ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ កំពុងមើលឃើញថាពីការដួលរលំនៃតម្រូវការ ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ បន្ទាប់ពីមានការផ្ទុះរាលដាលនៃមេរោគ Covid-19 និងបានធ្វើឲ្យការងារនៅទូទាំងអាស៊ីប្រឈមនឹងហានិភ័យ។
លោក ស្ដាលី ហ្សេតតូ ប្រធាននាយកប្រិតបត្តិនៃក្រុមហ៊ុន Lever Style ដែលជាក្រុមហ៊ុនផលិតផលិតផលសម្លៀកបំពាក់ មានមូលដ្ឋាននៅហុងកុង បានលើកឡើង នៅក្នុងកិច្ចសម្ភាសន៍ ជាមួយនឹងសារព័ត៌មាន CNBC ថា នៅក្នុងឧស្សាហកម្មកាត់ដេរទាំងមូល រួមមាន ហាងលក់សម្លៀកជាច្រើនត្រូវបានបិទទ្វារ ក្រុមហ៊ុនម៉ាកយីហោ និងអ្នកលក់រាយ ឥឡូវវនេះ កំពុងមានស្ថានភាពផ្គត់ផ្គង់លើសតម្រូវការ ជាមួយនឹងគ្រប់ការបញ្ជាទិញដែលពួកគេបានដាក់រួច។ ពួកគេមានការភ័យខ្លាចថា ពួកគេអាចនឹងមិនអាចលក់ផលិតផលទាំងនេះបានទេ ដូច្នេះហើយ ជាការពិតពួកគេកំពុងលុបចោលការបញ្ជាទិញ ឬពន្យារពេលដឹកជញ្ជូនទំនិញដែលបានបញ្ជាទិញរួចទាំងនោះ។
អាស៊ី គឺជាទីតាំងដ៏សំខាន់សម្រាប់ការផលិតសម្លៀកបំពាក់ និងមានការងារជាច្រើននៅក្នុងតំបន់នេះ នឹងត្រូវប្រឈមនឹងហានិភ័យ។ ក្នុងនោះ សក្ដានុពលដែលអាចធ្វើឲ្យមានបញ្ហាសង្គម អាចមាននៅក្នុងប្រទេសដូចជា បង់ក្លាដេស កម្ពុជា និងប្រទេសចិន ដែលប្រទេសទាំងនេះ ពឹងផ្អែកលើសេដ្ឋកិច្ចនាំចេញ។ នេះបើតាមការគូសបញ្ជាក់របស់ លោក ហ្សេតតូ។
អ្នកជំនាញរូបនេះ បញ្ជាក់ថា មានរោងចក្រនៅអាស៊ីច្រើនណាស់ កំពុងជួបនឹងបញ្ហាពាក់ព័ន្ធនឹងការលែងមានការបញ្ជាទិញបន្ដទៀត នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ។
បង់ក្លាដេស ជាឧទាហរណ៍ស្រាប់ គឺបានរងផលប៉ះបាល់ នៃការបញ្ជាទិញ ក្នុងតម្លៃ ២៦០០ លានដុល្លារអាមេរិក ដោយសារតែមានការដកចេញការបញ្ជាទិញ ហើយការលុបចោលការកម្ម៉ង់ទិញថ្មីៗ នឹងមានកាន់តែច្រើនថែមទៀត នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបង់ក្លាដេស បានអះអាងប្រាប់សារព័ត៌មាន CNBC។
បង់ក្លាដេស គឺជាប្រទេសនាំចេញសម្លៀកបំពាក់ធំបំផុតទី២ របស់ពិភពលោក បន្ទាប់ពីប្រទេសចិន នេះបើតាមការចាត់ចំណាត់ថ្នាក់របស់ភ្នាក់ងារ Moody’s។
មានរោងចក្រកាត់ដេរ ជាង ៤៦០០ រោងចក្រនៅបង់ក្លាដេស មានផលិតអាវ អាវយឺត អាវធំ អាវរងារ និងខោ ហើយផលិតផលសម្លៀកបំពាក់ទាំងនោះ គឺនាំចេញទៅអឺរ៉ុប អាមេរិក និងកាណាដា ដើម្បីលក់បន្ដដោយអ្នកលក់រាយក្នុងស្រុកនៃប្រទេសទាំងអស់នោះ។
លោកស្រី រ៉ូបាណា ហូក ប្រធានសមាគមអ្នកផលិត និងនាំចេញសម្លៀកបំពាក់បង់ក្លាដេស បានបញ្ជាក់ថា «វាជារឿងលំបាកខ្លាំងណាស់ ក្នុងការប្រឈមុខនឹងស្ថានភាពអាសន្នទាំងនេះ ព្រោះថាយើងបាននិងកំពុងប្រឈមនឹងការលុបចោលការកម្ម៉ង់ជារៀងរាល់ថ្ងៃ សឹងតែរៀងរាល់មួយនាទីម្ដងទៅហើយ។»
បើតាមសមាគអ្នកផលិត និងនាំចេញសម្លៀកបំពាក់បង់ក្លាសដេស ការនាំចេញផលិតផលសម្លៀកបំពាក់របស់ប្រទេសបង់ក្លាដេស គឺមានទំហំជាង ៨៤% នៃការនាំចេញទំនិញសរុប ដែលមានទំហំជាទឹកប្រាក់ប្រមាណជាង ៤០ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំសារពើពន្ធ២០១៨-២០១៩។
លោកស្រី ហូក បានបញ្ជាក់ទៀតថា រោងចក្រនៅបង់ក្លាដេស បានដាក់ឯកសារទៅអ្នកបញ្ជាទិញ ដើម្បីទទួលបានការទូទាត់ ហើយប្រសិនបើរោងចក្រមិនទទួលបានការទូទាត់ទេ នោះ ពួកគេនឹងពិតជាមិនមានអ្វីដើម្បីបើកប្រាក់ខែជូនកម្មករនោះឡើយ ខណៈដែលមានធ្វើការនៅក្នុងវិស័យកាត់ដេរនេះ ប្រមាណជាង៤លាននាក់។
មិនខុសអ្វីពីបង់ក្លាដេសនោះទេ សម្រាប់កម្ពុជាវិញ បើតាម លោកកាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលបានអះអាងកាលពីពេលថ្មីៗនេះថា មានអ្នកបញ្ជាទិញពីអាមេរិក និងអឺរ៉ុប ប្រហែល ៨០% ទៅហើយបានប្រាប់ឲ្យរោងចក្រនៅកម្ពុជាផ្អាកផលិតកម្ម និងបានស្នើឲ្យមានការពន្យារពេលក្នុងទទួលយកទំនិញពីកម្ពុជាតាមកិច្ចសន្យារ។ លោក កាំង ម៉ូនីកា បន្ថែមទៀតថា អ្នកបញ្ជាទិញ ក៏បានបានលុបចោលការកម្ម៉ង់ទិញសម្រាប់រយៈពេល ២ ទៅ៣ខែខាងមុខទៀតផងដែរ ដែលធ្វើឲ្យរោងចក្រកាត់ដេរ កាន់តែត្រូវប្រឈមនឹងការលំបាកកាន់តែខ្លាំង។
ទោះជាយ៉ាងនេះក្ដី សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានស្នើឲ្យអ្នកបញ្ជាទិញទាំងនោះ ឲ្យទូទាត់ប្រាក់សម្រាប់ការកម្ម៉ង់ចាស់ៗរបស់ពួកគេ តាមកិច្ចសន្យា បើមិនដូច្នេះ រោងចក្រកាត់ដេរនៅកម្ពុជា នឹងត្រូវប្រឈមនឹងបញ្ហាកង្វះសាច់ប្រាក់ដើម្បីបើកប្រាក់ខែជូនកម្មករជាក់ជាមិនខានឡើយ។
លោក កាំង ម៉ូនីកា សង្ងត់ធ្ងន់យ៉ាងដូច្នេះ «ទោះបីជាឲ្យយើងពន្យារពេល ឬយ៉ាងណាក៏ដោយចុះ តែយើងស្នើឲ្យគាត់គិតគូអំពីការទូទាត់… ស្របទៅតាមកិច្ចសន្យា ដើម្បីធ្វើយ៉ាងណាឲ្យរោងចក្រទទួលបានប្រាក់ចំណូលសម្រាប់បើកប្រាក់បៀវត្សរ៍ជូនកម្មករ។ យើងដឹងហើយនៅក្នុងការធ្វើជំនួញ លំហូរសាច់ប្រាក់មានសារសំខាន់ខ្លាំងណាស់ ក្រុមហ៊ុនណាក៏ដូចក្រុមហ៊ុនណាដែរ គឺផ្ដោតខ្លាំងបំផុតទៅលើលំហូរសាច់ប្រាក់នេះឯង។ អញ្ចឹងហើយបើគ្មានលំហូរសាច់ប្រាក់ទេគឺរោងចក្រក៏ដូចជាក្រុមហ៊ុនផ្សេងៗដែរ គឺមិនអាចបន្តប្រតិបត្តិការបានទេ។»
បើតាមការបញ្ជាក់របស់ លោក កាំង ម៉ូនីកា គិតត្រឹមថ្ងៃទី ២៦ មីនា រោងចក្រដែលបានផ្អាកប្រតិបត្តិការផលិតជាបណ្ដោះអាសន្នមានចំនួន ៥៥ រោងចក្រ ដែលប៉ះពាល់ដល់ការងារកម្មករប្រមាណ ៣ម៉ឺននាក់។
នៅប្រទេសវៀតណាមឯណោះវិញ វិស័យវាយនភណ្ឌ កាត់ដេរនេះ ក៏កំពុងប្រឈមនឹងបញ្ហាមិនខុសពីប្រទេសបង់ក្លាដេស និងកម្ពុជានោះទេ ពោលគឺកំពុងប្រឈមនឹងបញ្ហាលុបចោលការបញ្ជាទិញកាន់តែច្រើនឡើងដូចគ្នាដែរ។ បើតាមបណ្ដុំវាយនភណ្ឌ និងកាត់ដេរជាតិវៀតណាម បានឲ្យដឹងថា ការីករាលដាលនៃមេរោគ Covid-19 អាចនឹងធ្វើឲ្យវិស័យឧស្សាហកម្មវាយនភណ្ឌវៀតណាម ត្រូវបាត់បង់ចំណូលយ៉ាងហោចណស់ ៤៧៣ លានដុល្លារអាមេរិក និងមានកម្មកររាប់លាននាក់ ត្រូវបាត់បង់ការងារ។
ការព្យាករនេះ គឺដោយផ្អែកលើការសន្និដ្ឋាន បញ្ហាការរីករាលដាលនៃ Covid-19 អាចគ្រប់គ្រងបាន នៅក្នុងខែឧសភា ហើយសេដ្ឋកិច្ចសកលចាប់ផ្ដើមប្រសើរឡើងវិញនៅក្នុងខែមិថុនា។
ឧស្សាហកម្មវាយនភណ្ឌវៀតណាម គឺជាទំនិញនាំចេញមានតម្លៃធំបំផុតទី៣ របស់វៀតណាម ។
ស្ថានប័នជំនាញរបស់វៀតណាមខាងលើនេះ បាននិយាយថា ការលុបចោលកិច្ចសន្យាបញ្ជាទិញនឹងធ្វើឲ្យចំណូលប្រចាំឆ្នាំរបស់រោងចក្រផលិតត្រូវបាត់បង់ ហើយការងារនឹងកម្មករនឹងត្រូវបានកាត់ប្រមាណ ៣០ ទៅ៥០ ភាគរយ នៃកម្មករសរុប ក្នុងវិស័យនេះមានប្រមាណ ២,៨លាននាក់ នៅក្នុងរយៈពេល ២ខែខាងមុខនេះ។
សូមបញ្ជាក់ថា បច្ចុប្បន្ន មានប្រហែល ៦៨០០ អាជីវកម្មវាយនភណ្ឌនៅវៀតណាម។ កាលពីឆ្នាំ២០១៩ ពួកគេបាននាំចេញ ទំនិញតម្លៃជាទឹកប្រាក់ ជិត ៣៣ ពាន់លានដុល្លារអាមេរិក មានកំណើន៧,៨% ធៀបនឹងឆ្នាំ២០១៨។ សហរដ្ឋអាមេរិក អឺរ៉ុប និងជប៉ុន គឺជាអ្នកបញ្ជាទិញធំបំផុតនៃវិស័យវាយនភណ្ឌវៀតណាម។ នេះបើយោងតាមរបាយការណ៍ពីគយវៀតណាម៕