គេសង្កេតឃើញថា តាំងពីមានវិធានការបិទខ្ទប់ និងរក្សាគម្លាតសង្គមនៅតាមប្រទេសជាច្រើន បានជំរុញឲ្យទីផ្សារហ្គេមហក់ឡើងយ៉ាងខ្លាំង។ ជាក់ស្ដែង តាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Strategy Analytics បានឲ្យដឹងថា ទីផ្សារហ្គេមពិភពលោកត្រូវបានរំពឹងថា នឹងកើនឡើងដល់ទៅ ២៥០ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ កើនពីប្រមាណ ១៥០ពាន់លានដុល្លារ កាលពីឆ្នាំ២០២០។
កត្តានេះ គឺជាហេតុផលមួយបានជំរុញឲ្យ ក្រុមហ៊ុនយក្សចិន Tencent នឹងទិញយកក្រុមហ៊ុនផលិតហ្គេមរបស់អង់គ្លេស គឺ Sumo ក្នុងតម្លៃដល់ទៅជិត១ពាន់៣រយលានដុល្លារ។
ក្រុមហ៊ុន Sumo និងក្រុមហ៊ុន Sixjoy Hong Kong ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្ស Tencent បានប្រកាសអំពីកិច្ចព្រមព្រៀងទិញលក់ក្រុមហ៊ុននេះ កាលពីសប្ដាហ៍មុននេះ។
ក្រុមហ៊ុនផលិតហ្គេម Sumo គឺជាក្រុមហ៊ុនហ្គេមមួយក្នុងចំណោមក្រុមហ៊ុនផលិតហ្គេមល្អបំផុតនៅអឺរ៉ុប ដែលមានសហការជាមួយនឹងក្រុមហ៊ុន Sony, Sega និងក្រុមហ៊ុនផ្សេងទៀត។ កិច្ចព្រមព្រៀងទិញលក់ក្រុមហ៊ុនរវាង Tencent និង Sumo នេះ ត្រូវបានអ្នកជំនាញ មើលឃើញថា ក្រុមហ៊ុន Sumo នឹងជួយឲ្យក្រុមហ៊ុន Tencent អាចផលិតហ្គេមលំដាប់ពិភពលោកក្នុងតម្លៃទាបជាមួយវិសាលភាពទីផ្សារធំ ក្រៅតែពីប្រទេសចិន។
ការស្រាវជ្រាវមួយ បានបង្ហាញថា ភាពពេញនិយមនៃហ្គេមអនឡាញ ត្រូវបានរំពឹងថា នឹងមានការថយចុះមកនៅក្រោយពេលកូវីដ-១៩ ប៉ុន្ដែ និងមានធ្លាក់ចុះខ្លាំងនោះទេ ដោយសារតែមនុស្សវ័យក្មេងៗ នៅតែចូលចិត្តលេង គួបផ្សំនឹងមានបច្ចេកវិទ្យា 5G ដែលជំរុញឲ្យការលេងនៅលើអនឡាញកាន់តែមានភាពងាយស្រួល៕