ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិន នៅសប្ដាហ៍នេះបានទាក់ទងទៅរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ស្នើសុំឲ្យដកមន្ត្រីទូត និងក្រុមសាររបស់ពូកគេត្រឡប់ទៅវិញខ្លះ ក្រោយអាជ្ញាធរចិនចាប់ផ្តើមរឹតត្បិតវិធានការកូវីដ១៩កាន់តែខ្លាំងទៅៗ មុនពេលព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងចូលមកដល់ ក្នុងពេលតិចជាង២សប្តាហ៍ទៀត។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ មន្ត្រីទូតមួយចំនួនមិនសប្បាយចិត្តទាល់តែសោះ។ មិនសប្បាយចិត្ត គឺនៅត្រង់ថា រដ្ឋាភិបាលអាមេរិក អសមត្ថភាពក្នុងការសម្របសម្រួលជាមួយអាជ្ញាធរចិន ឲ្យបន្ធូរបន្ថយការរឹតត្បិតកូវីដ១៩មកលើពួកគេ។
ជុំវិញបញ្ហានេះ ក្រសួងការបរទេសអាមេរិក បានអះអាងថា ដំណើរការការងារនៅក្នុងស្ថានទូត និងស្ថានកុងស៊ុលអាមេរិកទាំងអស់ក្នុងប្រទេសចិន គឺនៅប្រតិបត្តិការធម្មតា ពុំមានការផ្លាស់ប្តូរឡើយ ហើយបើមានការផ្លាស់ប្តូរណាមួយមែន ក៏ត្រូវតែផ្អែកនៅលើស្ថានភាព សុខភាព និងសុវត្ថិភាពរបស់មន្ត្រី និងសមាជិកគ្រួសាររបស់ពួកគេតែប៉ុណ្ណោះ។
ដោយឡែក ក្រសួងការបរទេសចិនមិនបានឆ្លើយតបនឹងសំណើសុំការបំភ្លឺពីអ្នកសារព័ត៌មានឡើយ ទាក់ទិននឹងបញ្ហានេះ។
ប្រភពស្និទ្ធនឹងបញ្ហាខាងលើ បានប្រាប់រ៉យទ័រទៀតថា ការស្ទង់មតិផ្ទៃក្នុងនៅស្ថានទូតអាមេរិកបង្ហាញថា មានបុគ្គលិក និងក្រុមគ្រួសារបុគ្គលិកប្រមាណ២៥% ជ្រើសរើសចង់ចាកចេញពីប្រទេសចិនឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។
គួរជម្រាបថា នៅគ្រាដែលមានការរាតត្បាតកូវីដ១៩ដំបូង រដ្ឋាភិបាលសហរដ្ឋអាមេរិកបានជម្លៀសអ្នកការទូតអាមេរិក និងសមាជិកគ្រួសារប្រហែល ១.៣០០នាក់ពីប្រទេសចិន ហើយរដ្ឋាភិបាលទាំងពីរនៅតែស្ថិតក្នុងភាពជាប់គាំងអស់ជាច្រើនខែជុំវិញនីតិវិធី ក្នុងការធ្វើតេស្តរកកូវីដ១៩ និងគោលការណ៍ដាក់ឱ្យនៅដាច់ដោយឡែក សម្រាប់មន្ត្រីទូត។ ប្រការទាំងនេះកន្លងមកបានបង្កការលំបាក ដល់មន្ត្រីទូតរបស់អាមេរិក និងធ្វើឲ្យមានការថ្នាំថ្នាក់ចិត្តដាក់គ្នាជាបន្តបន្ទាប់។
បច្ចុប្បន្ន ប្រទេសចិនបានបង្កើនវិធានការទប់ស្កាត់ការរីករាលដាលកូវីដ១៩បន្ថែមទៀត ស្របពេលដែលការបើកកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ក្នុងថ្ងៃទី៤ខែកុម្ភៈ ខិតជិតមកដល់ ទោះបីជាការផ្ទុះឡើងនៃមេរោគនៅតែបន្តកើតមាននៅក្នុងទីក្រុងប៉េកាំងក៏ដោយ។ អាជ្ញាធរក្រុងប៉េកាំង នៅថ្ងៃអង្គារសប្តាហ៍នេះ បានបើកយុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំលើពលរដ្ឋប្រមាណ ២លាននាក់ ក្រោយរកឃើញករណីឆ្លងកូវីដ១៩ជាបន្តបន្ទាប់ ដោយក្នុងនោះរួមមានមេរោគអូមីក្រុងផងដែរ៕