ទោះយ៉ាងណា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចិនបានអះអាងថា សេដ្ឋកិច្ចចិនអាចនឹងមានសម្ទុះងើបឡើងវិញ នៅខែឧសភានេះ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន CNA។
វិធានការបិទខ្ទប់ទាំងស្រុង ឬដោយផ្នែកត្រូវបានដាក់នៅតាមទីក្រុងសំខាន់ជាច្រើននៅទាំងប្រទេសចិនក្នុងអំឡុងខែមីនា និងខែមេសា រួមទាំងការបិទខ្ទប់មជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងសៀងហៃរយៈពេលយូរ បានធ្វើឲ្យប៉ះពាល់ដល់ផលិតកម្ម និងការប្រើប្រាស់នៅក្នុងប្រទេសចិន ហើយវាក៏បន្ថែមនូវហានិភ័យទៅលើផ្នែកមួយចំនួននៃសេដ្ឋកិច្ចសកល ដែលមានការពឹងផ្អែកខ្លាំងទៅលើប្រទេសចិនផងដែរ។
ការលក់រាយនៅក្នុងខែមេសាបានធ្លាក់ចុះជាង ១១% បើធៀបនឹងឆ្នាំមុន ដែលជាការធ្លាក់ចុះដ៏ច្រើនបំផុតចាប់តាំងពីខែមីនាឆ្នាំ២០២០មក។ នេះបើតាមទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់ចិន។
ផលិតកម្មរោងចក្រកាលពីខែមេសានៅក្នុងប្រទេសចិនវិញ ក៏បានដាំក្បាលចុះជិត៣%ដែរ បើធៀបនឹងកាលពីឆ្នាំមុន ដែលវាបានធ្វើឲ្យក្ដីរំពឹងទុកសម្រាប់កំណើនមានការស្រពិចស្រពិល ហើយការធ្លាក់ចុះកាលពីខែមេសាកន្លងទៅនេះ គឺជាការធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានគិតតាំងពីខែកុម្ភៈឆ្នាំ២០២០មក ដោយសារតែវិធានការទប់ស្កាត់កូវីដ១៩ ធ្វើឲ្យបង្អាក់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់។
អ្នកវិភាគសេដ្ឋកិច្ចបានព្រមានថា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិនថ្មីៗនេះ អាចមានខ្លាំងជាង អ្វីដែលគេបានមើលឃើញកាលពីអំឡុងផ្ទះរាលដាលកូវីដ១៩កាលពីដើមឆ្នាំ២០២០ទៅទឿត ដោយសារតែ ការនាំចេញមិនទំនងជានឹងកើនឡើងខ្ពស់ជាងមុននោះទេ ហើយអ្នករៀបចំគោលនយោបាយរបស់ចិន ក៏មានការដាក់កំហិតលើជម្រើស បង្កើនសម្ទុះជំរុញកំណើនសេដ្ឋកិច្ច (Stimulus options) ផងដែរ។
ជាមួយគ្នានេះ ចំពោះការលក់រថយន្តនៅប្រទេសចិនក្នុងខែមេសាបានធ្លាក់ចុះ ជិត៥០%ឯណោះ បើធៀបនឹងឆ្នាំមុន ដោយសារក្រុមហ៊ុនផលិតរថយន្តបានកាត់បន្ថយផលិតកម្មរបស់ខ្លួន ខណៈដែលគ្មានរថយន្តនៅបន្ទប់ដាក់តាំង និងកង្វះគ្រឿងបន្លាស់។
បញ្ហាទីផ្សារការងារក៏ជាបញ្ហាប្រឈមមួយផងដែរ ខណៈដែលមេដឹកនាំចិនបានផ្តល់អាទិភាពសម្រាប់ស្ថិរភាពសេដ្ឋកិច្ច និងសង្គម។ អត្រាគ្មានការងារធ្វើដោយតាមការស្ទង់មតិទូទាំងប្រទេសចិនបានបន្តកើនឡើងពី ៥,៨% ដល់កម្រិត ៦,១%នៅក្នុងខែមេសា ដែលជាកម្រិតខ្ពស់បំផុតមួយចាប់តាំងពីខែកុម្ភៈឆ្នាំ២០២០ ដែលពេលនោះអត្រាគ្មានការងារធ្វើមានកម្រិត ៦,២%។
ទោះយ៉ាងណាក៏ដោយចុះ ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិននៅថ្ងៃទី ១៦ឧសភានេះ ចេញមកអះអាងថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងមានភាពប្រសើរឡើងនៅក្នុងខែឧសភានេះ ហើយការស្ទុះងើបឡើងវិញនៃការប្រើប្រាស់ទំនិញនឹងមានល្បឿនលឿន។
លោក Fu Linghui មន្ត្រីនាំពាក្យការិយាល័យស្ថិតិជាតិបាននិយាយថា ប្រទេសចិនកំពុងជំរុញជាបន្តបន្ទាប់ឱ្យបន្តផលិតកម្មឡើងវិញនៅក្នុងតំបន់ដែលរងគ្រោះដោយជំងឺកូវីដ១៩។ មន្ត្រីនាំពាក្យរូបនេះបានបន្ថែមថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងរក្សាបាននូវនិន្នាការល្អនៅក្នុងរង្វង់ត្រីមាសទីពីរនៅឆ្នាំនេះ។
ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ពីតួលេខប្រហាក់ប្រហែលណាមួយពាក់ព័ន្ធនឹងកំណើនសេដ្ឋកិច្ចនៅក្នុងខែនេះទេ។
យ៉ាងណាមិញ ទីក្រុងសៀងហៃ ដែលជាទីក្រុងមានការបិទខ្ទប់រយៈពេលយូរនោះ ត្រូវបានអាជ្ញាធរសុខាភិបាល អះអាងថា នឹងដកការបិទខ្ទប់វិញនៅត្រឹមថ្ងៃទី១ ខែមិថុនាខាងមុខនេះ និងរំពឹងថា ទីក្រុងដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់របស់ចិនមួយនេះ នឹងវិលមករកស្ថានភាពដូចធម្មតាឡើងវិញ នៅចុងខែមិថុនា ខណៈដែលករណីឆ្លងកូវីដ១៩ប្រចាំថ្ងៃនៅទីក្រុងមួយនេះ បន្ដមានការថយចុះ ជាលំដាប់ ពោលគឺមកនៅក្រោម១ពាន់នាក់ក្នុងមួយថ្ងៃ៕
អត្ថបទ៖ សុខ ជា