ស្របពេលដែល ក្រុមហ៊ុន Merck កំពុងស្វែងរកការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់សម្រាប់ថ្នាំគ្រាប់របស់ខ្លួនដែលទើបផលិតបាននេះ ក៏មានបណ្ដាប្រទេសអ្នកមានជាច្រើនក៏កំពុងកក់ទិញថ្នាំនេះពីក្រុមហ៊ុន Merck ជាបណ្ដើរៗហើយដែរ។ ប្រការនេះ កំពុងធ្វើឲ្យគេបារម្ភអំពីវិសមភាពក្នុងការបែងចែកថ្នាំគ្រាប់ព្យាបាលជំងឹកូវី ដល់ប្រទេសក្រីក្រ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Merck បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងពិភាក្សាអំពីការពង្រីកអាជ្ញាបណ្ណសម្រាប់ផលិតថ្នាំគ្រាប់ប្រភេទនេះ ដើម្បីបង្កើនការផ្គត់ផ្គង់ដែលធានាឲ្យបាននូវគុណភាព និងគ្រប់គ្រាន់ដើម្បីបំពេញតាមតម្រូវការបញ្ជាទិញនៅទូទាំងពិភពលោក។
ក្រុមហ៊ុនផលិតឱសថរបស់អាមេរិកមួយនេះ កាលពីថ្ងៃទី១១ខែតុលានេះ ក៏ទើបតែបានដាក់ពាក្យទៅកាន់រដ្ឋាភិបាលអាមេរិក ដើម្បីទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់នូវឱសថគ្រាប់ព្យាបាលកូវីដ១៩នេះនៅអាមេរិកផងដែរ បន្ទាប់ពីក្រុមហ៊ុនបានធ្វើការសាកល្បងជោគជ័យ ដោយរកឃើញថា ប្រសិទ្ធភាពរបស់វាអាចកាត់បន្ថយការធ្លាក់ខ្លួនឈឺ និងស្លាប់ដោយសារកូវីដ១៩ ដល់៥០%។ ក្រុមហ៊ុនរំពឹងថា នឹងទទួលបានការផ្ដល់ការអនុញ្ញាតឲ្យប្រើប្រាស់ពីរដ្ឋាភិបាលអាមេរិកនៅខែធ្នូខាងមុខនេះ។
បើទោះបីជាមិនទាន់បានទទួលអាជ្ញាបណ្ណឲ្យប្រើប្រាស់បន្ទាន់នៅអាមេរិកក៏ដោយ ប៉ុន្ដែ ក្រុមហ៊ុន Merck បានផ្ដល់កិច្ចព្រមព្រៀងអាជ្ញាបណ្ណជាមួយក្រុមហ៊ុនផលិតឱសថរបស់ឥណ្ឌាចំនួន ៨ រួចហើយ ដែលនឹងអនុញ្ញាតឱ្យមានការផលិតក្នុងតម្លៃទាបសម្រាប់លក់ជូនប្រទេសដែលមានចំណូលទាប និង មធ្យមចំនួន ១០៩ ប្រទេសរួមទាំងនៅទ្វីបអាហ្វ្រិកផងដែរ។
ទន្ទឹមនេះ អង្គការបណ្ដុំប៉ាតង់ឱសថ (MPP) ដែលជាអង្គការសុខភាពសាធារណៈដែលគាំទ្រដោយអង្គការសហប្រជាជាតិក៏មានក្រុមហ៊ុនចំនួន ២៤ បានចុះឈ្មោះ ហើយមានឆន្ទៈផលិតថ្នាំគ្រាប់ព្យាបាលកូវីដ១៩នេះ ប្រសិនបើក្រុមហ៊ុន Merck យល់ព្រមពង្រីកអាជ្ញាបណ្ណបន្ថែមឲ្យពួកគេ។
ក្រៅពីក្រុមហ៊ុនទាំងនេះ រដ្ឋាភិបាលប្រទេសអូស្ត្រាលី កូរ៉េខាងត្បូង ថៃ តៃវ៉ាន់ សិង្ហបុរី និង ម៉ាឡេស៊ី បាននិយាយថា ពួកគេមានកិច្ចព្រមព្រៀងរួចហើយហើយក៏កំពុងចរចាកិច្ចសន្យាផ្គត់ផ្គង់ជាមួយក្រុមហ៊ុន Merck ផងដែរ។ ដោយឡែកសហភាពអឺរ៉ុបកំពុងពិចារណាទិញថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ ១៩ នេះ បន្ទាប់ពីក្រុមហ៊ុន Merck ដាក់ពាក្យសុំការអនុញ្ញាតនៅអឺរ៉ុប។ សូមជម្រាបថា នៅក្នុងឆ្នាំនេះក្រុមហ៊ុន Merck គ្រោងផលិតថ្នាំព្យាបាលកូវីដចំនួន ១០ លានកញ្ចប់ ដោយមួយកញ្ចប់មានរយៈពេលប្រើប្រាស់បាន ៥ ថ្ងៃ ហើយត្រូវលេបពីរដងក្នុងមួយថ្ងៃ ព្រមទាំងគ្រោងផលិតបន្ថែម ២០ លានកញ្ចប់ទៀតនៅឆ្នាំក្រោយ។ ក្នុងនោះ សហរដ្ឋអាមេរិកបានកក់ទិញ ១លាន៧សែនកញ្ចប់រួចទៅហើយ និងបន្ដកក់ ៣លាន៥សែនកញ្ចប់បន្ថែមទៀតនៅខែមករាឆ្នាំ ២០២៣ ដោយក្នុងតម្លៃប្រហែល ៧០០ ដុល្លារក្នុងមួយកញ្ចប់៕
អត្ថបទ៖ ស៊ើង និមល់