រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យារបស់ចិន លោក ហ្សាវ យ៉ាឈីង (Xiao Yaqing) បាននិយាយនៅក្នុងសន្និសិទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទទី១៣កញ្ញាថា៖ បច្ចុប្បន្នចិនមានក្រុមហ៊ុនផលិតរថយន្ត EV ឬរថយន្តអគ្គិសនី ច្រើនខ្លាំងណាស់នៅលើទីផ្សារ។ ភាគច្រើននៃក្រុមហ៊ុនទាំងនោះ ស្ថិតក្នុងទ្រង់ទ្រាយតូច និងមិនមានកិច្ចសហប្រតិបត្តិការរវាងគ្នា ក្នុងទ្រង់ទ្រាយធំឡើយ។
អាជ្ញាធរចិន លើកទឹកចិត្តឲ្យមានការរួមបញ្ចូលគ្នា និងរៀបចំរចនាសម្ព័ន្ធឡើងវិញនៅក្នុងវិស័យមួយនេះ ដើម្បីបង្កើនការប្រមូលផ្តុំ និងពង្រីកទីផ្សាររថយន្តអគ្គិសនីបន្ថែមទៀត។
គួរជម្រាបថា ប្រទេសចិនបានដាក់គោលដៅប្រែក្លាយទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួន ឲ្យក្លាយជាទីផ្សារធំជាងគេមួយក្នុងពិភពលោក ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះ ហាក់មិនមានប្រសិទ្ធភាពក្រោយ អាជ្ញាធរបណ្តោយឲ្យមានក្រុមហ៊ុនច្រើនពេក ធ្វើប្រតិបត្តិការក្នុងទីផ្សារ ដោយមានច្រើនតែបរិមាណ ប៉ុន្ដែខ្វះគុណភាព។ ជាក់ស្តែង ក្នុងទីផ្សារចិនបច្ចុប្បន្នមានក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដល់ទៅជិត ៣០០ក្រុមហ៊ុន។
បើតាមប្រភពដែលស្និទ្ធនឹង Bloomberg បានឲ្យដឹងថា រដ្ឋាភិបាលក្រុងប៉េកាំង កំពុងត្រៀមរៀបចំសេចក្តីព្រាងវិធានការត្រៀមដាក់ចេញអនុវត្ត ដើម្បីពង្រឹងសមត្ថភាពក្នុងវិស័យនេះ ព្រមទាំងដើម្បីផ្តល់ធនធានបន្ថែមដល់ក្រុមហ៊ុនដែលលេចធ្លោជាងគេផងដែរ។
ប្រការនេះស្តែងឲ្យឃើញពីភាពខ្វះចន្លោះរបស់រដ្ឋអំណាចក្រុងប៉េកាំង ដែលកាលពីឆ្នាំ២០២០ ព្រោះតែចង់ពង្រីកទីផ្សារ និងចង់ផ្លាស់ប្តូរប្រជាជនឲ្យមកប្រើប្រាស់រថយន្តអគ្គិសនីវិញ រដ្ឋចិនបានជ្រើសយកវិធីសាស្ត្រ ផ្តល់ប្រាក់ឧបត្ថម្ភធនប្រមាណ ៣៣ពាន់លានយ័ន ឬស្មើនឹងជាង ៥ពាន់លានដុល្លារសម្រាប់រយៈពេល៥ឆ្នាំ ដល់ក្រុមហ៊ុនណាដែលចង់រកស៊ីក្នុងវិស័យរថយន្តឡានអគ្គិសនីនេះ តាមរយៈការលើកលែងពន្ធជាដើម។
វិធានការខាងលើបានធ្វើឲ្យទីផ្សាររថយន្តអគ្គិសនីនៅចិន រីកកាន់តែធំ រហូតច្រើនលើសលប់ លើសពីតម្រូវការទៅវិញ។ ជាក់ស្តែង គ្រាន់តែនៅក្នុងខេត្តជាំងស៊ូ ភាគជើងមិនឆ្ងាយប៉ុន្មានពីក្រុងសៀងហៃមួយប៉ុណ្ណោះ មានក្រុមហ៊ុនរថយន្តអគ្គិសនីទៅបណ្តាក់ទុននៅទីនោះដល់ទៅប្រមាណ ៣០ក្រុមហ៊ុន ហើយបច្ចុប្បន្នក្រុមហ៊ុនមួយចំនួនបានដួលរលំក្ស័យធនបាត់ទៅហើយ។
សូមជម្រាបថា ប្រទេសចិនសព្វថ្ងៃនេះ មានក្រុមហ៊ុនផលិតរថយន្ត EV ឬរថយន្តអគ្គិសនីនេះ ដល់ទៅជាង ៣០០ក្រុមហ៊ុនឯណោះ ដែលភាគច្រើននៃពួកគេ ជាក្រុមហ៊ុនក្នុងស្រុក។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានចិនស៊ិនហួកាលពីពេលកន្លងមក៕