ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ថៃ

តើមហិច្ឆតាសម្រេចឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ១៥ពាន់លានដុល្លាររវាងកម្ពុជា-ថៃ នៅឆ្នាំ២០២៥ អាចសម្រេចដែរ ឬយ៉ាងណា?


គិតមកទល់ពេលនេះ គោលដៅកំណត់ជំរុញពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃឲ្យបានដល់ ១៥ពាន់លានដុល្លារក្នុងមួយឆ្នាំនោះ ដែលធ្លាប់បានកំណត់សម្រេចឲ្យបាននៅត្រឹមនៅឆ្នាំ២០២០នោះ នៅមិនទាន់សម្រេចបាននៅឡើយទេគិតមកទល់ពេលនេះ ប៉ុន្ដែ ប្រទេសទាំងពីរនៅតែចិញ្ចឹមចិត្ត និងបន្តជំរុញការងារបន្ថែមទៀត ដើម្បីសម្រេចគោលដៅទំហំពាណិជ្ជកម្ម១៥ពាន់លានដុល្លារនេះឲ្យបានៅត្រឹមឆ្នាំ២០២៥ខាងមុខ។ តើមហិច្ឆតានេះ នឹងអាចសម្រេចបាន ឬក៏មិនបាន?
តើមហិច្ឆតាសម្រេចឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ១៥ពាន់លានដុល្លាររវាងកម្ពុជា-ថៃ នៅឆ្នាំ២០២៥ អាចសម្រេចដែរ ឬយ៉ាងណា?
ដោយ

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមសិក្ខាសាលាស្តីពី ទិសដៅអនាគតនៃឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាឆ្នាំ២០២៣ នៅប្រទេសថៃ ដើម្បីផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច និងទស្សនវិស័យ ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក្រោយពីវិបត្តិកូវីដ-១៩។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំធ្វើការងារបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃឲ្យបានដល់ ១៥ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៥ ដែលកំណត់ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។

ជុំវិញនឹងការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងថៃនេះដែរ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ការជំរុញឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ ចំនួន ១៥ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៥ ពិតជាអាចសម្រេចបាននូវលទ្ធផលដែលភាគីទាំងពីរបានគ្រោងទុក ដោយសារតែទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរកាន់តែបង្ហាញនូវសញ្ញាណវិជ្ជមាន និងរឹងមាំគួរឲ្យកត់សម្គាល់។ បើតាមឧកញ៉ា លឹម ហេង ក្រៅពីជាប្រទេសដែលមានព្រំប្រទល់ជាមួយគ្នា កម្ពុជា និងថៃ ក៏ស្ថិតក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានតែមួយ ផងដែរ។ លើសពីនេះ នៅតាមបណ្ដាច្រកព្រំដែនផ្សេងៗរវាងកម្ពុជា និងថៃ ក៏បានចាប់ផ្ដើមសកម្មភាពឡើងវិញជាបណ្ដើរៗ ក្រោយមានភាពធូរស្បើយពីវិបត្តិកូវីដ១៩ ដែលអនុញ្ញាតឲ្យភាគីទាំងពីរ អាចដោះដូរពាណិជ្ជកម្មជាមួយគ្នាឡើងវិញបាន។ ផ្អែកលើកត្តាទាំងអស់នេះ គួបផ្សំ កិច្ចព្រមព្រៀងពាណិជ្ជកម្មនានា រវាងកម្ពុជា និងថៃ ឧកញ៉ា លឹម ហេង ជឿជាក់ថា នឹងកាន់តែធ្វើឲ្យទំហំពាណិជ្ជកម្មប្រទេសទាំងពីរកាន់តែកើនឡើង ថែមទាំងសម្រេចបាននូវចក្ខុវិស័យលើគោលការណ៍ជំរុញឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ ចំនួន ១៥ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៥ ទៀតផង។

យ៉ាងណាក៏ដោយចុះ បើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃនៅក្នុងឆ្នាំ២០២២ សម្រេចបានក្នុងទំហំទឹកប្រាក់សរុបប្រមាណ ៤ពាន់៦រយលានដុល្លារសហរដ្ឋអាម៉េរិក កើនឡើង ១៤% បើធៀបនឹងឆ្នាំ២០២១ ដែលវាហាក់នៅឆ្ងាយបើធៀបនឹងគោលដៅ ១៥ពាន់លានដុល្លារ ដែលគ្រោងសម្រេចឲ្យបាននៅត្រឹមរយៈពេល២ឆ្នាំខាងមុខនោះ។

ទោះជាបែបនេះក្ដី ឯកឧត្តមប៉ាន សូរស័ក្ដិ គូសបញ្ជាក់ថា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្ម កន្លងមក រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគំនិតផ្តួចផ្តើម និងវិធានការជាច្រើន រួមមាន៖ ច្បាប់ស្តីពីវិនិយោគថ្មី ច្បាប់ស្តីពីភាពជាដៃគូសាធារណៈនិងឯកជន (PPP), ច្បាប់វិសោធនកម្មស្តីពីសហគ្រាសពាណិជ្ជកម្ម, ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងយុទ្ធសាស្ត្រស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីជាដើម។ ចំពោះក្របខ័ណ្ឌអន្តរជាតិ ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងអាស៊ាន+១ បច្ចុប្បន្នកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ហើយក៏ជាភាគីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលបានធ្វើឱ្យកម្ពុជាមានទីផ្សារដ៏ធំសម្រាប់វិស័យធុរកិច្ច។ លើសពីនេះ កាលពីពេលថ្មីៗនេះ កម្ពុជាក៏បានបញ្ចប់ដោយជោគជ័យនូវការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) ផងដែរ៕




អត្ថបទបន្ទាប់


តើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប នឹងហុចផលសំខាន់អ្វីខ្លះសម្រាប់សេដ្ឋកិច្ច?

រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC)សិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដែលគ្រោងធ្វើឡើងក្នុងពេលឆ…

សមាគមម្រេចកំពត អំពាវនាវឱ្យកសិករកុំលក់ម្រេចក្នុងតម្លៃទាបពេក ខណៈក្រុមហ៊ុនមួយចំនួនស្នើឲ្យលក់បញ្ចុះតម្លៃ

ម្រេចកំពតដែលធ្លាប់តែរក្សាបាននូវតម្លៃទីផ្សារថេរមកអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ឥឡូវនេះកំពុងប្រឈមនឹងការរង្គោះរង្គើតម្លៃទីផ្សារលក់ចេញទៅក្រៅប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ