របាយការណ៍ផ្លូវការរបស់រដ្ឋបាលគយចិន បានបង្ហាញថា ការធ្វើពាណិជ្ជកម្មរវាងមហាយក្សចិន ដែលជាមហាអំណាចសេដ្ឋកិច្ធធំបំផុតទី២លើពិភពលោកជាមួយដៃគូ សម្រេចបានប្រមាណ៣,៥ទ្រីលានដុល្លារនៅ៧ខែឆ្នាំនេះ កើនឡើងជាង៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះការនាំចេញរបស់ចិន មានទំហំរហូតដល់ជាង២ទ្រីលានដុល្លារ ខណៈការនាំចូលមានទំហំជិត១,៥ទ្រីលានដុល្លារ ដែលនាំឱ្យចិន សម្រេចបានអតិរេកពាណិជ្ជកម្មជាង៥០០ពាន់ដុល្លារ កើនឡើងជិត៨% នៅ៧ខែឆ្នាំនេះ។
លោក ល្យូ តាលៀង (Lyu Daliang) ប្រធាននាយកដ្ឋានស្ថិតិ និងវិភាគនៃអគ្គរដ្ឋបាលគយចិន បានអះអាងថា សេដ្ឋកិច្ចរបស់ចិន មានដំណើរការល្អប្រសើរជាលំដាប់ចាប់តាំងពីដើមឆ្នាំនេះមកម្ល៉េះ ហើយពាណិជ្ជកម្មក្រៅប្រទេសបានរក្សាសន្ទុះថេរ និងវិជ្ជមាន ដោយកំណើនពាណិជ្ជកម្មបរទេសរបស់ចិន បានរក្សាអត្រាលើសពី៥% នៅ៤ខែជាប់ៗគ្នាគិតត្រឹមខែកក្កដា។
តំបន់អាស៊ានជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិន ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់ជិត៥៤៧ពាន់លានដុល្លារក្នុងរយៈពេល៧ខែឆ្នាំនេះ ដោយកើនឡើងជាង១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលស្មើនឹងជិត១៦% នៃពាណិជ្ជកម្មបរទេសសរុបរបស់ប្រទេសនេះ។ ចំណែកទំហំពាណិជ្ជកម្មរវាងចិន និងសហភាពអឺរ៉ុបវិញ មានចំនួនជិត៤៥០ ពាន់លានដុល្លារ ខណៈជាមួយសហរដ្ឋអាម៉េរិក មានជិត៣៨០ពាន់លានដុល្លារ និងជាមួយប្រទេសកូរ៉េខាងត្បូង មានចំនួនជាង១៨៤ពាន់លានដុល្លារ។
ដោយឡែក ការធ្វើពាណិជ្ជកម្មរវាងមហាយក្សចិន ជាមួយបណ្តាប្រទេស ដែលចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ បានហក់ឡើងដល់ជាង១ទ្រីលានដុល្លារ នៅ៧ខែឆ្នាំនេះ មានការកើនឡើងជាង៧%៕
អត្ថបទ៖ សុខ មង្គល