លោក ព្រាប កុល នាយកប្រតិបត្តិអង្គការ តម្លាភាពកម្ពុជា មានប្រសាសន៍ថា ការបោះឆ្នោតឃុំសង្កាត់អាណត្តិនេះ គឺពិសេសជាងអាណត្តិមុនៗ ដោយសារហេតុផលមួយចំនួន ដូចជា៖
- មានការចាប់អារម្មណ៍កាន់តែកើនឡើងពីសំណាក់ស្ថាប័នជាតិ និងអន្តរជាតិ
- ចំនួនអ្នកចូលរួមសង្កេតការណ៍ច្រើនជាងលើកមុនៗស្ទើរតែទ្វេដង ពោលគឺលើកនេះ មានអ្នកចូលរួមសង្កេតការណ៍ប្រមាណ ១០ម៉ឺននាក់ ក្នុងនោះអ្នកសង្កេតការណ៍ផ្លូវការដែលមានប័ណ្ណសម្គាល់ចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានចំនួនប្រមាណ ៦ម៉ឺននាក់ និងមិនផ្លូវការចំនួន ៤ម៉ឺននាក់។
- អ្នកនយោបាយមានភាពរំជើបរំជួលខ្លាំង។ មានអ្នកនយោបាយខ្លះសប្បាយរំភើបជ្រុល មានអ្នកនយោបាយអួតជ្រុល មានអ្នកនយោបាយភ័យជ្រុល។ល។
👉 គួរអាន ! អ្នកនយោបាយខ្មែរត្រូវតាំងចិត្តឲ្យសឿងដូចអាមេរិក
បន្ថែមលើការចាប់អារម្មណ៍របស់លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាព គេសង្កេតឃើញចំណុចពិសេសបន្ថែមទៀត ដូចជា ការងាកមកប្រើបណ្ដាញសង្គមហ្វេសប៊ុកជាសមរភូមិដ៏ស្រួចស្រាល់ក្នុងការឃោសនារកសំឡេងគាំទ្រ។
មួយទៀត គឺប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលពីមុនមកមិនដែលចេញឃោសនាដោយផ្ទាល់នោះ ឥឡូវប្រកាសថា នឹងដឹកនាំក្បួនហែឃោសនារកសំឡេងឆ្នោតនៅថ្ងៃឃោសនាចុងក្រោយ គឺថ្ងៃទី២ មិថុនា នៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញ។
ពិសេសមួយចំណុចទៀត គឺកាសែតក្នុងស្រុកដ៏ល្បីឈ្មោះ ភ្នំពេញប៉ុស្តិ៍ (The Phnom Penh Post) បានចុះផ្សាយដោយស្រង់សម្ដីគ្រូទាយសន្លឹកបៀ ដែលទាយពីលទ្ធផលបោះឆ្នោតឃុំសង្កាត់ថា គណបក្សប្រជាជនកម្ពុជា នឹងឈ្នះឆ្នោតប្រផិតប្រផើយលើគូប្រជែងរបស់ខ្លួនគឺគណបក្សសង្គ្រោះជាតិ។ អាន អត្ថបទលម្អិតរបស់ភ្នំពេញប៉ុស្តិ៍ !!!
គួរបញ្ជាក់ដែរថា លោក ព្រាប កុល ថ្លែងចាប់អារម្មណ៍ខាងលើ ក្នុងកិច្ចប្រជុំមិនផ្លូវការមួយជាមួយអ្នកសារព័ត៌មានជាន់ខ្ពស់ ដើម្បីបង្ហាញពីវិធីសាស្ត្រថ្មីនៃការសង្កេតការណ៍បោះឆ្នោតរបស់អង្គការតម្លាភាពកម្ពុជាកាលពីថ្ងៃទី៣១ ឧសភា។
អង្គការតម្លាភាពនឹងដាក់ពង្រាយអ្នកសង្កេតការណ៍របស់ខ្លួនប្រមាណ ១២០០នាក់ នៅតាមមណ្ឌលបោះឆ្នោតដែលនឹងជ្រើសរើសជាសំណាកដោយព្រាវៗ តាមលក្ខណៈបច្ចេកទេសស្ថិតិ។
👉 គួរអាន ! សហគ្រិនវ័យក្មេងដ៏ល្បីប្រាប់ពីរូបមន្តជោគជ័យសម្រាប់ហាងកាហ្វេទំនើប
ដោយបានការគាំទ្រមូលនិធិពីអង្គការ USAID ចំនួន ២០ម៉ឺនដុល្លារ តម្លាភាពកម្ពុជា ចូលរួមសង្កេតការណ៍បោះឆ្នោតដោយប្រើវិធីសាស្ត្រថ្មីមិនធ្លាប់មានពីមុនមកនៅកម្ពុជា គឺការសង្កេតការណ៍ដោយផ្អែកលើសំណាកវិទ្យាសាស្ត្រ (Sample-Based Observation)។
ជាសង្ខេប ការសង្កេតការណ៍បែប SBO នេះ គឺប្រើប្រាស់បច្ចេកទេសស្រាវជ្រាវស្ថិតិបែបវិទ្យាសាស្ត្រ និងប្រព័ន្ធបច្ចេកវិទ្យាដើម្បីប្រមូលទិន្នន័យ បូកសរុប និងវិភាគ។
លោក ព្រាប កុល សង្ឃឹមថា នៅថ្ងៃបោះឆ្នោត ថ្ងៃទី៤ មិថុនា នៅវេលាម៉ោងប្រមាណ ៧យប់ អង្គការតម្លាភាពកម្ពុជា នឹងអាចសរុបលទ្ធផលនៃការសង្កេតការណ៍របស់ខ្លួន ដើម្បីផ្សព្វផ្សាយដល់បណ្ដាញសារព័ត៌មាន៕