ថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០១៩ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ ២០២០ របស់ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញពីភាពរីកចម្រើន និងកំណើនខ្ពស់រហូតដល់ទៅ ៩០% ក្នុងឆ្នាំ ២០១៩កន្លងទៅ ដោយសារការ ចូលរួមអភិវឌ្ឍន៍ យ៉ាងសកម្ម ពីគ្រប់ភាគីពាក់ព័ន្ធជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស វិស័យឯកជន ដែលបានកៀរគរ ប្រមូលផ្តុំនូវ បទពិសោធន៍ចំណេះដឹង និងវិនិយោគិនសក្តានុពល ដើម្បីជួយរុញច្រានកំណើនសេដ្ឋកិច្ច ឲ្យកើនឡើងមួយកម្រិតទៀត។
ឯកឧត្តម បន្តថា ការចូលរួមពីវិស័យឯកជន របស់ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបានធ្វើការប្រមូលផ្តុំ ចងក្រងនូវ បទពិសោធន៍ កម្រិតជំនាញ និងផ្លាស់ប្តូរយោបល់ សម្រាប់ជម្រុញការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា ជាពិសេសការកៀងគរប្រមូលទុន និងផ្គូរផ្គង វិនិយោគិនជាតិ និងអន្តរជាតិ។
ឯកឧត្តម ជា សុផារ៉ា បញ្ជាក់ទៀតថា លទ្ធផលដែលសម្រេចបាន ក្នុងឆ្នាំ ២០១៩ សំណង់អគារខ្ពស់ៗ ចាប់ផ្តើមរីកដុះដាល នៅគ្រប់ទីកន្លែង ហើយគម្រោងវិនិយោគបុរីលំនៅដ្ឋានសរុប ទូទាំងប្រទេស មានចំនួន ៣២០បុរី ដែលការអភិវឌ្ឍន៍នេះ បានបង្កើតជា សោភ័ណភាព សម្រាប់ប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់បរិស្ថាន ឬផ្ទៃបៃតង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរឡើង ការបង្កើតជា ភូមិ-ឃុំ មានសុវត្ថិភាព ជាពិសេសបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា និងផ្តល់ប្រាក់ចំណូលជូនរដ្ឋ តាមរយៈការបង់ពន្ធផ្សេងៗ។
លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ការអភិវឌ្ឍសំណង់លំនៅឋាន ជាការរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ទាំងនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត ហើយនៅតែមានតម្រូវការខ្ពស់នាពេលអនាគត តែយ៉ាងណា សមាគម មានទស្សនៈវិស័យមួយផ្សេងទៀត គឺមិនផ្តោតតែលើ សំណង់លំនៅឋាន ឬបុរី ប៉ុណ្ណោះទេ តែសមាគម នឹងផ្តោតទៅលើ អគារខ្ពស់ៗ ដែលជាប៉ូលដ៏សំខាន់ សម្រាប់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា និងអន្តរជាតិ៕