យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗ វិនិយោគិនចិន ដែលស្ថិតនៅក្នុងចំណោមអ្នកទិញដ៏សកម្មបំផុតលើគម្រោងអចលនទ្រព្យពាណិជ្ជកម្មនៅសហរដ្ឋអាម៉េរិក បានលក់អចលនទ្រព្យពាណិជ្ជកម្មទាំងនោះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៩។ នៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ វិនិយោគិនចិនទាំងនោះបានលក់ទ្រព្យវិនិយោគរបស់ពួកគេមានតម្លៃសរុបដល់ជិត៣២ពាន់លានដុល្លារ មានកើនឡើង១៥ដង បើធៀបនឹង៥ឆ្នាំមុន។ កំណើនយ៉ាងគំហុកនៃការលក់ទ្រព្យសម្បត្តិរបស់វិនិយោគិនចិននេះ គឺកើតឡើងក្រោយរដ្ឋាភិបាលចិន និងសហរដ្ឋអាម៉េរិក នៅតែបន្តមានវិវាទពាណិជ្ជកម្មនឹងគ្នាជាបន្តបន្ទាប់។
ជាមួយគ្នានេះ និន្នាការនៃការវិនិយោគរបស់វិនិយោគិន នៅសហរដ្ឋអាម៉េរិក ត្រូវបានគេរំពឹងថា នឹងបន្តថមថយបន្ថែមទៀត ប្រសិនបើសម្ពាធនៃការកើនឡើងអត្រាការប្រាក់ធ្វើឱ្យធ្លាក់ចុះជាបន្តបន្ទាប់នូវតម្លៃទ្រព្យសកម្មនៅក្នុងសហរដ្ឋអាម៉េរិក។ បន្ថែមពីលើនេះ អ្នកវិនិយោគចិនមួយចំនួន ក៏កំពុងប្រញាប់ប្រញាល់លក់ការកាន់កាប់អចលនទ្រព្យបរទេសរបស់ពួកគេ ដើម្បីដកសាច់ប្រាក់ ខណៈដែលពួកគេប្រឈមនឹងវិបត្តិអចលនទ្រព្យកាន់តែអាក្រក់នៅក្នុងប្រទេសចិន។
ការលក់ដ៏ធំបំផុតបានកើតឡើងនៅអំឡុងឆ្នាំ២០១៩ នៅពេលដែលក្រុមហ៊ុន GLP ដែលជាក្រុមហ៊ុនដឹកជញ្ជូនរបស់សិង្ហបុរី គាំទ្រដោយសម្ព័ន្ធវិនិយោគិនចិន បានលក់ទ្រព្យសម្បត្តិឧស្សាហកម្មឆ្លងកាត់មូលនិធិជាច្រើនទៅឱ្យក្រុមហ៊ុន Blackstone Real Estate Partners ដែលមានទំហំទឹកប្រាក់ជិត១៩ពាន់លានដុល្លារ។
ក្រៅពីវិនិយោគិនចិន នៅសហរដ្ឋអាម៉េរិក វិនិយោគិនចិននៅហុងកុង ដែលជាអ្នកទិញគម្រោងអចលនទ្រព្យនៅដែនកោះនេះ ក៏មានសេចក្តីរាយការណ៍ពីការសម្រុកប្រមូលលក់គម្រោងនានារបស់ពួកគេនៅហុងកុងផងដែរ បន្ទាប់ពីអាជ្ញាធរប្រកាសដកការទប់ស្កាត់នៅដែនដីនេះ៕
ដោយ: សរ សុជាតិ