ទិន្នន័យពីការិយាល័យស្ថិតិជាតិចិនបានបង្ហាញថា កាលពីខែមុន តម្លៃផ្ទះទើបសាងសង់ថ្មីបានធ្លាក់ចុះ ០,២%។ នេះជាការធ្លាក់ចុះលើកដំបូងដូចគ្នា សម្រាប់ផ្ទះសង់ថ្មី បើគិតពីខែមីនាឆ្នាំ២០១៥។
ការធ្លាក់ថ្លៃនេះ ក៏ដោយសារតែអចលនទ្រព្យមិនសូវមានតម្រូវការពីពលរដ្ឋចិន ខណៈដែលអ្នកជំនាញក្នុងវិស័យនេះ រំពឹងថា តម្រូវការ និងការផ្គត់ផ្គង់ នឹងត្រឡប់ទៅរកសភាពធម្មតាវិញ នៅចុងឆ្នាំនេះ ឬដើមឆ្នាំ២០២២ ដោយសារតែបច្ចុប្បន្ននិយ័តករ កំពុងកែប្រែគោលនយោបាយរបស់ពួកគេ ដើម្បីធ្វើឱ្យមានស្ថិរភាពក្នុងវិស័យនេះឡើងវិញ។បើមើលលើការផ្គត់ផ្គង់សម្ភារៈសំណង់វិញឃើញថា ការផ្គត់ផ្គង់សម្រាប់សំណង់ថ្មីៗ ធ្លាក់ចុះ ជិត ១៤%ក្នុងខែកញ្ញា និងបន្តធ្លាក់ចុះដល់ជាង ៣៣% គិតត្រឹមខែតុលាឆ្នាំនេះ។ ដោយឡែក គម្រោងវិនិយោគសរុបរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ បានធ្លាក់ចុះ ៣,៥%នៅខែកញ្ញា ព្រមទាំងបន្តធ្លាក់ដល់ ៦%នៅខែតុលា។
សូមជម្រាបថា បទប្បញ្ញត្តិកាន់តែតឹងរ៉ឹងលើការខ្ចីប្រាក់ថ្មីៗ របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចាប់តាំងពីរដ្ឋចិនផ្តើមអនុវត្ត កាលពីរដូវក្តៅឆ្នាំមុន បានបន្ទច់បង្អាក់ផ្នែកហិរញ្ញវត្ថុដល់អ្នកអភិវឌ្ឍន៍គម្រោងជាច្រើន ហើយដែលបានធ្វើឲ្យប៉ះពាល់ដល់គម្រោងថ្មីៗថែមទៀតផង។
ការកំណត់បទប្បញ្ញត្តិដ៏តឹងរឹងបែបនេះ ក៏ដោយសារតែប្រទេសចិន ឈរលើគោលនយោបាយយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការខ្ចីប្រាក់ក្នុងចំនួនច្រើន និងការធ្វេសប្រហែសរបស់អ្នកអភិវឌ្ឍន៍គម្រោង ក្នុងន័យបញ្ចៀសវិបត្តិបំណុលទៅថ្ងៃអនាគតក្រុមហ៊ុន Evergrande ជាដើម៕