ធនាគារកណ្តាល និងនិយតករហិរញ្ញវត្ថុរបស់ប្រទេសចិនកាលពីថ្ងៃទី៣១ សីហា បាននិយាយថា ចាប់ពីថ្ងៃទី២៥ ខែកញ្ញាតទៅ ពលរដ្ឋណា ដែលទទួលបានកម្ចីទិញផ្ទះ ដើម្បីទិញផ្ទះជាលើកដំបូង គឺអាចដាក់ពាក្យទៅធនាគារដែលពួកគេបានខ្ចីនោះ ដើម្បីទទួលបានការបញ្ចុះអត្រាការប្រាក់ដែលពួកគេត្រូវបានបច្ចុប្បន្ន។
អ្នកខ្ចីប្រាក់ទិញផ្ទះលើកដំបូង និងធនាគារអាចចរចាគ្នារកវិធីសមស្របណាមួយ ក្នុងចំណោមវិធី២យ៉ាង ដើម្បីកាត់បន្ថយអត្រាការប្រាក់ ដែលមានស្រាប់។ វិធីទាំង២យ៉ាងនេះ ទីមួយគឺ ស្នើសុំបញ្ចុះអត្រាការប្រាក់ក្នុងកិច្ចសន្យាកម្ចី ដែលកំពុងមានបច្ចុប្បន្ន និងទីពីរគឺ អាចស្នើសុំកម្ចីបន្ថែមជាមួយនឹង អត្រាការប្រាក់ទាប ពីលើកម្ចីទិញផ្ទះដែលកំពុងមាននាពេលបច្ចុប្បន្ន។
ការបង់ប្រាក់កក់មុនសម្រាប់កម្ចីទិញផ្ទះ ក៏នឹងត្រូវបានកាត់បន្ថយផងដែរ នៅក្នុងទីក្រុងមួយចំនួនក្នុងប្រទេសចិន។ វិធានការថ្មីនេះបានកំណត់ថា អត្រាប្រាក់កក់មុន សម្រាប់ការទិញផ្ទះដំបូងមិនគួរទាបជាង ២០% ហើយសម្រាប់អ្នកទិញផ្ទះទី២ គឺមិនទាបជាងជាង៣០%នោះទេ។ អត្រានេះ គឺមានទាប បើធៀបនឹង អត្រាដែលមានបច្ចុប្បន្ននៅទីក្រុងធំៗភាគច្រើន មានអត្រាប្រាក់កក់មុន ៣០% សម្រាប់កម្ចីទិញផ្ទះដំបូង និង៤០% ឬលើសពីនេះសម្រាប់ការទិញផ្ទះទី២។
ទីក្រុងប៉េកាំងបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងទីផ្សារអចលនទ្រព្យដែលកំពុងមានវិបត្តិ ខណៈដែលវិស័យនេះ បានរួមចំណែកប្រហែលមួយភាគបួននៃសេដ្ឋកិច្ចរបស់ចិន។
ធនាគារខ្នាតមធ្យមចំនួន២ របស់រដ្ឋចិនគឺធនាគារ Industrial Bank និងធនាគារ China Bohai Bank បានប្រកាសកាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហាថា ពួកគេនឹងចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ចន្លោះពី ០,១០% ទៅ០,២៥% ទៅលើប្រភេទប្រាក់បញ្ញើមួយចំនួនចាប់ពីថ្ងៃសុក្រនេះតទៅ ហើយវាក៏ត្រូវបានគេមើលឃើញថា នឹងធ្វើឲ្យអត្រាការប្រាក់កម្ចីទិញផ្ទះ នឹងមានការថយចុះដូចគ្នាដែរ៕