ចុះហេតុអ្វីបានជាធនាគារពិភពលោកអះអាងយ៉ាងដូច្នេះ គឺដោយសារតែវិស័យសំណង់និងអចលនទ្រព្យនេះ បានបន្តកំណើនខ្ពស់របស់ខ្លួនអស់ជាច្រើនឆ្នាំមកហើយ។ ពិសេសជាងនេះទៅទៀត ថ្មីៗនេះ លំហូរវិនិយោគពីក្រៅប្រទេសកាន់តែច្រើន គួបផ្សំនឹងការផ្ដល់ឥណទានពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ចាក់បញ្ចូលទៅក្នុងវិស័យសំណង់និងអចលនទ្រព្យ កាន់តែរីកធំឡើងៗ និងបានចោទជាហានិភ័យកាន់តែធ្ងន់ធ្ងរ និងគួរឲ្យព្រួយបារម្ភផងដែរ។
ក៏ប៉ុន្តែបើក្រឡេកទៅមើលរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលទើបតែបញ្ចេញថ្មីៗនេះ គឺមិនបានបង្ហាញពីការធ្លាក់ចុះទេ វាហាក់បីដូចជាបញ្ច្រាសទិសគ្នាទៅវិញ ជាមួយនឹង របាយការណ៍ធនាគារពិភពលោក។ ហេតុអ្វី? ដោយសារតែនៅក្នុងរយៈពេលបីខែដើមឆ្នាំ២០១៩នេះ វិស័យសំណង់កម្ពុជាបានបង្ហាញពីកំណើនខ្ពស់គួរឲ្យកត់សម្គាល់ដដែល ជាក់ស្តែង បើយើងក្រឡេកទៅមើល របាយការណ៍ក្រសួងរៀបចំដែនដី ថា សម្រាប់ត្រីមាសដំបូងនៃឆ្នាំនេះ តម្លៃទុនវិនិយោគវិស័យសំណង់កើនឡើងជាង ២០០ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
របាយការណ៍ដដែលបានឲ្យដឹងថា ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០១៩នេះ ក្រសួងរៀបចំដែនដីបានផ្ដល់លិខិតអនុញ្ញាតសាងសង់ ចំនួនប្រមាណជាង ១ពាន់គម្រោង ដែលមានតម្លៃទុនវិនិយោគជាង ១ពាន់៧០០លានដុល្លារ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ បានកើនឡើង ២៣៦ភាគរយ។
ងាកត្រឡប់ទៅមើលអ្នកជំនាញសេដ្ឋកិច្ចធនាគារពិភពលោក និងអ្នកវិនិយោគសំណង់អគារពាណិជ្ជកម្ម លំនៅដ្ឋានធំៗ ខ្ពស់ៗ នៅកម្ពុជាវិញម្តង!
លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងថា វិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា បានងើបឡើងវិញបន្ទាប់ពីវិបត្តិតាំងពីឆ្នាំ២០០៩-២០១០មក និងបន្តកំណើនមកជាប់ជានិច្ចក្នុងរយៈពេលប្រមាណ ១០ឆ្នាំមកនេះ ខណៈដែលវិស័យនេះតែងតែមានខួបរបស់វា ដែលកើនប៉ោងខ្លាំង និងត្រូវផ្ទុះបែកធ្លាក់ចុះមកវិញ។
លោក លី សូដេត កត់សម្គាល់ឃើញទៀតថា អ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺកំណើននៃលំហូរវិនិយោគផ្ទាល់ពីក្រៅប្រទេស (FDI) ក្នុងវិស័យសំណង់និងអចលនទ្រព្យ នៅតែបន្ដកើនឡើងខ្លាំង ខណៈដែលការផ្ដល់ឥណទានពីវិស័យធនាគារសម្រាប់វិស័យសំណង់ ក៏បន្ដកើនឡើងដូចគ្នាដែរ ដែលនេះវាបង្ហាញឲ្យឃើញពីហានិភ័យកាន់តែខ្លាំងនៅក្នុងវិស័យនេះ។
ទោះបីយ៉ាងនេះក៏ពិតមែនក៏អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ កាណាឌីយ៉ា និងជាអ្នកវិនិយោគគម្រោងអចលនទ្រព្យធំៗជាច្រើននៅកម្ពុជានោះ ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា លោកឧកញ៉ានៅតែមានសុទិដ្ឋិនិយម ចំពោះការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ និងថា វិស័យនេះ នឹងនៅតែបន្តកើនឡើង ហើយមិនមានសញ្ញាណាមួយដែលធ្វើឲ្យវិនិយោគិនព្រួយបារម្ភនោះឡើយ ជាក់ស្តែង នៅក្នុងឆ្នាំ២០១៨នេះ តាមការអង្កេតក៏ដូចជាការវិនិយោគផ្ទាល់ពីក្រុមហ៊ុនលោក បានឃើញថា សកម្មភាពសាងសង់នៅតែមានគ្រប់ទីកន្លែង។
ដូចគ្នាទៅនឹងអ្នកឧកញ៉ា ពុង ឃាវសែ ដែរ បើតាមការបញ្ជាក់របស់លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ការកើនឡើងវិស័យសំណង់នៅក្នុងឆ្នាំ២០១៩នេះ ដោយសារតែមានការស្នើសុំវិនិយោគពីគម្រោងធំៗ មានដូចជា អគារណិជ្ជកម្ម សណ្ឋាគារ រមណីយដ្ឋាន ផ្សារទំនើប អគារខ្ពស់ៗ ទីក្រុងរណប បុរីលំនៅដ្ឋាន សំណង់ផ្ទះល្វែង និងភូមិគ្រឹះ រោងចក្រផលិតគ្រឿងអេឡិចត្រូនិក រោងចក្រកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង រោងចក្រម៉ាស៊ីនកិនស្រូវ និងឡសម្ងួត តំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេស។
ប៉ុន្តែ យ៉ាងណាក៏ដោយចុះ លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន WorldBridge Group បានយល់ផ្សេងពីនេះបនិ្តច។ លោកឧកញ៉ាបានលើកឡើងថា កំណើននិរន្តភាពនៃវិស័យអចលនទ្រព្យ ឆ្នាំ២០១៨កន្លងទៅ វាអាចនឹងជះឥទ្ធិពលដល់ឆ្នាំ២០១៩ និង២០២០ ខាងមុខទៀត ដោយហេតុថា នៅមានគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលមិនទាន់បានបញ្ចប់ នៅក្នុងឆ្នាំ២០១៨ នៅឡើយ ដូចនេះ វានឹងនៅតែបន្តក្នុងឆ្នាំ២០១៩ទៀត។ បើតាមការប្រមើលមើលរបស់លោកឧកញ៉ា សៀ ឫទ្ធី នៅឆ្នាំ២០១៩នេះ កំណើននៅក្នុងវិស័យអចលនទ្រព្យកម្ពុជា អាចនឹងថយចុះជាងមុន ពោលគឺអាចនឹងមិនមានកំណើនខ្ពស់ដូចឆ្នាំ២០១៨ នោះឡើយ។
ធនាគារពិភពលោកលើកហេតុផលពីបញ្ហាប្រឈមនានា ដែលជះផលប៉ះពាល់ដល់វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា!
ធនាគារពិភពលោកបានធ្វើការលើកឡើងពីហេតុផលមួយចំនួននៅក្នុងរបាយការណ៍របស់ខ្លួនថា វិស័យសំណង់និងអចលនទ្រព្យនៅតែមានបញ្ហា។ ធនាគារពិភពលោកលើកឡើងថា ការផ្ដល់កម្ចីរបស់វិស័យធនាគារដល់វិស័យសំណង់និងអចលនទ្រព្យ និងសម្រាប់ការទិញផ្ទះបង់រំលោះ នៅតែបន្ដជំរុញធ្វើឲ្យឥណទានក្នុងស្រុកកាន់តែរីកទំហំ ដោយរួមចំណែកបានមួយភាគបីនៃកំណើនឥណទានសរុប។
របាយការណ៍ធនាគារពិភពលោក បានអះអាងថា ការវិនិយោគពីក្រៅប្រទេស នៅឆ្នាំ២០១៨ មានប្រមាណជាង ១៣ភាគរយនៃទំហំផលិតផលក្នុងស្រុកសរុប (GDP)។ តម្លៃទុនលើគម្រោងវិនិយោគដែលបានអនុម័ត បានកើនឡើងដល់ ៥ពាន់ ៨០០លានដុល្លារអាមេរិក ដែមាន ពីរភាគបី គឺជាការវិនិយោគផ្ទាល់ពីក្រៅប្រទេស។ លំហូរវិនិយោគពីក្រៅប្រទេសបានកើនឡើងជិត ២៥% ដែលជាកំណត់ត្រាកំណើនខ្ពស់ដែលមានជាង ៣ពាន់លានដុល្លារអាមេរិក។
លើសពីនេះទៅទៀត ក្រឡេកទៅមើលលំហូរទុនពីក្រៅប្រទេសបន្តិច ឃើញថា មានជាងពាក់កណ្ដាលនៃការហូរចូលទុនពីក្រៅ មានប្រភពមកពីប្រទេសចិន ហើយបានតម្រង់ទិសវិនិយោគលើវិស័យសំណង់ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារពាណិជ្ជកម្ម និងលំនៅដ្ឋាន រួមទាំងវិស័យទេសចរណ៍ និងមួយផ្នែកតូចទៀត គឺវិនិយោគលើវិស័យផលិតកម្ម និងកសិកម្ម។
ក្នុងនោះ ឃើញថា គ្រាន់តែខេត្តព្រះសីហនុ ត្រូវគេរកឃើញថា នៅតែបន្ដជាចំណុចក្ដៅមួយ នៃកំណើនគម្រោងសាងសង់តាមរយៈការវិនិយោគហិរញ្ញវត្ថុផ្ទាល់មួយភាគធំលើសលុប ពីប្រទេសចិន។
សូមរំឭកបន្តិចត្រង់នេះ ប្រទេសចិន នៅឆ្នាំ២០១៩ និងឆ្នាំ២០២០នេះ នឹងមានការថមថយកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅត្រឹម ៦,២ភាគរយ ខណៈឆ្នាំ២០១៨ មានកំណើន ៦,៦ភាគរយ។
ជុំវិញទៅនឹងការធ្លាក់ចុះកំណើនសេដ្ឋកិច្ចចិននេះដែរ លោក លី សូដេត សេដ្ឋវិទូជាន់ខ្ពស់ធនាគារពិភពលោក បានបញ្ជាក់អះអាងថា បើកាលណាសេដ្ឋកិច្ចចិនធ្លាក់ចុះ ពិតណាស់ វាអាចនឹងប៉ះពាល់ដល់វិស័យសំណង់និងអចលនទ្រព្យកម្ពុជាដែរ ព្រោះកម្ពុជាពឹងផ្អែកលើការវិនិយោគច្រើនពីប្រទេសចិន។ ដូច្នេះ នៅពេលដែលសេដ្ឋកិច្ចចិនជួបបញ្ហា នោះការនាំលំហូរវិនិយោគមកកាន់កម្ពុជានឹងមានកាន់តែតិចដែលនេះវាអាចនឹងប៉ះពាល់ដល់វិស័យសំណង់របស់កម្ពុជា។
យ៉ាងណាក៏ដោយចុងក្រោយនេះ! ក្រសួងរៀបចំដែនដីនៅតែអះអាងថា វិស័យសំណង់នៅតែខ្លាំង !
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅតែអះអាងទៅលើរបាយការណ៍របស់ខ្លួនដដែលថា វិស័យសំណង់នៅតែខ្លាំងដូចឆ្នាំមុនៗ។ ខ្លាំងដោយសារតែក្រសួងរៀបចំដែនដី បីខែឆ្នាំ២០១៩នេះ បានផ្តល់ការចុះបញ្ជីដល់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ដែលមានសុពលភាពចំនួន ៩៧៩ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ចំនួន ៤២ក្រុមហ៊ុន និងក្រុមហ៊ុនសាងសង់ជាង ៩០០ក្រុមហ៊ុន។
លោក ឡៅ ទិព្វ សីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នៅតែបញ្ជាក់អះអាងថា ជារួម វិស័យសំណង់ គិតរហូតមកពេលបច្ចុប្បន្ន នៅតែបង្ហាញទស្សនវិស័យមួយប្រកបដោយសុទិដ្ឋិនិយម ដោយបានឆ្លុះបញ្ចាំងឲ្យឃើញពីភាពវិជ្ជមាន នៃកត្តានយោបាយ សន្តិសុខ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលជាការទាក់ទាញដ៏សំខាន់សម្រាប់អ្នកវិនិយោគ។ ហើយនៅក្នុងរយៈពេលបីខែឆ្នាំនេះដែរ សំណង់លំនៅដ្ឋានមានចំនួន ៩៤២ គម្រោង ជាមួយនឹងទុនវិនិយោគ ជាង ៩៧៥លានដុល្លារ ដែលមានខ្នងផ្ទះសរុប ៣ពាន់២៧៣ខ្នង និងបើគិតចាប់តាំងពីឆ្នាំ២០០០ មកដល់រយៈពេលបីខែ ឆ្នាំ២០១៩ នេះ សំណង់លំនៅដ្ឋានអនុវត្តបានក្នុងរង្វង់ ៥២ភាគរយនៃតម្រូវការសរុប ១លាន១សែនខ្នងផ្ទះ។
ដោយឡែក សម្រាប់គម្រោងអគារខ្ពស់ៗវិញ នៅទូទាំងប្រទេសចាប់ពី៥ជាន់ឡើងទៅ គឺមានចំនួន ១ពាន់ ២១៣អគារ ក្នុងនោះខេត្តព្រះសីហនុ មាន ១៧២អគារ។ តាមការស្រាវជ្រាវកាលពីឆ្នាំ២០១៨ កន្លងមក ឃើញថា មានប្រជាពលរដ្ឋដែលជាជនបរទេសប្រមាណពី ៧០ភាគរយ ទៅ ៨០ភាគរយ កំពុងស្នាក់នៅក្នុងបុរីលំនៅដ្ឋាន អគារស្នាក់នៅរួម និងសំណង់អគារផ្សេងទៀត ដែលបានសាងសង់រួចរាល់ហើយនោះ។
របាយការណ៍សំណង់បានបង្ហាញទៀតថា ទុនវិនិយោគរបស់វិស័យឯកជនមកពីបរទេស ចំនួន ២១ប្រទេស គិតពីឆ្នាំ២០០០ រហូតដល់រយៈពេលបីខែ ឆ្នាំ២០១៩នេះ គឺមានគម្រោងវិនិយោគសរុបប្រមាណ ៣៩០គម្រោង ដែលមានទុនវិនិយោគជាង ៥ពាន់៦០០លានដុល្លារ។
សូមបញ្ជាក់ដែរថា បើតាមរបាយការណ៍ក្រសួងរៀបចំដែនដី បង្ហាញថា នៅឆ្នាំ២០១៨ តម្លៃទុនវិនិយោគលើវិស័យសំណង់មានការថយចុះប្រមាណជាង ១៨ភាគរយ ពោលគឺមានតម្លៃទុនវិនិយោគត្រឹមជាង ៥ពាន់លានដុល្លារ ខណៈឆ្នាំ២០១៧ តម្លៃទុនវិនិយោគមានរហូតជាង ៦ពាន់លានដុល្លារ៕