួរជម្រាបថា ការចេញមុខមកព្រមានអាមេរិកពីមន្ត្រីការទូតជាន់ខ្ពស់របស់ក្រុងប៉េកាំង ដូចនេះ ធ្វើឡើងនៅបន្ទាប់ពីសំណុំរឿងជម្លោះជាច្រើនរវាងប្រទេសមហាអំណាចយក្សទាំងពីរចិន និង អាមេរិក បានចាប់ផ្តើមកម្រើកឡើងវិញ ដូចជាសំណុំរឿងសង្រ្គាមពាណិជ្ជកម្ម គូបផ្សំនឹងបញ្ហាដែលកំពុងកើនកំដៅស្រាប់ ដូចជា បញ្ហាស្រាវជ្រាវរកប្រភពដើមកូវីដ១៩ និងភាពតានតឹងនៅសមុទ្រខាងត្បូងជាដើម។
គួរកត់សម្គាល់ថា គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកចំពោះចិនមិនបានប្រែប្រួលឡើយ ទោះបីអាមេរិកមាន លោក ចូ បៃឌិន ជាប្រធានាធិបតីជំនួសឲ្យ លោក ដូណាល់ ត្រាំក៏ដោយ។ ទំនោរនេះ គឺជាចេតនារបស់អាមេរិក ចង់ទប់ទល់ឥទ្ធិពល និង ការរះត្រដែតឡើងរបស់ចិនដ៏ឆាប់រហ័ស ប៉ុន្តែប្រការនេះបានធ្វើឲ្យប្រទេសទាំងពីរ រងផលប៉ះទង្គិចរៀងៗខ្លួនជាពិសេសក្នុងផ្លូវសេដ្ឋកិច្ចតែម្តង៕