 
      លោកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានឲ្យដឹងដែរថា គម្រោង ជីប ម៉ុង ECOCYCLE ចំណាយទឹកប្រាក់វិនិយោគជាង ៤លានដុល្លារអាមេរិក ហើយមានសមត្ថភាពដុតកំទេចសំណល់ឧស្សាហកម្ម ៧ពាន់តោនក្នុង ១ខែ ដោយបច្ចុប្បន្ន ក្រុមហ៊ុន បាននិងកំពុងធ្វើការជាមួយ តំបន់សេដ្ឋកិច្ចភ្នំពេញ និងខេត្តព្រះសីហនុ។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា បញ្ហាគ្រប់គ្រងកាកសំណល់ គឺជារឿងដ៏ឈឺក្បាល ព្រោះប្រជាពលរដ្ឋកម្ពុជាគ្រប់រូប សុទ្ធតែចង់បានការរស់នៅក្នុងទីក្រុងស្អាត ហើយការចូលរួមរបស់ ក្រុមហ៊ុន ជីប ម៉ុង លើគម្រោងកែច្នៃសំណល់នេះ គឺជាការចូលរួមលើកកម្ពស់បរិស្ថាន យ៉ាងពិតប្រាកដ។
ឯកឧត្តម សាយ សំអាល់ ក៏បានចាត់ទុក គម្រោង ជីប ម៉ុង ECOCYCLE ជាគំរូល្អមួយ សម្រាប់ក្រុមហ៊ុនដទៃផ្សេងទៀត ដែលគួរវិនិយោគលើ បញ្ហាគ្រប់គ្រងកាកសំណល់ ធ្វើយ៉ាងណាប្រែក្លាយសំណល់ទៅជា ផលប្រយោជន៍សេដ្ឋកិច្ច។
លោក នីកូឡាស់ ចច នាយកប្រតិបត្តិនៃក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី ស៊ីមេន បានមានប្រសាសន៍ដែរថា គម្រោងកែច្នៃសំណល់នេះ គឺជាដំណាក់កាលបើកផ្លូវដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅរក ការរួមចំណែកលើកកម្ពស់បរិស្ថាននៅកម្ពុជា ដោយយើងអាចគ្រប់គ្រងកាកសំណល់មកពី រោងចក្រកាត់ដេរ រោងចក្រស្បែកជើង និងវិស័យផ្សេងៗជាច្រើនទៀត។
 
      លោក នីកូឡាស់ បន្តថា បើទោះបីជាក្រុមហ៊ុន ជីប ម៉ុង ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ បែបលក្ខណៈគ្រួសារ តែវាជាការវិនិយោគរយៈពេលវែង ហើយ ជីប ម៉ុង មានការប្តេជ្ញាខ្ពស់ ក្នុងការរួមចំណែកលើកកម្ពស់បរិស្ថានរបស់ប្រទេសកម្ពុជា តាមរយៈគម្រោង ECOCYCLE នេះ ដែលជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិច និងគ្រប់គ្រងកាកសំណល់ កាន់តែប្រសើរជាងមុន។
 
      គួរជម្រាបដែរថា គម្រោង ជីប ម៉ុង ECOCYCLE នេះអាចកែច្នៃកាកសំណល់ ដែលមានគ្រោះថ្នាក់ និងមិនមានគ្រោះថ្នាក់ ដោយប្រើប្រាស់បច្ចេកវិទ្យា ខូ-ប្រូសេសស៊ីង (co-processing) ដែលជាការដុតដោយឡស៊ីម៉ងតិ៍ ទទួលស្គាល់ជាសកល ដោយអង្គការអន្តរជាតិជាច្រើន ហើយវាធានានូវ ការកម្ចាត់កាកសំណល់ឧស្សាហកម្ម ដោយមិនបន្សល់ទុកកាកសំណល់អ្វីទាំងអស់ និងកាត់បន្ថយការបំភាយឧស្ម័នកាបូនិចទៀតផង៕
 
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              