សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានពិភាក្សាអំពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ម៉ាឡេស៊ី ក្នុងទិដ្ឋភាពនយោបាយ, ពាណិជ្ជកម្ម,ការវិនិយោគ,ការអប់រំ,សន្តិសុខ,ថាមពល, ការងារ និងការទប់ស្កាត់ ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ។
យោងតាមខ្លឹមសារនៃជំនួបពិភាក្សា កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើសុំកិច្ចគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ី ដល់គម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ កាត់តាមប្រទេសថៃ និង ឆ្ពោះទៅប្រទេសសិង្ហបុរី ដែលត្រូវឆ្លងកាត់ព្រំដែនសមុទ្រម៉ាឡេស៊ី ។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋកម្មសាយប័រ (Cyber Crime)បង្កើនបន្ថែមទៀត នូវការធ្វើពាណិជ្ជកម្ម និង លើកទឹកចិត្តចំពោះការវិនិយោគពីប្រទេសម៉ាឡេស៊ី នៅកម្ពុជា ។
គួសបញ្ជាក់ថា នៅក្នុងជំនួបនេះ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៊ីម បានសម្តែងនូវការអបអរសាទរ ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ហើយភាគីម៉ាឡេស៊ី មានជំនឿថាទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ នឹងបន្តនិរន្តរភាពយ៉ាងល្អ និងរីកលូតលាស់បន្ថែមទៀត៕
អត្ថបទ៖ បូ ដូឡា