បើតាមចៅក្រម ៣រូប នៅក្នុងតុលាការឧទ្ធរណ៍អាមេរិក បានបញ្ជាក់ដោយសង្ខេបថា រដ្ឋាភិបាលអាមេរិក ពុំបានបញ្ជាក់ថា វាមានផលអាក្រក់យ៉ាងធ្ងន់ធ្ងរ ខណៈពេលដែលត្រូវរង់ចាំបណ្តឹងឧទ្ធរណ៍នេះទេ ហើយកិច្ចការនេះ ក៏កំពុងត្រូវបានពន្លឿនផងដែរ។
កាលពីសប្ហាហ៍កន្លងទៅ ចៅក្រមនៅក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ ក៏បានបដិសេធសំណើ របស់នាយកដ្ឋានយុត្តិធម៌ និងនាយកដ្ឋានពាណិជ្ជកម្មអាមេរិក ដែលបានស្នើសុំឲ្យ ហាមឃាត់ការប្រើប្រាស់កម្មវិធី WeChat របស់ចិន ដោយសារតែមានបណ្តឹងតវ៉ាជាច្រើនពី អ្នកប្រើប្រាស់កម្មវិធី WeChat ដែលមានអ្នកប្រើប្រាស់រាប់លាននាក់ នៅក្នុងសហរដ្ឋអាមេរិក។
បើតាមការបញ្ជារបស់ នាយកដ្ឋានពាណិជ្ជកម្មអាមេរិក ដែលគ្រោងនឹងចាប់ផ្តើមអនុវត្ត កាលពីថ្ងៃទី ២០ ខែកញ្ញាកន្លងទៅ គឺមានការហាមឃាត់ការធ្វើប្រតិបត្តិការទាំងអស់ ជាមួយនឹងកម្មវិធី WeChat ពោលគឺធ្វើឲ្យកម្មវិធីមួយនេះ ពុំអាចប្រើប្រាស់នៅក្នុងអាមេរិកបានតែម្តង។
នាយកដ្ឋានយុត្តិធម៌អាមេរិក បានចោទប្រកាន់ដល់ កម្មវិធី WeChat ថា បានប៉ះពាល់ដល់សន្តិសុខជាតិ ដូចកម្មវិធី Tik Tok កន្លងទៅដែរ។ យ៉ាងណាក៏ដោយ តុលាការឧទ្ធរណ៍អាមេរិក បានសម្រេចលើកពេលករណីបណ្តឹងនេះ រហូតដល់ខែមករា ឆ្នាំ ២០២១ខាងមុខ។
គួរជម្រាបដែរថា កម្មវិធី WeChat មានអ្នកប្រើប្រាស់ប្រចាំថ្ងៃ ជាមធ្យម ១៩លាននាក់ នៅក្នុងសហរដ្ឋអាមេរិក ដែលកម្មវិធីនេះ គឺពេញនិយមសម្រាប់ សិស្សនិស្សិតចិន ជនជាតិអាមេរិកដែលរស់នៅក្នុងប្រទេសចិន ជាពិសេសគឺ អ្នកជំនួញអាមេរិក ដែលមានទំនាក់ទំនងអាជីវកម្មជាមួយចិន៕