លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន និងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអះអាងថា មហាយក្សចិន នឹងនៅតែគាំទ្រការអភិវឌ្ឍរបស់កម្ពុជាយ៉ាងកក់ក្ដៅបំផុតគ្រប់កាលៈទេសៈទាំងអស់។ លោកបានលើកឡើងដូច្នេះក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងអំឡុងពេលលោកបំពេញទស្សនកិច្ចនៅកម្ពុជា។
លោក វ៉ាង យី បានគូសបញ្ជាក់ថា ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ និងគម្រោងសំខាន់ៗមួយចំនួនបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ ហើយចិន មានឆន្ទៈធ្វើការជាមួយកម្ពុជា ដើម្បីអនុវត្តកំណែថ្មីនៃផែនការសកម្មភាពសម្រាប់ការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា បង្កើនទំនុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ។
ជាមួយគ្នានេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ការអភិវឌ្ឍរបស់ប្រទេសចិន បាននាំមកនូវឱកាសសំខាន់ៗដល់បណ្ដាប្រទេសក្នុងតំបន់ ហើយជាក់ស្ដែងកម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការអភិវឌ្ឍរបស់ចិន។ យ៉ាងណាមិញសម្តេចធិបតីបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះជំហររបស់ប្រទេសចិន លើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសចិន រួមទាំងពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់ ហុងកុង និងតំបន់ស្វយ័តស៊ីនជាំង (Xinjiang) និងបានប្តេជ្ញាចូលរួមយ៉ាងសកម្មក្នុង“គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” (BRI) និងគាំទ្រគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលគំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល។
លើសពីនេះសម្តេចធិបតីបានបង្ហាញជំហរថា កម្ពុជាមានឆន្ទៈធ្វើការជាមួយប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យនានា ស្វាគមន៍ក្រុមហ៊ុនចិន កាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា ជំរុញការអនុវត្តគម្រោងធំៗបន្ថែមទៀត ពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងកិច្ចការពហុភាគី និងបន្តពង្រឹងសហគមន៍ជាមួយដែលមានអនាគតរួមគ្នារវាងកម្ពុជា និងចិន៕
ដោយ: តែម សុខុម