


លោក ចន ប៊ែល បានឱ្យដឹងទៀតថា ធនាគារ ជីប ម៉ុង សាខាសែនសុខម៉ល ត្រូវបានរចនាឡើង ក្នុងតំបន់សែនសុខនេះ គឺដើម្បីបម្រើសេវាកម្មសម្បូរបែប និងល្អឥតខ្ចោះជូនអតិថិជន។
លោក ចន ប៊ែល បានលើកឡើងយ៉ាងដូច្នេះថា ៖ «ធនាគារ ជីប ម៉ុង សាខាសែនសុខម៉ល គឺបង្កើតឡើងដើម្បីបំពេញតម្រូវការអតិថិជនដែលរស់នៅ ឬប្រកបការងារនៅតំបន់នេះ។ ជាទូទៅធនាគារយើង តែងតែផ្សារភ្ជាប់ខ្លួនជាមួយនឹងបណ្តាញពាណិជ្ជកម្មផ្សេងៗទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង ដើម្បីធ្វើឱ្យអតិថិជនកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា។ សាខាធនាគារក្នុងផ្សារ ជីប ម៉ុង ក៏ផ្តល់ភាពងាយស្រួលចំពោះអតិថិជន មិនត្រឹមតែធ្វើប្រតិបត្តិការហរិញ្ញវត្ថុប៉ុណ្ណោះទេ ហើយថែមទាំងអាចឆ្លៀតពេលដើរកម្សាន្ត និងទិញទំនិញក្នុងផ្សារបានផងដែរ»។

លោក ចន ប៊ែល បានឱ្យដឹងបន្ថែមថា៖ ដោយមានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន ក្រុមហ៊ុន ជីប ម៉ុង សម្រាប់ប្រតិបត្តិការ៣ឆ្នាំមកនេះ ធនាគារជីបម៉ុងមានទ្រព្យសកម្មសរុបជិត ៨០០លានដុល្លារអាមេរិក ដែលក្នុងនោះ ឥណទានសរុបកើនឡើងជិត ៥០០លានដុល្លារអាមេរិក និងទទួលបានប្រាក់បញ្ញើពីអតិថិជនជាង ៧០០ លានដុល្លារអាមេរិក»។

គួរជម្រាបជូនថា ក្នុងចំណោមសាខាចំនួន១២ ដែលរាប់គិតទាំងសាខាសែនសុខនេះ ធនាគារ ជីប ម៉ុង មាន ៩សាខានៅភ្នំពេញ និង៣សាខាទៀត នៅបណ្ដាខេត្តដូចជា កំពង់ចាម បាត់ដំបង និងសៀមរាប។ ធនាគារ ជីប ម៉ុង មានម៉ាស៊ីន ATM សរុបចំនួន៣២ បម្រើការ ២៤ម៉ោង ដៃគូសហការទូទាត់ចំនួន ១.២០០ទីតាំង និងភ្នាក់ងារធនាគារចំនួន ១៣២កន្លែង ទូទាំងប្រទេស៕
