ប្រទេសចិន គឺជាម្ចាស់បំណុលទ្វេភាគីដ៏ធំបំផុតសម្រាប់ស្រីលង្កា ដែលកាលពីខែឧសភា ឆ្នាំ២០២២ បានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបទី១ នៅតំបន់អាស៊ី ដែលបានខកខានទូទាត់បំណុលរបស់ខ្លួនក្នុងរយៈពេល២ទសវត្សរ៍មកនេះ។ កម្ចីរបស់ប្រទេសចិន គឺសម្រាប់យកទៅអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើន រួមមាន គម្រោងផ្លូវហាយវេ គម្រោងអាកាសយានដ្ឋាន និងគម្រោងកំពង់ផែជាដើម។
បំណុលរបស់ស្រីលង្កា បានកើនឡើងខ្លាំងចាប់តាំងពីឆ្នាំ២០០៩ ជាពេលដែលរដ្ឋាភិបាលស្រីលង្កា ចាប់ផ្តើមបង្កើនការខ្ចីប្រាក់ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស ខណៈប្រទេសនេះទើបតែងើបពីសង្គ្រាមស៊ីវិល។ ប្រទេសស្រីលង្កា បានក្លាយជាអ្នកគាំទ្រគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” (BRI) ដ៏ធំមហិមារបស់មហាយក្សចិន តាំងពីដើមឆ្នាំ២០១៣ ហើយក្រុមអ្នករិះគន់ប្រទេសចិន បានអះអាងថា ប្រទេសស្រីលង្កា បានធ្លាក់ចូលក្នុង “អន្ទាក់បំណុល” របស់ប្រទេសចិន តាមរយៈការទទួលយកកម្ចីដែលមិនប្រកបដោយនិរន្តរភាពសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា និងអនុញ្ញាតឱ្យក្រុងប៉េកាំង បញ្ចេញឥទ្ធិពលជាយុទ្ធសាស្ត្រ ឬផ្នែកយោធាតាមរយៈការរឹបអូសទ្រព្យសម្បត្តិជាដើមនៅស្រីលង្កា ក្នុងពេលមានវិបត្តិហិរញ្ញវត្ថុ។
ជាការឆ្លើយតបទៅនឹងការរិះគន់ខាងលើ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីឆ្នាំមុនថា ប្រទេសចិន សុំច្រានចោលដាច់ខាតនូវការអះអាងដែលថា ខ្លួនកំពុងដាក់អន្ទាក់បំណុល។ អ្នកនាំពាក្យដដែលរូបនេះអះអាងថា ប្រទេសចិន មិនដែលបង្ខំភាគីណាមួយឱ្យខ្ចីប្រាក់ ឬក៏ជំរុញឱ្យប្រទេសណាមួយទទួលយកបំណុលនោះឡើយ ហើយចិន ក៏មិនបានភ្ជាប់លក្ខខណ្ឌនយោបាយណាមួយទៅនឹងកិច្ចព្រមព្រៀងប្រាក់កម្ចី និងស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនផ្នែកនយោបាយណាមួយនោះដែរ។
ទន្ទឹមនឹងប្រទេសចិន បង្ហាញពីការត្រៀមខ្លួនរួចរាល់ក្នុងការជួយរៀបចំឡើងវិញនូវកម្ចីបរទេសជាង៣៦ពាន់លានដុល្លារ របស់ប្រទេសស្រីលង្កា ប្រទេសចិន ក៏កំពុងតែបង្កើនការវិនិយោគផ្ទាល់របស់ខ្លួននៅក្នុងប្រទេសនេះផងដែរ។
កាលពីចុងខែវិច្ឆិកា ឆ្នាំមុន ប្រទេសស្រីលង្កា បានអនុម័តសំណើរបស់ក្រុមហ៊ុនប្រេង Sinopec ដែលគ្រប់គ្រងដោយរដ្ឋាភិបាលចិន ដែលសុំសាងសង់រោងចក្រចម្រាញ់ប្រេងមួយតម្លៃជាង៤,៥ពាន់លានដុល្លារ នៅកំពង់ផែហេមបានតូតា (Hambantota) នៅភាគខាងត្បូងស្រីលង្កា ជាការវិនិយោគធំបំផុតនៅក្នុងប្រទេសនេះចាប់តាំងពីវិបត្តិសេដ្ឋកិច្ចឆ្នាំ២០២២។
លោក តូស៊ីរ៉ូ នីស៊ីហ្សាវ៉ា (Toshiro Nishizawa) សាស្ត្រាចារ្យនៅសាលាគោលនយោបាយសាធារណៈនៃសកលវិទ្យាល័យក្រុងតូក្យូបាននិយាយថា ប្រសិនបើសំណើរខាងលើទទួលបានជោគជ័យ ការវិនិយោគលើរោងចក្រចម្រាញ់ប្រេងនេះនឹងអាចជួយប្រទេសស្រីលង្កា ក្នុងរយៈពេលយូរ។ ទោះជាយ៉ាងណា លោកបានគូសបញ្ជាក់ថា គម្រោងនេះអាចជាការបើកផ្លូវដ៏សំខាន់សម្រាប់ឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ចូលទៅគ្រប់គ្រងសេដ្ឋកិច្ចរបស់ស្រីលង្កា។
ប្រទេសឥណ្ឌា និងសហរដ្ឋអាម៉េរិក ក៏បានចាត់វិធានការផងដែរ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់មហាយក្សចិន។ ជាក់ស្ដែងកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ សហរដ្ឋអាមេរិក បានប្រកាសថា ខ្លួននឹងផ្តល់ប្រាក់កម្ចីចំនួន៥៥៣លានដុល្លារ សម្រាប់ការអភិវឌ្ឍស្ថានីយកុងតឺន័រនៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា ដែលដំណើរការដោយមហាសេដ្ឋីឥណ្ឌា លោក ហ្គោតាម អាដានី (Gautam Adani)៕
អត្ថបទ៖ សុខ ជា