
លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ការរៀបចំឥណទានឡើងវិញចំនួនចំនួនជិត ១ពាន់៤រយ លានដុល្លារអាមេរិកនេះ គឺបានផ្ដល់ជូនដល់អថិជនជាង២៨ម៉ឺនគ្រួសារ ក្នុងចំណោមអតិថិជនប្រមាណ ៣០ម៉ឺន គ្រួសារដែលបានស្នើសុំ។ លោកបន្ថែមថា ការស្នើសុំរៀបចំឥណទានឡើងវិញ បានថយចុះមកកំរិតថេរក្នុងរយៈពេល ៤ខែចុងក្រោយនេះ ដោយការស្នើសុំមានចំនួនជាងមួយពាន់សំណើក្នុងមួយសប្តាហ៍។ លោកផល វ៉ាន់ ឌីបានគូសបញ្ជាក់ថា ការរៀបចំឥណទានឡើងវិញនឹងបន្តធ្វើជូនអតិថិជនរហូតដល់ពាក់កណ្តាលឆ្នាំ២០២១។

អ្នកជំនាញហិរញ្ញវត្ថុរូបនេះ បានលើកឡើងទៀតថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានទទួលរងផលប៉ះពាល់អវិជ្ជមានពីការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយសារតែអតិថិជនមួយចំនួនបានរងផលប៉ះពាល់ ក៏ដូចជាបាត់បង់ប្រាក់ចំណូល ដែលបណ្តាលអោយគ្រឹះស្ថានមានសំពាធសាច់ប្រាក់ ឥណទានថ្មីថយចុះ ខណៈដែលឥណទានមានហានិភ័យកើនឡើងជិតទ្វេដង ដល់ជិត៣%។ ផលប៉ះពាល់បានស្ទុះឡើងខ្លាំងក្នុងខែមេសា និងឧសភា ប៉ុន្តែចាប់ផ្តើមថមថយមកវិញនៅខែបន្តបន្ទាប់។
ផ្អែកលើរបាយការណ៍ការប្រចាំខែរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស្ថានភាពវិស័យមីក្រូហិរញ្ញវត្ថុ បានចាប់ផ្តើមប្រសើរឡើងវិញចាប់តាំងពីខែ មិថុនា ឆ្នាំ២០២០ ដោយសារតែឥណទានមានហានិភ័យ បានធ្លាក់ចុះមកត្រឹមជាង ២,២% ខណៈប្រាក់កម្ចីថ្មី និងប្រាក់បញ្ញើមានការកើនឡើង។
គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២០ វិស័យមីក្រូហិរញ្ញវត្ថុ ដែលរួមមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុនិង គ្រឹះស្ថានឥណទានជនបទ បានផ្តល់ឥណទានជិត ៦ពាន់ ៥រយលានដុល្លារ ដល់អតិថិជនជិត ២លាននាក់ ខណៈប្រាក់សន្សំមានបរិមាណ ៣ពាន់៥ រយលានដុល្លា ដោយមានអ្នកដាក់ប្រាក់បញ្ញើចំនួន ២លាន៦សែននាក់។
ជាមួយនឹងសេចក្តីប្រកាសថ្មីៗ នៃវ៉ាក់សាំងកូវីដ១៩ សមាគមមានសុទិដ្ឋិនិយមថា ផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ១៩ នឹងថយចុះនៅឆ្នាំ២០២១ហើយសេដ្ឋកិច្ចនឹងងើបឡើងវិញ ខណៈដែលវិស័យមីក្រូហិរញ្ញវត្ថុក្នុងឆ្នាំ២០២១ នឹងបន្តភាពរីកចម្រើនខ្លាំងជាងឆ្នាំមុនផងដែរ។