មន្ទីរពេទ្យក្នុងរដ្ឋធានីញូដេលី និងតំបន់ជាច្រើនទៀតហាក់ទប់លែងជាប់ហើយ ដោយក្រុមគ្រូពេទ្យបានចេញសេចក្តីជូនដំណឹងបន្ទាន់ដោយនិយាយថា ពួកគេមិនអាចទ្រាំទ្រនឹងអ្នកជំងឺដ៏ច្រើនលើសលុបបានទៀតទេ ព្រោះគ្មានលទ្ធភាពក្នុងការព្យាបាល បូករួមនឹងកង្វះខាត គ្រែ និងអុកស៊ីហ្សែនដ៏ច្រើនលើសលុប។
នៅក្នុងទីក្រុងមួយចំនួន ដែលរងគ្រោះខ្លាំង រួមមានរដ្ឋធានីញូវដេលីជាដើម សាកសពអ្នកដែលស្លាប់ដោយសារកូវីដ-១៩ មិនត្រូវបានគេបូជានៅតាមកន្លែងសមរម្យនោះទេ ដោយសពត្រូវបានដុតនៅតាមដីវាលទំនេរ បន្តបន្ទាប់គ្នាប៉ុណ្ណោះ សពខ្លះត្រូវដាក់តម្រួតលើគ្នា ដើម្បីបូជាថែមទៀតផង។
ដោយមើលឃើញពីស្ថានការណ៍យ៉ាប់យ៉ឺនកាន់តែខ្លាំងបែបនេះ រដ្ឋាភិបាលអាមេរិក រួមជាមួយនឹងប្រទេសជាច្រើនទៀត ដូចជា អូស្រ្តាលី ចិន អាល្លឺម៉ង់ បារាំង ប៉ាគីស្ថាន អារ៉ាប់រួម សិង្ហបុរី អង់គ្លេស ដែលមានខ្លះជាសម្ព័ន្ធមិត្តរបស់ឥណ្ឌា ខ្លះទៀតក៏ជាដៃគូប្រកួតប្រជែងនឹងឥណ្ឌាផងនោះ បានបែរមកពួតដៃគ្នាប្រកាសថា ខ្លួននឹងគាំទ្រដល់រដ្ឋាភិបាល និងបុគ្គលិកសុខាភិបាលឥណ្ឌា ក្នុងការទប់ទល់នឹងវិបត្តិមេរោគឆ្លងក៏កាចសាហាវជាសកលមួយនេះ។ នេះយោងតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មាន Reuters ដដែល។
ប្រទេសដែលបានរៀបរាប់ខាងលើ សុទ្ធតែបានសន្យាថា ខ្លួននឹងជួយផ្តល់សម្ភារ និងបរិក្ខារពេទ្យ ជាពិសេសគ្រែ បំពុងអ៊ុកស៊ីហ្សែន ឧបករណ៍ផលិតអ៊ុកស៊ីហ្សែន និងម៉ាស៊ីនជំនួយដង្ហើម ដែលកំពុងខ្វះខាតខ្លាំងទៅឲ្យឥណ្ឌា ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងរលកឆ្លងលើកនេះ។ គួរបញ្ជាក់ថា មានប្រទេសមួយចំនួនបានផ្តើមដឹកជញ្ជូនជំនួយនានា តាមលទ្ធភាពរបស់ខ្លួន ទៅឲ្យឥណ្ឌារួចហើយ ដោយគេរំពឹងថាវានឹងទៅដល់ឥណ្ឌាក្នុងសប្តាហ៍នេះ។
គួរជម្រាបថា រដ្ឋាភិបាលឥណ្ឌាកាលពីយប់ថ្ងៃអាទិត្យសប្តាហ៍មុន បានសម្រេចពន្យារពេលបិទខ្ទប់រដ្ឋធានីញូដេលីបន្តមួយសប្តាហ៍ទៀត ក្រោយពីបានបិទខ្ទប់អស់មួយសប្តាហ៍មកហើយប៉ុន្តែស្ថានការណ៍មិនបានធូរស្រាល។
សូមបញ្ជាក់ថា ឥណ្ឌាជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី២ក្នុងលោក ជាមួយនឹងចំនួនប្រមាណ ១ពាន់៣រយលាននាក់ ហើយឥណ្ឌាក៏ជាប្រទេសដែលរងគ្រោះខ្លាំងលំដាប់ទី២ដូចគ្នាដោយសារកូវីដ-១៩ បន្ទាប់ពីអាមេរិក។ គិតមកត្រឹមថ្ងៃច័ន្ទសប្តាហ៍នេះ ឥណ្ឌាមានអ្នកឆ្លងកូវីដ-១៩សរុប លើសចំនួនប្រជាជនរបស់កម្ពុជាមួយប្រទេសទៅទៀត ពោលគឺមានដល់ជាង ១៧លាននាក់ទៅហើយ ស្របពេលដែលអ្នកស្លាប់សរុបមានជិត ២០ម៉ឺននាក់៕