ហានិភ័យបំណុលរបស់ចិនជិះឥទ្ធិពលលើប្រព័ន្ធហិរញ្ញវត្ថុសកល?

ហានិភ័យបំណុលរបស់ចិនកំពុងកំពុងបង្កភាពខ្មៅងងឹងទៅលើប្រព័ន្ធហិរញ្ញវត្ថុពិភពលោក?


ការធ្លាក់ចុះទីផ្សារអចលនទ្រព្យនៅប្រទេសចិន បានបង្កើនហានិភ័យកាន់តែខ្លាំងឡើង ដល់ការខកខានសងបំណុលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ដែលអាចធ្វើឱ្យធនាគារចិនមានការខាតបង់យ៉ាងច្រើន ហើយវាក៏អាចមានជិះឥទ្ធិពលអាក្រក់ទៅលើសេដ្ឋកិច្ច ក៏ដូចជាប្រព័ន្ធហិរញ្ញវត្ថុសកលផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ហានិភ័យបំណុលរបស់ចិនជិះឥទ្ធិពលលើប្រព័ន្ធហិរញ្ញវត្ថុសកល?
ដោយ

ការព្រួយបារម្ភជុំវិញក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិនដូចជាក្រុមហ៊ុន China Evergrande Group ដែលកំពុងត្រដាបត្រដួសនិងបំណុលជុំទិស និងក្រុមហ៊ុនដ៏សំខាន់ Country Garden Holdings ជាដើម បានធ្វើឱ្យការលក់លំនៅឋានធ្លាក់ចុះ ហើយក្រុមហ៊ុនអចលនទ្រព្យមួយចំនួនអាចនឹងធ្លាក់ចូលទៅក្នុងការខាតបង់ទ្រព្យសម្បត្តិរបស់ពួកគេ ប្រសិនបើការធ្លាក់ចុះតម្លៃផ្ទះបានអូសទាញតម្លៃលំនៅឋានមិនទាន់សាងសង់រួចរបស់ពួកគេធ្លាក់ចុះខ្លាំងពេក។


ក្រុមហ៊ុន Country Garden ដែលជាក្រុមហ៊ុនអភិវឌ្ឍដ៏ធំមួយរបស់ចិនដែរនោះ បានព្រមានវិនិយោគិនកាលពីខែមុនពីលទ្ធភាពនៃ «ការខកខានសងបំណុល» របស់ខ្លួន ដោយសារតែការខកខានការទូទាត់ និងកាតព្វកិច្ចផ្សេងទៀត។ ក្រុមហ៊ុននេះ មានបំណុលចំនួន ១៨៦ ពាន់លានដុល្លារនៅចុងខែមិថុនា ដោយក្នុងនោះគេជឿថា ប្រហែល១០% នៃបំណុល អាចកាន់កាប់ដោយវិនិយោគិនបរទេសក្នុងទម្រង់ដូចជា ការលក់មូលបត្របំណុលជាប្រាក់ដុល្លារជាដើម។

បើតាមក្រុមហ៊ុន J.P. Morgan បានឱ្យដឹងថា ក្រុមហ៊ុន Country Garden ត្រូវទូទាត់សងអត្រាការប្រាក់ និងមូលបត្របំណុល យ៉ាងតិចជាង២ពាន់លានដុល្លារ នៅក្នុងឆ្នាំនេះ ទោះបីជាមកដល់ពេលនេះ ក្រុមហ៊ុនចិនមួយនេះ មានមូលនិធិគ្រប់គ្រាន់ ដើម្បីទូទាត់អត្រាការប្រាក់ និងមូលបត្របំណុលទាំងនេះក៏ដោយ។ ចំណែកក្រុមហ៊ុន China Evergrande Group ដែលបានដាក់ពាក្យសុំការការពារក្ស័យធននៅសហរដ្ឋអាមេរិក កាលពីខែមុនបានជួបបញ្ហាក្នុងការចរចារៀបចំរចនាសម្ព័ន្ធបំណុលរូបិយបណ្ណបរទេសរបស់ខ្លួនឡើងវិញផងដែរ។


ទោះចង់ ឬមិនចង់ ពេលនេះ ហានិភ័យហិរញ្ញវត្ថុបានកើតឡើងរួចហើយ។ កម្ចីមិនដំណើរការ ឬ Bad Loan ដែលមាននៅក្នុងឧស្សាហកម្មអចលនទ្រព្យ ក្នុងធនាគារធំៗចំនួន៣២របស់ចិន បានហក់ឡើង ៤៤% ក្នុងមួយឆ្នាំ គិតត្រឹមចុងខែមិថុនាកន្លងទៅ ដោយមានទំហំដល់ទៅ ជិត៤០ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យទិន្នន័យដែលបានបង្ហាញដោយសារព័ត៌មានជប៉ុននីកេអេស៊ា។ ធនាគារក្នុងតំបន់កំពុងរងផលប៉ះពាល់យ៉ាងខ្លាំងនោះ មានដូចជា Bank of Gansu និង Bank of Jiujiang ដែលឃើញបំណុលអាក្រក់ទាក់ទងនឹងអចលនទ្រព្យ បានកើនឡើងទ្វេដង ក្នុងរយៈពេលត្រឹមតែ៦ខែប៉ុណ្ណោះ។


បើតាមក្រុមហ៊ុន Goldman Sachs បានឱ្យដឹងថា ធនាគារកាន់កាប់បំណុលហិរញ្ញវត្ថុរបស់អ្នកអភិវឌ្ឍន៍ចិនប្រហែល៧៥% ដោយបានប៉ាន់ប្រមាណថា ធនាគារទាំងនេះអាចប្រឈមមុខនឹងការខាតបង់ប្រហែលជាង ១៦៣ពាន់លាដុល្លារទៅលើបំណុលនេះ។ ការវិភាគរបស់ក្រុមហ៊ុន Goldman បាននិយាយថា ស្ថាប័នខ្នាតតូចនិងមធ្យម ដែលមានមូលធនមិនរឹងមាំអាចនៅទីបំផុតនឹងខ្វះសាច់ប្រាក់ដោយងាយស្រួល ឬទុនបង្វិលនៅក្នុងអាជីវកម្ម។


បើតាមសារព័ត៌មាន នីកេ នាពេលនេះ វិនិយោគិនអន្តរជាតិកំពុងតាមដានហានិភ័យទាំងនេះ និងចាប់ផ្តើមងាកចេញពីចិន។ ការលក់សុទ្ធនៅក្នុងភាគហ៊ុនចិន ដោយក្រុមឈ្មួញភាគហ៊ុនបរទេសតាមរយៈផ្សារហ៊ុនហុងកុងបានកើនដល់ជាង ១២ ពាន់លានដុល្លារកាលពីខែមុន។ ក្រុមហ៊ុន CPP Investments ដែលជាមូលនិធិសោធននិវត្តន៍ដ៏ធំបំផុតរបស់កាណាដា ថ្មីៗនេះ បានបញ្ឈប់ការវិនិយោគនៅក្នុងប្រទេសចិនដែរ។ នេះបើតាមការរាយការណ៍ដោយរ៉យទ័រ។
យ៉ាងណាក៏ដោយចុះ តាមការព្យាករដោយសារប័នអន្តរជាតិធំមួយចំនួន ប្រទេសចិននៅឆ្នាំនេះ នឹងរក្សាបានកំណើនសេដ្ឋកិច្ច ៤,៥% ដែលជាអត្រាមួយទាបជាងអ្វីដែលរដ្ឋាភិបាលប្រទេសនេះ ធ្លាប់ព្យាករទុកថា នឹងកើនដល់ ៥%។

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


ប្រធានអាស៊ានអះអាងថា កិច្ចប្រជុំអាស៊ានបញ្ចប់ជាមួយផ្លែផ្កាសេដ្ឋកិច្ចច្រើនជាងនយោបាយ

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣បានបញ្ចប់ដោយគ្មានដំណោះស្រាយលើបញ្ហាមីយ៉ាន់ម៉ា ខណៈដែលបញ្ហាសមុទ្រចិនខាងត្បូងក៏នៅតែជាប់គាំង និងនៅតែបន្តតានតឹង…

ការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍អគ្គិសនីបំបែកំណត់ត្រាថ្មីជាមួយទឹកប្រាក់នាំចេញជាង២ពាន់លានដុល្លារ កើនជិត១០០%

នៅរយៈពេល ៨ខែឆ្នាំនេះ ការនាំចេញផលិតផលម៉ាស៊ីន និងឧបករណ៍អគ្គិសនី បានបំបែកនូវកំណត់ត្រាថ្មីទៀត ដោយសម្រេចបានក្នុងទំហំទឹកប្រាក់ជាង ២ពាន់លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ