ក្រោយខកខានអស់ពីរឆ្នាំ ឆ្នាំនេះជាឆ្នាំទីមួយហើយដែលពលរដ្ឋចិនអាចមានសេរីភាពប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីដោយសេរី ដោយគ្មាននយោបាយសូន្យកូវីដ គ្មានឡើយការបិទខ្ទប់ ការធ្វើចត្តាឡីស័ក ឬការធ្វើតេស្តមុនចេញនិងចូលខេត្តនានា។
ចាប់ពីចុងសប្តាហ៍មុនមកគេឃើញមនុស្សម្នាចាប់ផ្តើមចេញដំណើរទៅតាមគោលដៅរៀងខ្លួន តាមរយៈជើងរថភ្លើង ជើងយន្តហោះ ដែលធ្វើឱ្យទីតាំងទាំងនេះមានសភាពណែនតាន់តាប់ឡើងវិញ។ ទោះយ៉ាងណា អាជ្ញាធរចិនប៉ានស្មានថា ចំនួនអ្នកដំណើរអាចនៅមានទាបជាងកំរិតមុនសម័យកូវីដ១៩ដដែល។
បើតាមការព្យាកររបស់ក្រសួងដឹកជញ្ជូនចិន សកម្មភាពធ្វើដំណើរនឹងកើនឡើងដល់២ពាន់លាន ក្នុងរយៈពេល៤០ថ្ងៃនៃវេលាអបអរពិធីបុណ្យចូលឆ្នាំថ្មី ដែលចាប់ផ្តើមពីថ្ងៃទី៧មករានេះទៅ។ ជាការកើនឡើងប្រមាណ៩០% ឬត្រូវជា៧០%បើប្រៀបទៅចំនួនធ្វើដំណើរកាលពីឆ្នាំ២០១៩ មុនផ្ទុះជំងឺរាតត្បាតកូវីដ១៩។
ដោយឡែក សម្រាប់ការធ្វើដំណើរចេញចូលប្រទេសវិញ បន្ទាប់ពីរយៈពេលជិតបីឆ្នាំដូចគ្នា ទីបំផុតជនជាតិចិនអាចធ្វើដំណើរចេញក្រៅប្រទេសរបស់ពួកគេដោយមិនប្រឈមនឹងការរឹតបន្តឹងខ្លាំងដូចមុនឡើយ។
ចាប់ពីថ្ងៃអាទិត្យម្សិលមិញមក គេអាចហោះហើរត្រង់ចេញក្រៅប្រទេសចិន ពិសេសប្រជាជនជាច្រើននាក់បានធ្វើដំណើរឆ្លងកាត់ព្រំដែនជាមួយក្រុងហុងកុង និងក្រុងសិនចិនរបស់ប្រទេសចិន ដោយមិនចាំបាច់ធ្វើតេស្ត ឬចត្តាឡីស័ក។
ទោះយ៉ាងណា ការបើកទូលាយសម្រាប់ការធ្វើដំណើរទាំងក្នុងនិងក្រៅប្រទេសចិននៅពេលនេះក៏ជាការសម្រួលឱ្យមានរលកចម្លងកូវីដកាន់តែធំធេងដែរ។ ជាក់ស្តែង គ្រាន់តែរដ្ឋាភិបាលក្រុងប៉េកាំងបោះបង់វិធានការសូន្យកូវីដភ្លាមកាលពីពាក់កណ្តាលខែធ្នូ ករណីវិជ្ជមានបានផ្ទុះឡើងយ៉ាងខ្លាំង មន្ទីរពេទ្យចាល់ណែន កន្លែងបញ្ចុះសពបន្តកន្ទុយរង់ចាំ។
សូមជម្រាបថា ប្រជាជនចិនអាចធ្វើដំណើរទៅបរទេសបានវិញមែន តែមានប្រទេសជាង១០ហើយនៅលើពិភពលោក បានលើករនាំងការពារ ទាមទារឱ្យអ្នកដំណើរមកចិនត្រូវបង្ហាញតេស្តអវិជ្ជមានវិញម្តងទើបឱ្យចូលក្នុងប្រទេសខ្លួន៕