បើតាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដំណោះស្រាយទាំងនោះ ត្រូវអនុលោមទៅតាមសេចក្តីណែនាំ របស់ធនាគារជាតិនៃកម្ពុជា ជាពិសេសលើវិស័យទាំងបួន រួមមាន ទេសចរណ៍ កាត់ដេរ សំណង់ និងការដឹកជញ្ជូន ដូចមានចែងនៅក្នុងសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដែលបានដាក់ចេញនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០។
សមាគមបានគូសបញ្ជាក់ទៀតថា ចំពោះអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ដែលមិនទទួលរងផលប៉ះពាល់ ឬរងផលប៉ះពាល់តិចតួចពីបញ្ហា Covid-19
ហើយមានសមត្ថភាពសងត្រឡប់វិញនោះ
សមាគមសូមធ្វើការលើកទឹកចិត្តដល់អតិថិជន ឲ្យបន្តការបង់សងត្រលប់តាមធម្មតា
ដោយទុកអាទិភាពឲ្យគ្រឹះស្ថាននីមួយៗ យកលទ្ធភាពដែលខ្លួនមាន
ទៅជួយដល់អតិថិជនដែលរងផលប៉ះពាល់
ធ្ងន់ធ្ងរ។
ដើម្បីទទួលបានការគាំទ្រ និងដំណោះស្រាយ ជាពិសេសការរៀបចំឥណទានឡើងវិញ អ្នកជំពាក់ប្រាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវទំនាក់ទំនងទៅគ្រឹះស្ថានដែលខ្លួនបានខ្ចីប្រាក់ ដើម្បីពិភាក្សាអំពីស្ថានភាព និងលទ្ធភាពដោះស្រាយនានាជាមួយនឹងបុគ្គលិកគ្រឹះស្ថាន។ បន្ថែមពីនេះ អ្នកខ្ចីប្រាក់ ត្រូវផ្តល់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានដំណោះស្រាយសមស្រប និងឈ្នះឈ្នះទាំងអស់គ្នា ដើម្បីបន្តនិរន្តរភាពវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចជាតិ។ នេះបើតាមការគូសបញ្ជាក់របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
គួរបញ្ជាក់ថា របាយការណ៍ប្រចាំឆ្នាំ២០១៩ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ចំនួនអ្នកខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានការកើនឡើងដល់ជាង ៣,១ លានគណនី ខណៈដែលលអ្នកផ្ញើប្រាក់មានប្រមាណ ៧,៥ លានគណនី។ ជាមួយគ្នានេះ សម្រាប់ឥណទានមិនដំណើរការសម្រាប់គ្រឹះស្ថានធនាគារ គឺមានស្ថិតនៅក្នុងកម្រិតទាប ២,២% ខណៈដែលមីក្រូហិរញ្ញវត្ថុវិញមាន១,១%។