នៅក្នុងអំឡុងពេលសម្រាកដ៏យូរបំផុតនៅក្នុងប្រទេសនាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ខ្លួនកាលពីសប្តាហ៍កន្លងទៅ ស្ថិតិបានបង្ហាញថា សកម្មភាព និងការចំណាយសម្រាប់ដំណើរទេសចរណ៍ក្នុងប្រទេស ដែលកំពុងមានកើនឡើងរួចហើយនោះ និងការចេញកម្សាន្តនៅក្រៅប្រទេសមានកំណើនកើនឡើងគួរឱ្យកត់សម្គាល់។ កំណើនភ្ញៀវទេសចរចិន ចេញក្រៅប្រទេសនេះ កំពុងផ្តល់ក្តីសង្ឃឹមដល់ប្រទេសដែលពឹងផ្អែកខ្លាំងខាងឧស្សាហកម្មទេសចរណ៍ ជាពិសេសទីផ្សារទេសចរណ៍ចិន បើទោះបីជាទស្សនវិស័យនៃការងើបឡើងវិញជានិរន្តរភាពនៅមិនទាន់ច្បាស់ក៏ដោយចុះ។
ពាក់ព័ន្ធនឹងស្ថានភាពដ៏វិជ្ជមាននេះ អ្នកវិភាគនៅធនាគារ HSBC បាននិយាយនៅក្នុងកំណត់ត្រាស្រាវជ្រាវមួយថា ទោះបីជាមានវិបត្តិម៉ាក្រូសេដ្ឋកិច្ចក៏ដោយ អ្នកវិភាគនោះជឿថា ពលរដ្ឋចិននៅតែមានឆន្ទៈក្នុងការចំណាយ ដើម្បីទទួលបានបទពិសោធន៍ទាក់ទងនឹងការធ្វើដំណើរ និងរំពឹងថា ការចំណាយទាក់ទងនឹងការធ្វើដំណើរអាចបន្តលើសពីការប្រើប្រាស់ក្នុងស្រុក។
យោងតាមប្រតិបត្តិករគេហទំព័រទេសចរណ៍ Trip.com បានឱ្យដឹងថា ការកក់សំបុត្រយន្តហោះមកកាន់ប្រទេសសិង្ហបុរី ថៃ និងម៉ាឡេស៊ី រួមបញ្ចូលគ្នាបានកើនឡើងជាង៣0% នៅក្នុងអំឡុងពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែកុម្ភៈ បើធៀបនឹងឆ្នាំ២០១៩ ហើយនៅក្នុងអំឡុងពេលនេះ ភ្ញៀវទេសចរចិនជាច្រើនក៏បានចេញទៅកាន់ទីក្រុងហុងកុង ម៉ាកាវ ជប៉ុន និងកូរ៉េខាងត្បូងផងដែរ។
ក្រៅពីការចំណាយនៅលើការធ្វើដំណើរការចំណាយ និងការទូទាត់នានាក៏កើនឡើងដែរ នៅក្នុងអំឡុងពេលនេះ ដោយ Alipay បាននិយាយថា ការចំណាយនៅក្នុងប្រទេសសិង្ហបុរី ថៃ និងម៉ាឡេស៊ី តាមរយៈ App របស់ខ្លួន មានការកើនឡើងជាង៧% ក្នុងរយៈពេលពីថ្ងៃទី៩ ដល់ថ្ងៃទី១២ខែកុម្ភៈ បើធៀបនឹងឆ្នាំ២០១៩ កន្លងទៅ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនទូទាត់តាមអនឡាញនេះបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ការចំណាយរបស់អ្នកប្រើប្រាស់សរុបបានងើបឡើងវិញត្រឹមតែ៨២%នៃកម្រិតកាលពី៤ឆ្នាំមុនប៉ុណ្ណោះ៕
ដោយៈ សរ សុជាតិ