ក្រុមហ៊ុនអាហរ័ណ និហរ័ណ ហាណូយ ដែលជាក្រុមហ៊ុនក្នុងស្រុករបស់វៀតណាម បានស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាល ដើម្បីចាប់ដៃគូជាមួយក្រុមហ៊ុនសំណង់និងវិស្វកម្មចិន ឈ្មោះ Sunshine Kaidi Energy Group Co., Ltd. ដើម្បីទទួលសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh។
ក្រុមហ៊ុនវៀតណាមខាងលើ ដែលមានជំនាញផ្នែកអលចនទ្រព្យ បច្ចេកវិទ្យាព័ត៌មាន ហិរញ្ញវត្ថុ និងធនាគារ បានដាក់សំណើទៅរដ្ឋាភិបាល ដោយបញ្ជាក់អះអាងថា ខ្លួនអាចបញ្ចប់ការសាងសង់ក្នុងតម្លៃទាបបំផុត ក្នុងពេលពី ៣ ទៅ ៥ឆ្នាំប៉ុណ្ណោះ។
មែនទែនទៅ សំណើនេះមិនទាន់ទទួលបានចម្លើយពីរដ្ឋាភិបាលនៅឡើយទេ ពីព្រោះដំណើរការនៃការជ្រើសរើសវិនិយោគិននិងក្រុមហ៊ុនម៉ៅការមិនទាន់ទាំងចាប់ផ្ដើមផងទេ សម្រាប់គម្រោងព្រលានយន្តហោះដែលមានទឹកប្រាក់ជាច្រើនពាន់លានដុល្លារមួយនេះ។
ប៉ុន្តែ នៅក្នុងប្រទេសវៀតណាម វិនិយោគិនចិននិងក្រុមហ៊ុនសំណង់ចិនមានឈ្មោះមិនសូវល្អស្រាប់ទៅហើយ ដោយគម្រោងជាច្រើនបានពន្យារពេលសាងសង់ គម្រោងខ្លះថ្លៃខ្ពស់ជ្រុល និងគម្រោងខ្លះមិនមានសុវត្ថិភាព ជាដើម។ ហើយសំណើសុំវិនិយោគសាងសង់ព្រលានយន្តហោះធំបំផុតនៅវៀតណាមនេះ ត្រូវបានសាធារណជនបង្ហាញភាពមន្ទិលសង្ស័យរួចទៅហើយ។
អ្នកជំនាញផ្នែកអាកាសចរណ៍ស៊ីវិលវៀតណាម លោក Nguyen Thien Tong ថ្លែងប្រាប់សារព័ត៌មានវៀតណាម ថា លោកមានការបារម្ភចំពោះសំណើគម្រោងដែលដាក់តម្លៃទាបនេះ។
លោកថា ចិនមិនមានបទពិសោធន៍កសាងព្រលានយន្តហោះអន្តរជាតិធំៗនោះទេ ដូច្នេះ សំណើឲ្យពួកគេសាងសង់ព្រលានយន្តហោះដ៏ធំបែបនេះ ក្នុងតម្លៃទាប គឺគ្រោះថ្នាក់ខ្លាំងណាស់។
ក្រុមហ៊ុនចិនខាងលើ ដែលត្រូវដៃគូក្នុងស្រុកវៀតណាម ស្នើទៅរដ្ឋាភិបាល ឲ្យសាងសង់ព្រលានយន្តហោះ បានបង្កើតឡើងកាលពី ២៥ឆ្នាមុន និងមិនធ្លាប់មានបទពិសោធន៍ក្នុងការកសាងព្រលានយន្តហោះ ពីមុនមកទេ។
សូមជម្រាបថា ព្រលានយន្តហោះ Long Thanh នឹងគ្របដណ្ដប់លើផ្ទៃដី ៥០០០ហិកតា និងអាចទទួលអ្នកដំណើរ ១០០លាននាក់ក្នុងមួយឆ្នាំ និងទំនិញ ៥លានតោន។ តាមគម្រោង ព្រលានយន្តហោះនេះ នឹងចំណាយទឹកប្រាក់ប្រហែល ១៦ពាន់លានដុល្លារ៕
សូមអញ្ជើញអានអត្ថបទដើមជាភាសាអង់គ្លេស ដោយចុចលើ Link នេះ៖ Eyebrows raised after Chinese power plant contractor nominated to build Vietnam's mega-airport