គម្រោងវិនិយោគខ្នាតធំនៅក្នុងខេត្តព្រះសីហនុមួយនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុនមានសមត្ថភាពផលិតបាន សំបងកង់រថយន្តប្រមាណ ៦លានសំបក ក្នុងមួយឆ្នាំៗ ហើយវានឹងត្រូវចាប់ផ្ដើមឡើងសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឆ្នាំនេះ។ គម្រោងផលិតសំបងកង់រថយន្តនៅក្នុងក្រុងព្រះសីហនុខាងលើនេះ នឹងត្រូវចំណាយពេលសាងសង់ប្រមាណ ១៥ខែ ហើយត្រូវបានគេរំពឹងថា បញ្ចប់ការសាងសង់រួមទាំងចាប់ផ្តើមដំណើរការផលិតសំបកកង់រថយន្តចាប់ពីខែកញ្ញាឆ្នាំ២០២២ខាងមុខនេះតទៅ។
បើតាមក្រុមហ៊ុន Jiangsu General Science Technology គម្រោងនេះនឹងបង្កើតការងារបានជាង ៨០០កន្លែង ព្រមទាំងរំពឹងថាក្រុមហ៊ុនអាចនឹងទទួលបានប្រាក់ចំណេញសុទ្ធប្រចាំឆ្នាំជាមធ្យមប្រមាណជាង ២៥ លានដុល្លារអាមេរិកពីការលក់សំបករថយន្តប្រចាំឆ្នាំ ដែលគិតជាទឹកប្រាក់សរុបជាង ២១២លានដុល្លារ។
ក្រុមហ៊ុនបានគូសបញ្ជាក់ដែរថា គម្រោងរបស់ខ្លួននេះ គឺបង្កើតឡើងស្របពេលដែល រាជរដ្ឋាភិបាលកម្ពុជា កំពុងគាំទ្រលើការដាំដុះកៅស៊ូក៏ដូចជាការគាំទ្រលើវិស័យឧស្សាហកម្មជ័រកៅស៊ូនៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Jiangsu General Science Technology Co.,Ltd គឺជាក្រុមហ៊ុនផលិត លក់ និង នាំចេញសំបកកង់រថយន្ត ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ហើយបានចូលរួមយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ និង អភិវឌ្ឍន៍ការផលិត និង អាជីវកម្មសំបកកង់រថយន្ត។
គួររំឭកថា កាលពីឆ្នាំ២០២០ ក្រុមហ៊ុន ផលិត លក់ និង នាំចេញសំបកកង់រថយន្ត ចិនមួយនេះ បានបង្កើតរោងចក្រផលិតសំបងកង់រថយន្ត នៅក្រៅទឹកដីចិនលើកដំបូងរបស់ខ្លួន ក្នុងប្រទេសថៃ ដែលមានសមត្ថភាពអាចផលិតសំបកកង់រថយន្តធុនធំ បាន១លានសំបក, សំបកកង់រថយន្តក្រុង និង រថយន្តគ្រួសារបានជាង ៦លានសំបក នៅត្រឹមត្រីមាសទី៤ឆ្នាំ២០២១នេះ៕