
ការអះអាងរបស់ថ្នាក់ដឹកនាំកំពូលរបស់ធនាគារ ជីប ម៉ុង យ៉ាងដូច្នេះ ធ្វើឡើងកាលពីថ្ងៃទី២១ ខែកញ្ញា នៅក្នុងពិធីបើកសម្ពោធជាផ្លូវការ សាខាថ្មីទី ១៥ ដ៏ប្រណីតរបស់ធនាគារ ជីប ម៉ុង នៅអគារ ជីប ម៉ុង ថោវើរ។

ការពង្រីកខ្លួនរបស់ធនាគារ ជីប ម៉ុង ទៅកាន់អគារពាណិជ្ជកម្មចម្រុះ ជីប ម៉ុង ថៅវើរ ដ៏ប្រណីត ដែលជាគម្រោងវិនិយោគជាង ២៣០លានដុល្លារអាមេរិក របស់ក្រុមហ៊ុន ជីប ម៉ុង មួយនេះ បានឆ្លុះបញ្ចាំងពីការចាក់គ្រឹះដ៏រឹងមាំ និងវិសាលភាពរីកដុះដាលទៅមុខកាន់តែឆ្ងាយរបស់ធនាគារ ជីប ម៉ុង ដើម្បីកសាងកេរ្តិ៍ឈ្មោះ និងបង្កើនទំនុកចិត្តជាមួយប្រជាជនកម្ពុជាឱ្យកាន់តែមុតមាំ។
អ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍ថា “បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលលោកកំពុងជួបឧបសគ្គយ៉ាងណា គិតមកត្រឹមពាក់កណ្តាលឆ្នាំ ២០២៣ ទ្រព្យសកម្មរបស់ធនាគារ ជីប ម៉ុង នៅតែអាចកើនឡើងរហូតដល់ ១៣០០លានដុល្លារអាមេរិក ដោយឡែកប្រាក់កម្ចីបានកើនឡើងដល់ ៧៧២លានដុល្លារអាមេរិក និងប្រាក់បញ្ញើបានកើនឡើងដល់ ១១០០លានដុល្លារអាមេរិក។”

អ្នកឧកញ៉ា លាង ម៉េង មានប្រសាសន៍បន្ថែមថា៖ “ធនាគារកូនខ្មែរមួយនេះ បោះជំហានចូលទីផ្សារក្រោយគេបន្តិចមែន ប៉ុន្តែយើងមានភាគទុនិក ដែលមានយុទ្ធសាស្ត្រនិងចក្ខុវិស័យវែងឆ្ងាយ ក្នុងការប្រែក្លាយធនាគារ ជីប ម៉ុង ឱ្យក្លាយជាធនាគារឈានមុខគេ និងអាចឈជើងលើទីផ្សាររាប់រយឆ្នាំទៅមុខ។”
អ្នកឧកញ៉ា លាង ម៉េង ក៏បានគូសបញ្ជាក់អំពី ដែរថា ជាមួយនឹងភាគទុនិក ដែលមានយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយ ក្រុមហ៊ុន ជីប ម៉ុង នឹងប្រែក្លាយធនាគារដែលវិនិយោគដោយកូនខ្មែរសុទ្ធសាធមួយនេះ ឲ្យក្លាយជាធនាគារក្នុងស្រុកឈានមុខគេ និងអាចឈជើងលើទីផ្សាររាប់រយឆ្នាំ ទៅមុខ។

លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក៏បានធ្វើការកោតសរសើរចំពោះ ធនាគារ ជីប ម៉ុង និងក្រុមហ៊ុន ជីប ម៉ុង ទាំងមូល ដែលតែងនាំមកជូនប្រជាជនកម្ពុជានូវផលិតផល និងសេវាកម្មជាច្រើន ប្រកបដោយគុណភាពខ្ពស់ ព្រមទាំងបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជាផងដែរ។ លោកជំទាវបានគូសបញ្ជាក់ថា ការសម្ពោធដាក់ឲ្យប្រើប្រាស់សាខាថ្មីររបស់ធនាគារ ជីប ម៉ុង នាពេលនេះ មិនត្រឹមតែរួមចំណែកសំខាន់ក្នុងការចូលរួមលើកកម្ពស់វិស័យធនាគារនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែក៏រួមចំណែកធ្វើឲ្យអ្នកវិនិយោគពីខាងក្រៅសម្លឹងឃើញពីរឹងមាំផ្នែកសេដ្ឋកិច្ច និងកាន់តែមើលឃើញពីឱកាសវិនិយោគនៅកម្ពុជាផងដែរ។

សូមជម្រាបថា សាខាធនាគារ ជីប ម៉ុង នៅអគារ ជីប ម៉ុង ថៅវើរ ដែលស្ថិតនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញនេះ គឺមានលក្ខណៈកាន់តែពិសេស និងប្រណីតជាងមុន ជាមួយទីតាំងធំទូលាយ និងបរិយាកាសប្រកបដោយផាសុកភាព ដើម្បីធានាថាការផ្តល់ជូនសេវាកម្មកម្រិតស្តង់ដារ ជាមួយនឹងការយកចិត្តទុកដាក់ដ៏ល្អឥតខ្ចោះ ស្របតាមតម្រូវការរបស់អតិថិជន។ លើសពីនេះ ធនាគារ ជីប ម៉ុង ក៏មាន VIP Lounge នៅក្នុងសាខាថ្មីនេះ ដែលជាកន្លែងទទួលភ្ញៀវដ៏ប្រណីត ផ្តល់ជូនបទពិសោធន៍សេវាកម្មធនាគារផ្តាច់មុខជូនអតិថិជន ប្រកបដោយឯកជនភាព អាទិភាព និងអត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ឆ្លុះបញ្ចាំងពីឧត្តមភាពរបស់អតិថិជន។

