ជុំវិញទៅនឹងដំណើរទស្សនកិច្ចនេះដែរ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ប្រាប់ខេមបូណូមីស ថា ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ចិនមកកាន់កម្ពុជានាពេលខាងមុខនេះ គឺមានគោលបំណងសំខាន់ ដើម្បីបង្កើនចំណងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-ចិនឲ្យកាន់តែស្អិតល្មួតថែមទៀត ខណៈដែលអ្នកជំនាញ សេដ្ឋកិច្ចឯណោះវិញមើលឃើញថា វត្តមានរបស់ឯកឧត្តម វ៉ាង យីមកកាន់កម្ពុជានៅសប្ដាហ៍ក្រោយនេះ គឺមានសញ្ញាវិជ្ជមានច្រើនសម្រាប់កម្ពុជាយើងទទួលផលសេដ្ឋកិច្ចពាណិជ្ជកម្ម ដ្បិតថាចិនគឺជាដៃគូសេដ្ឋកិច្ចពាណិជ្ជកម្មដ៏សំខាន់មួយ មិនអាចខ្វះបានរបស់កម្ពុជា។
ឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ប្រាប់ខេមបូណូមីសថា ឯកឧត្តម វ៉ាង យី ពិតជាមានដំណើរទស្សនកិច្ច មកកាន់កម្ពុជា នាពេលខាងមុខ ពិតប្រាកដមែន តែចំពោះកាលបរិច្ឆេទ ក៏ដូចជាបេសកម្មកាទូត រវាងប្រទេសទាំងពីរ នៅមិនទាន់មានការការកំណត់ជាក់លាក់នៅឡើយទេ។ ប៉ុន្តែ ឯកឧត្តម កុយ គួង បង្ហើបឲ្យដឹងថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់ទីប្រឹក្សារដ្ឋចិនមកកាន់កម្ពុជា គឺដើម្បីបង្កើនចំណងមិត្តភាពរវាងកម្ពុជា-ចិន ឲ្យកាន់តែល្អប្រសើរ។
ជុំវិញដំណើរទស្សនកិច្ចរបស់ ឯកឧត្តម វ៉ាង យី មកកាន់កម្ពុជានេះដែរ ត្រូវបាន បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ជាសញ្ញាវិជ្ជមានមួយ ចំពោះសេដ្ឋកិច្ចកម្ពុជា ជាមួយប្រទេសចិន។ អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានលើកឡើងថា បើទោះបីជាដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ចិន ក្នុងគោលបំណងអ្វីក៏ដោយ តែកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ ពីដំណើរទស្សនកិច្ចនេះ ពិសេសផ្នែកសេដ្ឋកិច្ច។ បណ្ឌិត ហុង វណ្ណៈ យល់ថាវត្តមានរបស់ ឯកឧត្តម វ៉ាង យី នឹងជួយពង្រឹងផ្នែកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជួយជ្រោមជ្រែងផ្នែកសេដ្ឋកិច្ច ក៏ដូចជាបង្កើនអ្នកវិនិយោគិនចិន នៅកម្ពុជាផងដែរ។
បច្ចុប្បន្ន ចិនគឺជាដៃគូពាណិជ្ជកម្មធំមួយរបស់កម្ពុជា ទាំងវិស័យពាណិជ្ជកម្ម និងការវិនិយោគ ពិសេសចិនគឺជាទីផ្សារនាំចេញសម្រាប់កសិផលសក្ដានុពលរបស់កម្ពុជាជាច្រើនដូចជា អង្ករ ផ្លែស្វាយស្រស់ និងចេកអំបូងលឿងជាដើម។ យ៉ាងណាមិញ កម្ពុជា និងចិនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នារួចរាល់ហើយដែរ ដែលរំពឹងថានឹងចូលជាធរមាននៅដើមឆ្នាំ២០២២ខាងមុខ។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ កម្ពុជាអាចនាំចេញទំនិញរហូតដល់ទៅជាង៣០០មុខទៅកាន់ទីផ្សារប្រទេសចិន ដោយមិនចាំបាច់បង់ពន្ធនោះទេ ដែលវាត្រូវបានគេមើលឃើញថា នឹងបើកឱកាសកាន់តែធំទូលាយសម្រាប់ផលិតផលកសិកម្មកម្ពុជាក្នុងការនាំចេញទៅកាន់ទីផ្សារចិន និងការស្រូបទាញការវិនិយោគពីក្រៅប្រទេសចូលមកកម្ពុជាកាន់តែច្រើនផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កន្លងមកបានបង្ហាញថា នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយនឹងប្រទេសចិន មានទឹកប្រាក់សរុបប្រមាណជាង ៨.១០០លានដុល្លារអាមេរិក ហើយភាគីទាំងពីរក៏មានក្ដីរំពឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីនឹងឈានដល់ ១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ខាងមុខនេះជាក់ជាមិនខានឡើយ៕