ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ខេមបូណូមីសតាមទូរស័ព្ទ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ដោយខ្លីថា អាជ្ញាធររាជធានី គ្មានគម្រោងនឹងរុះរើផ្សារដើមគរនោះ ដោយសារតែបច្ចុប្បន្ន កំពុងតែមានឆ្លងរីករាលខ្លាំងដែរ ខណៈដែលបច្ចុប្បន្នមានអាជីវករផ្សារដើមគជាង ១០០នាក់ទៅហើយ ដែលបានឆ្លងមេរោគកូវីដ-១៩។
ជុំវិញទៅនឹងបញ្ហានេះ ខេមបូណូមីស បានទាក់ទងបន្ថែមទៅកាន់អភិបាលរងខណ្ឌដង្កោរ លោ ជ គឹមស៊ ដែរ ប៉ុន្ដែ លោកថា ក៏មិនបានទទួលបានព័ត៌មានពាក់ព័ន្ធនឹងរឿងការរើសផ្សារដើមគរ ទៅតាំងនៅខណ្ឌដង្កោរបណ្ដោះអាសន្ននោះដែរ។
សូមជម្រាបថា រហូតមកទល់នឹងពេលនេះ មានផ្សារតូចធំប្រមាណជាង ៣០ហើយ បានបិទជាបណ្តោះអាសន្ន ដោយសារតែរកឃើញថា មានអាជីវករ និងអ្នកទិញបានឆ្លងជំងឺកូវីដ-១៩ នៅផ្សារទាំងនោះ រួមមាន ផ្សារអូរឬស្សី ផ្សារដើមគ ផ្សារចាស់ ផ្សារសេនជូរី ផ្សារពោធិ៍ចិនតុង ផ្សារធំទួលសង្កែ ជាដើម។ បើទោះបីជា នៅមានផ្សារមួយចំនួន នៅរាជធានីភ្នំពេញ នៅបន្ដបើកលក់ក្ដី ប៉ុន្ដែ គេសង្កេតឃើញថានៅប៉ុន្មានថ្ងៃចុងក្រោយនេះ ការដើរផ្សារទិញទំនិញពីសំណាក់ពលរដ្ឋហាក់មានសភាពស្ងប់ស្ងាត់ខ្លាំង ដោយសារតែអាជ្ញាធរចាប់ផ្ដើមរឹតបន្តឹងខ្លាំងលើការធ្វើដំណើរតាមដងផ្លូវ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ដែលបច្ចុប្បន្ន កម្ពុជានៅតែបន្ដរកឃើញចំនួនអ្នកឆ្លងថ្មីៗ ក្នុងមួយថ្ងៃៗរាប់រយនាក់ឯណោះ៕