ការនាំចេញរបស់ចិន កាក់កបខ្លាំងដោយសារក្រុមហ៊ុនជាច្រើនព្រួយបារម្ភចំពោះការដំឡើងពន្ធរបស់លោក ត្រាំ

ការនាំចេញរបស់ចិន មានសន្ទុះកើនឡើងខ្លាំង ក្រោយក្រុមហ៊ុនបញ្ជាទិញបង្កើនការបញ្ជាទិញដោយសារព្រួយបារម្ភពីការដំឡើងពន្ធរបស់លោក ត្រាំ


សន្ទុះនាំចេញដ៏រឹងមាំរបស់ប្រទេសចិន ត្រូវបានគេរំពឹងថា នឹងបំបែកកំណត់ត្រាថ្មីមួយនៅឆ្នាំនេះ ដោយមួយផ្នែក គឺដោយសារអតិថិជនអាម៉េរិកជាច្រើនបានប្រញាប់ប្រញាល់ទិញទំនិញរបស់ចិន ដើម្បីស្តុកទុកក្នុងឃ្លាំងរបស់ពួកគេក្រោមការគំរាមកំហែងដំឡើងពន្ធពីប្រធានាធិបតីជាប់ឆ្នោតរបស់អាម៉េរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន  នីកេអេស៊ា។
ការនាំចេញរបស់ចិន កាក់កបខ្លាំងដោយសារក្រុមហ៊ុនជាច្រើនព្រួយបារម្ភចំពោះការដំឡើងពន្ធរបស់លោក ត្រាំ
ដោយ

លោក វូ ជីឈាំង (Wu Zhiqiang) នាយកប្រតិបត្តិក្រុមហ៊ុនផលិតអំពូលភ្លើងមួយ ដែលមានរោងចក្រជាច្រើននៅក្នុងតំបន់ចាប់ពីប្រទេសថៃរហូតដល់តំបន់ដីសណ្ដទន្លេ Pearl River របស់ប្រទេសចិនបានប្រាប់នីកេអេស៊ា ថា ក្រុមហ៊ុនអាម៉េរិកជាច្រើនបានប្រញាប់ប្រញាល់ទិញទំនិញរបស់ចិន ចំពេលមានភាពមិនច្បាស់លាស់នាពេលអនាគត។

លោក វូ បាននិយាយថា ក្រុមហ៊ុនផលិតរបស់ចិនជាច្រើនបានរាយការណ៍ថា ក្រុមហ៊ុននាំចូលរបស់អាម៉េរិក រួមទាំងក្រុមហ៊ុនលក់រាយធំៗផង បានបញ្ជាទិញច្រើនខុសពីពេលធម្មតា ចាប់តាំងពីលោក ត្រាំ បានឈ្នះការបោះឆ្នោត។ តាមមើលទៅ អតិថិជនអាម៉េរិកទាំងនេះទំនងជាចង់បង្កើតប្រាក់ចំណេញឱ្យបានច្រើនតាមដែលអាចធ្វើទៅបានមុនពេលពន្ធថ្មីនឹងត្រូវចាប់ផ្តើមអនុវត្តនៅក្នុងរដ្ឋបាលរបស់លោក ត្រាំ។

បើតាមរបាយការណ៍របស់ក្រុមហ៊ុន Project44 ដែលផ្តល់សេវាផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់មានមូលដ្ឋាននៅទីក្រុងឈីកាហ្គោ ការបញ្ជាទិញទំនិញរបស់ចិន ចាប់ពីគ្រឿងបន្លាស់ថ្មរហូតដល់សឺរ៉ាំងពេទ្យ បានធ្វើឱ្យការនាំចូលរបស់អាម៉េរិក ពីប្រទេសចិន កើនឡើងជិត៦% ក្នុងរយៈពេលចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំនេះ ពោលគឺវាបានកើនឡើងមុនពេលរដូវកាលវិស្សមកាលចូលមកដល់ទៅទៀត។

ការណ៍នេះបានបង្ហាញយ៉ាងច្បាស់ថា ក្រុមអ្នកដឹកជញ្ជូនបានប្រើមធ្យោបាយបញ្ជាទិញទំនិញទុកមុន ដើម្បីជៀសវាងការចំណាយបន្ថែមទៀតទៅលើពន្ធដែលមានស្រាប់ក្រោមការផ្តួចផ្តើមឡើងដោយរដ្ឋបាលលោក ចូ បៃដិន ដែលបានចូលជាធរមាននៅក្នុងខែកញ្ញា រួចហើយ។

របាយការណ៍នេះបាននិយាយថា ឥឡូវនេះ និន្នាការនេះត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងលើសកម្រិតកំពូលដោយសារតែមានការរំពឹងទុកថា លោក ត្រាំ នឹងបង្កើនពន្ធថែមទៀតក្រោយពីលោកចូលកាន់តំណែងនៅក្នុងខែមករា៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី ដែលជាបងធំនៅអាស៊ាន ដាក់ផែនការបញ្ឈប់ការនាំចូលអំបិល និងអង្ករ នៅឆ្នាំ២០២៥

ឥណ្ឌូនេស៊ី ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតនៅអាស៊ាន និងជាប្រជាជាតិ មានប្រជាជនច្រើនជាងគេលំដាប់ទី៤ នៅលើពិភពលោក បានដាក់ផែនការជំរុញផលិតក…

នាយករដ្ឋមន្ត្រីឡាវ ប្រកាសផ្អាកការជីកយករ៉ែមាស ដោយសារបារម្ភពីផលប៉ះពាល់បរិស្ថានដ៏អាក្រក់

អណ្តូងរ៉ែមាសក្រោមដីនៅប្រទេសឡាវ ត្រូវគេប៉ាន់ប្រមាណថា អាចមានសក្តានុពលរហូតដល់ទៅ៩,៥លានតោន ប៉ុន្តែដោយសារតែក្តីបារម្ភអំពីផលប៉ះពាល់បរិស្ថាន រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ