ការបរិច្ចាគថវិការបស់ស្ថាបនិក TikTok នៅពេលនេះគឺធ្វើឡើងនៅចំពេលដែលកំពូលមហាសេដ្ឋីគ្រាក់ៗរបស់ចិនផ្សេងទៀត ក៏កំពុងប្រញាប់ប្រញាល់ធ្វើសកម្មភាពសប្បុរសធម៌កាន់តែច្រើនដែរ ពិសេសការបរិច្ចាគនៅក្នុងវិស័យអប់រំតែម្ដង ហើយសកម្មភាពនេះ គឺកើតឡើងនៅចំពេលដែលមានក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់ចិនជាច្រើនត្រូវបានរងការបង្ក្រាបយ៉ាងចាស់ដៃ ពីសំណាក់អាជ្ញាធរចិននាពេលថ្មីៗនេះ។
ស្ថាបនិក និងជាប្រធានក្រុមហ៊ុន TikTok បរិច្ចាគប្រាក់ជាង ៧៧លានដុល្លារសម្រាប់វិស័យអប់រំចិន។ ការបរិច្ចាគនេះ គឺនឹងធ្វើឡើងនៅក្នុង មូលនិធិមួយឈ្មោះថា មីហ្វាង ហ្វោនដេសិន ដើម្បីជួយដល់គ្រូបង្រៀន នៅក្នុងការអប់រំថ្នាក់ខ្ពស់ និងគាំទ្រដល់ការបង្រៀនវគ្គខ្លីៗ។ នេះបើតាមការបញ្ជាក់ពីវិទ្យាស្ថានអប់រំនៅក្នុងទីក្រុងឡុងយ៉ាងប្រទេសចិន។ មូលនិធិជួយដល់គ្រូបង្រៀននេះ គឺនឹងផ្ដោតទៅលើការអប់រំនៅទីជនបទ នៅក្នុងតំបន់មួយចំនួននៃប្រទេសចិន។
លោក ហ្សាង អ៊ីមីង ស្ថាបនិក TikTok បានប្រកាសផ្ដល់ថវិកាដល់ទៅ ៧៧លានដុល្លារសម្រាប់មូលនិធិជួយគ្រូបង្រៀននេះ នៅចំពេលដែលកំពូលមហាសេដ្ឋីចិនផ្សេងៗទៀតក៏កំពុងសម្រុកធ្វើសកម្មភាពសប្បុរសធម៌កាន់តែច្រើនដែរ ពោលគឺនៅក្រោយពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗជាច្រើនត្រូវបានអាជ្ញាធរចិនបង្ក្រាបយ៉ាងចាស់ដៃ តួយ៉ាងដូចជាក្រុមហ៊ុនអាលីបាបា និងក្រុមហ៊ុន Tencent ជាដើម។
ក្រៅតែពីស្ថាបនិកក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok បានបរិច្ចាគថវិការាប់សិបលានដុល្លារហើយនោះ នៅក្នុងខែនេះ ស្ថាបនិកក្រុមហ៊ុនដឹកជញ្ជូនអាហារដ៏ធំមួយរបស់ចិន មីធូអាន (Meituan) គឺលោក ហ្វាង ឈីង (Wang Xing) ក៏បានបរិច្ចាគប្រមាណ២ពាន់លានដុល្លារ នៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនលោក ទៅក្នុងមូលនិធិ Wang Xing របស់លោកផ្ទាល់ ដើម្បីជួយដល់វិស័យអប់រំ និងការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនដឹកជញ្ជូនអាហារ Meituan គឺមិនខុសពីក្រុមហ៊ុនអាលីបាបារបស់លោក ជេកម៉ា នោះទេ ដោយកន្លងមកក្រុមហ៊ុននេះ ប្រឈមនឹងការផាកពិន័យពីអាជ្ញាធរចិន ទាក់ទងនឹងករណីស្រដៀងគ្នា គឺ ការរំលោភច្បាប់ធ្វើពាណិជ្ជកម្មរបស់ចិន។ ហើយថ្មីៗនេះ ក្រុមហ៊ុនអាលីបាបា ក៏ទើបតែយល់ព្រមបង់ការផាកពិន័យដល់រដ្ឋចិនប្រមាណជិត៣ពាន់លានដុល្លាររួចហើយដែរ៕