អង្គការសហប្រជាជាតិ បាននិយាយថា មនុស្សប្រហែល៤ពាន់២រយនាក់បានស្លាប់ និងជាង១ម៉ឺននាក់បានរងរបួសនៅក្នុងជម្លោះរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី៧ ខែតុលា ខណៈដែលពលរដ្ឋប៉ាឡេស្ទីន ជាង២លាននាក់ កំពុងជាប់គាំងនៅតំបន់ហ្កាហ្សាស្ទី្រប ដែលហ៊ុំព័ទ្ធដោយកងទ័ពអ៊ីស្រាអែល ដោយក្នុងនោះមានជាង១លាននាក់ ត្រូវការជំនួយជាបន្ទាន់។
លោក រីឆាដ ភីភឺខន (Richard Peeperkorn) តំណាងអង្គការសុខភាពពិភពលោក ប្រចាំដែនដីប៉ាឡេស្ទីន បាននិយាយថា ពិតណាស់បញ្ហាប្រឈមដ៏ធំបំផុតសម្រាប់ពួកគេនៅពេលនេះ គឺការនាំយកជំនួយដូចជាប្រេងឥន្ធនៈ ទឹក អាហារ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តដទៃទៀត ដែលកំពុងតែជិតអស់ ដើម្បីជួយពលរដ្ឋនៅតំបន់នោះ ហើយការរារាំងជំនួយមនុស្សធម៌នេះ គឺកំពុងធ្វើឱ្យស្ថានការណ៍កាន់តែមានមហន្តរាយខ្លាំងឡើងថែមទៀត។
ថ្មីៗនេះទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ ត្រូវការថវិកាជំនួយជិត៣លានដុល្លារ ដើម្បីបំពេញតម្រូវការបន្ទាន់របស់ប្រជាជននៅក្នុងតំបន់ហ្កាហ្សា និងតំបន់ជុំវិញនោះ ហើយមកដល់ពេលនេះមានប្រទេសមួយចំនួនបានបរិច្ចាគថវិកាដល់សហប្រជាជាតិ ដើម្បីជួយសង្គ្រោះពលរដ្ឋប៉ាឡេស្ទីន។
កាលពីថ្ងៃអង្គារ ប្រទេសហូឡង់ បានប្រកាសផ្ដល់វិភាគទានថ្មី ចំនួន១០លានអឺរ៉ូ ប្រហែលជាង១០លានដុល្លារបន្ថែមពីលើថវិកាចំនួន៥៤លានដុល្លារ ដែលប្រទេសហូឡង់ បានត្រៀមសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងជំនួយមនុស្សធម៌ប្រចាំឆ្នាំសម្រាប់ប៉ាឡេស្ទីននៅឆ្នាំនេះ។
រដ្ឋមន្ត្រីអភិវឌ្ឍន៍ហូឡង់ លោក លីចេ ស្កេ្រណេម៉ាឆឺ (Liesje Schreinemacher) បានប្រកាសកាលពីថ្ងៃអង្គារ ថា ថវិកាបន្ថែមថ្មីនេះ គឺសម្រាប់ជំនួយមនុស្សធម៌សម្រាប់តំបន់ហ្កហ្សាផ្ដោតសំខាន់លើម្ហូបអាហារ ទឹក និងការថែទាំវេជ្ជសាស្រ្តសម្រាប់អ្នករស់នៅតំបន់ហ្គាហ្សា។
ចំណែកប្រទេសហ្ស៊កដានីវិញបានបរិច្ចាគថវិកាជាង៤លានដុល្លារ ដើម្បីគាំទ្រដល់ជនភៀសខ្លួនប៉ាឡេស្ទីន តាមរយៈកម្មវិធី UNRWA របស់សហប្រជាជាតិ ដើម្បីជួយពលរដ្ឋនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
លោក ភីលីប ឡាហ្សារីនី អគ្គស្នងការនៃកម្មវិធី UNRWA បាននិយាយថា លោកសូមអរគុណយ៉ាងក្រៃលែងចំពោះព្រះចៅអធិរាជ អាប់ឌូឡា ដែលបានផ្ដល់ជំនួយដ៏ថ្លៃថ្លាសម្រាប់ការគាំទ្រជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប។
ទន្ទឹមគ្នានេះដែរ ប្រទេសអេហ្ស៊ីប បាននាំយកជំនួយមនុស្សធម៌ជាច្រើនរថយន្តទៅជួយដល់ពលរដ្ឋនៅតំបន់ហ្កាហ្សា ប៉ុន្តែមិនបានបញ្ជាក់ពីជំនួយជាហិរញ្ញវត្ថុទេ។ ជំនួយទាំងនេះមិនទាន់បានដល់ដៃអ្នកត្រូវការនៅឡើយទេដោយសារភាគីប៉ាឡេស្ទីនបានបិទទ្វារ ហើយក៏មិនទាន់ដឹងថា តើពេលណាទើបអេហ្ស៊ីបអាចនាំយកជំនួយទាំងនេះទៅដល់តំបន់ហ្កាហ្សានោះដែរ។
បន្ទាប់ពីការចរចាជាច្រើនម៉ោងទីបំផុតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនថូនី ប្ល៊ីនខិន បាននិយាយពីថ្ងៃអង្គារថា លោកបានយល់ព្រមជាមួយអ៊ីស្រាអែល ដើម្បីបង្កើតផែនការទទួលយកជំនួយទៅកាន់តំបន់ហ្កាហ្សា ប៉ុន្តែពេលវេលាសម្រាប់ការចែកជំនួយនេះនៅតែមិនទាន់ច្បាស់នៅឡើយទេ។
ប្រទេសចិន កាលពីពេលថ្មីៗ ក៏បានប្រកាសពីការបញ្ជូនជំនួយមនុស្សធម៌ជាបន្ទាន់ទៅតំបន់ហ្គាហ្សាស្ទ្រីប និងអាជ្ញាធរប៉ាឡេស្ទីន តាមរយៈបណ្តាញអង្គការសហប្រជាជាតិផងដែរ ប៉ុន្តែមិនបានបញ្ជាក់ទេថា តើវាជាជំនួយអ្វីនោះទេ។ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បាននិយាយថា ក្រោយពីស្ថានភាពកាន់តែធ្ងន់ធ្ងរនាពេលនេះដូច្នេះហើយចិនជឿថា អាទិភាពកំពូលនៃជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីននៅពេលនេះ គឺមានតែការសម្រេចបាននូវបទឈប់បាញ់គ្នាមួយភ្លាមៗតែប៉ុណ្ណោះ៕
អត្ថបទ៖ សុខ ជា