
ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗបានគំរាមយកពន្ធ២០០% លើស្រា និងគ្រឿងស្រវឹងនាំចូលពីតំបន់អឺរ៉ុប ក្រោយប្លុកនេះគ្រោងដំឡើងពន្ធលើស្រាវីស្គី និងផលិតផលមួយចំនួនទៀតរបស់អាម៉េរិក នៅខែក្រោយ ដើម្បីឆ្លើយតបនឹងការដំឡើងពន្ធ២៥% របស់លោក ត្រាំ លើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដែលចូលជាធរមាន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។ ការគ្រោងដំឡើងពន្ធដាក់គ្នាទៅវិញទៅមកនេះ វានឹងធ្វើឱ្យសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងអឺរ៉ុបកាន់តែឡើងកម្តៅបន្ថែមទៀត។
ការដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ វាជារឿងល្អសម្រាប់អាជីវកម្មស្រាក្នុងស្រុកនៅសហរដ្ឋអាម៉េរិក ប៉ុន្តែវានឹងជះឥទ្ធិពលមិនល្អដល់ក្រុមហ៊ុននាំចូល ចែកចាយ និងអ្នកលក់រាយស្រានាំចូលពីសហភាពអឺរ៉ុប ដែលអាចធ្វើឱ្យអាជីវកម្មរបស់ពួកគេប្រឈមនឹងការខាតបង់ ឬអាចឈានទៅបិទទ្វារអាជីវកម្ម ក៏ដូចជាកាត់បន្ថយចំនួនបុគ្គលិកជាដើម។
លោកស្រី ម៉ារី ថេល័រ (Mary Taylor) ម្ចាស់ក្រុមហ៊ុននាំចូលស្រាអឺរ៉ុប Mary Taylor Wine បានលើកឡើងថា ក្រុមហ៊ុនរបស់លោកស្រី ដែលគ្រោងនាំចូលស្រាពីតំបន់អឺរ៉ុបរហូតដល់១៦កុងតឺន័រ អាចប្រឈមនឹងការខាតបង់ ប្រសិនបើពន្ធ២០០% របស់លោក ត្រាំ ត្រូវបានអនុវត្តមែននោះ។ ជាមួយគ្នានេះ លោកស្រី នឹងព្យាយាមទាក់ទងទៅលោក ត្រាំ ដើម្បីជំទាស់នឹងការដំឡើងពន្ធនេះ។
ជាមួយគ្នានេះ លោក បេន អេណិហ្វ (Ben Aneff) ប្រធានសម្ព័ន្ធពាណិជ្ជកម្មស្រាអាម៉េរិក យល់ឃើញថា ការដាក់ពន្ធ២០០% លើស្រានាំចូលវានឹងបំផ្លាញអាជីវកម្មមួយចំនួននៅសហរដ្ឋអាម៉េរិក ដោយសារវិធានការនេះនឹងជំរុញឱ្យក្រុមហ៊ុនអាជីវកម្មរាប់ពាន់កន្លែងត្រូវបង្ខំចិត្តបិទទ្វារ ដែលវានឹងធ្វើឱ្យសេដ្ឋកិច្ចរបស់អាម៉េរិក ខាតបង់ច្រើនជាងនៅអឺរ៉ុបទៅទៀត៕
អត្ថបទ៖ សុខ មង្គល