សេចក្តីប្រកាសព័ត៌មានពីអាជ្ញាធរចិន បានឲ្យដឹងថា ពន្ធនាំចូលលើផលិតផលសាច់ជ្រូក នឹងកើនឡើងពី ៨% មកដល់១២%វិញ រាប់ចាប់តាំងពីថ្ងៃទី ០១ខែមករាឆ្នាំ២០២២តទៅ។ អត្រាពន្ធថ្មីនេះនឹងត្រូវអនុវត្តលើប្រទេសអ្នកនាំចូលផលិតផលសាច់ជ្រូកទាំងអស់ មកកាន់ប្រទេសចិន។
ការដំឡើងពន្ធមកកម្រិត ១២%វិញនេះ នឹងឈានទៅកាត់បន្ថយការនាំចូលជ្រូកពីប្រទេសអ្នកចិញ្ចឹម និងនាំចេញជ្រូកធំៗ ដូចជាសហរដ្ឋអាមេរិក និងប្រទេសអេស៉្បាញជាដើម ដែលប្រទេសទាំងពីរនេះ កំពុងកត់ត្រាពីការធ្លាក់ចុះ ការនាំចេញទៅប្រទេសចិនជាបណ្តើរៗហើយ នៅប៉ុន្មានខែចុងក្រោយនេះ។
មែនទែនទៅ ផលិតផលសាច់ជ្រូករបស់អាមេរិក បានរងការដាក់រនាំងពន្ធគយមួយកម្រិតរួចហើយ ពីរដ្ឋអំណាចទីក្រុងប៉េកាំង ដោយសារតែមានជម្លោះនៃសង្រ្គាមពាណិជ្ជកម្ម ពោលគឺចិនបានដាក់ពន្ធលើសាច់ជ្រូកអាមេរិកដល់ទៅអត្រា ២៥%ឯណោះ។ បើបន្ថែមនឹងអត្រាពន្ធធម្មតាទៀត អត្រាពន្ធផលិតផលសាច់ជ្រូករបស់អាមេរិកនាំចូលទៅចិន គឺមានដល់ជាង ៣០%ឯណោះ។