អ្នកជំនាញសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានអះអាងថាផលប៉ះពាល់នៃមេរោគកូវីដ១៩ គឺធំធេង និងយូរអង្វែង ដែលធ្វើឲ្យប្រជាជនជាច្រើនជាប់បំណុលធ្ងន់ធ្ងរដោយសារតែកម្ចីទិញឡាន ទិញផ្ទះផ្ទះបង់រំលស់ ខណៈប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះក្នុងអំឡុងពេលមេរោគរាតត្បាតនេះ។ បើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃនេះ។
ដំណើរកម្សាន្តរយៈពេល ៧ថ្ងៃពេញ ចាប់ផ្តើមពីថ្ងៃទី ១ ខែតុលានេះទៅ គឺជាពេលវេលាមមាញឹកបំផុត សម្រាប់ការធ្វើដំណើរកម្សាន្ត និងជាពេលវេលា ដែលគេវាស់ស្ទង់ពីតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងស្រុក របស់ប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ក្នុងលោកមួយនេះ។
ក្រុមហ៊ុនបម្រើសេវាកម្មកក់ការធ្វើដំណើរកម្សាន្ត LY.com បានរំពឹងថា នឹងមានដំណើរកម្សាន្ត ៦៥០លានជើង នៅក្នុងឆ្នាំ ២០២១នេះ ដែលស្មើនឹង ៨០% នៃការធ្វើដំណើរកម្សាន្តកាលពីឆ្នាំ ២០១៩ មុនពេលផ្ទុះឡើងនៃមេរោគកូវីដ១៩។ យ៉ាងណា តួលេខនេះ រំពឹងថាខ្ពស់ជាងឆ្នាំ ២០២០ បន្តិច ដែលមានដំណើរកម្សាន្តប្រមាណ ៦៣៧លានជើង ដោយមានថ្ងៃឈប់សម្រាករយៈពេល ៨ថ្ងៃ។
បើតាមអ្នកស្រាវជ្រាវមកពី សកលវិទ្យាល័យកណ្តាលផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅទីក្រុងប៉េកាំង បានលើកឡើងថា ផលប៉ះពាល់នៃមេរោគកូវីដ១៩ គឺធំធេង និងយូរអង្វែង ដែលធ្វើឲ្យប្រជាជនជាច្រើនជាប់បំណុលធ្ងន់ធ្ងរដោយសារតែកម្ចីទិញឡាន ទិញផ្ទះផ្ទះបង់រំលស់ ខណៈប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះក្នុងអំឡុងពេលមេរោគរាតត្បាតនេះ។ខណៈដែលសេដ្ឋកិច្ចចិន កំពុងកម្រើកឡើងវិញពីការធ្លាក់ចុះកាលពីឆ្នាំ ២០២០ជាបណ្ដើរៗនោះ វាក៏ត្រូវបានចូលបង្អាក់ទៅវិញ ដោយសារតែមានការផ្ទុះឡើងជាថ្មីនូវមេរោគកូវីដ១៩បំប្លែងថ្មី ឌែលតានៅក្នុងប្រទេសចិន និងបានឈានទៅដល់ការបិទខ្ទប់ខេត្តមួយចំនួន និងមានបញ្ហាកង្វះខាតថាមអគ្គិសនីផងដែរ។
បើតាមរបាយការណ៍របស់ក្រុមហ៊ុន Trip.com បានបង្ហាញថា ជនជាតិចិន អាចនឹងធ្វើដំណើរកម្សាន្តទៅកាន់កន្លែងដែលជិត និងចំណាយតិចជាងមុន សម្រាប់ការកម្សាន្តរយៈពេលវែង ដូចជា តំបន់ដាច់ស្រយាល និងតំបន់ដែលមានការអភិវឌ្ឍតិចតួចបំផុតនៅក្នុងប្រទេសចិន។
ក្រសួងពាណិជ្ជកម្មចិន បានលើកឡើងដែរថា នៅក្នុងខែតុលានេះ ក្រសួងនឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងជំរុញការចំណាយរបស់ប្រជាជន ដោយមានអាជ្ញាធរក្នុងស្រុកផ្តល់ជាគូប៉ុង ដែលអាចប្រើប្រាស់នៅតាម ហាងលក់ទំនិញ ផ្សារទំនើប និងភោជនីយដ្ឋាន ដើម្បីលើកទឹកចិត្តការចំណាយចាប់ពីពេលនេះ រហូតដល់សប្តាហ៍មាស នៃថ្ងៃឈប់សម្រាកក្នុងខែតុលានេះ៕អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍